ធនាគារពិភពលោក បាន​អនុម័តលើ​ជំនួយមានទឹក​ប្រាក់​ចំនួន ១៦៩​លានដុល្លារអាមេរិក ជាកញ្ចប់ហិរញ្ញប្បទានថ្មីដល់​គម្រោងការគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិ​អាស៊ីអាគ្នេយ៍ នៅកម្ពុជា ដំណាក់កាលទី២ សម្រាប់បង្កើនភាពធន់នៃបណ្តាញផ្លូវជនបទទៅនឹងគ្រោះធម្មជាតិ ​និងកត្តា​​អាកាសធាតុ និងសម្រាប់លើកកម្ពស់សមត្ថភាពរបស់រដ្ឋាភិបាល​ក្នុងការទ្រទ្រង់ដល់ការងារ​សុវត្ថិភាព​ផ្លូវ និង​ភាព​ធន់​ទៅនឹងកត្តាអាកាសធាតុ។

គម្រោងនេះជួយដល់ការសាងសង់​ផ្លូវ និង​ស្ពាន​នៅតាម​តំបន់​រងការជន់លិចទឹក និងជួយ​បង្កើន​សមត្ថភាព​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​ឆ្លើយតបទៅនឹងគ្រោះធម្មជាតិបង្កដោយ​អាកាសធាតុ។ គម្រោងនេះនឹងនាំអត្ថប្រយោជន៍​ដល់​ប្រជាជន​ចំនួន​ប្រហែល ៥,៥​លាននាក់​ ក្នុង​នោះ ៥២​ភាគរយជា​ស្ត្រី នៅ​ក្នុង​ខេត្ត​ចំនួន​ប្រាំពីរ និង​ដល់​អ្នក​​ដែល​ប្រើ​ប្រាស់​បណ្តាញផ្លូវទាំងនេះ។ មន្រ្តីរាជរដ្ឋាភិបាល​ ភាគច្រើនមក​ពីក្រសួង​អភិវឌ្ឍន៍​ជន​បទ នឹង​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​តាម​រយៈគម្រោងនេះ អំពី​ការ​គ្រប់​គ្រងហានិភ័យ​គ្រោះ​ធម្មជាតិ, ការ​បន្ស៊ាំទៅនឹងការប្រែប្រួល​អាកាសធាតុ និង​ការ​វាយតម្លៃ​តម្រូវការ​ក្រោយ​មានគ្រោះធម្មជាតិ។

លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖ “ជាមួយ​នឹង​ការ​ប្តេជ្ញាចិត្ត​មុះមុត​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​នៃរាជរដ្ឋា​ភិបាល​កម្ពុជា គម្រោង​នេះ​នឹង​ជួយធ្វើ​យ៉ាង​ណា​ឱ្យ​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវជនបទ​ឱ្យ​នៅមានភាពរឹងមាំ និងធន់​ទៅនឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ ហើយ​ទន្ទឹមគ្នានោះជួយការ​ពារ​ផងដែរដល់ប្រជាជនងាយរ​ងគ្រោះ​ពីហេតុការណ៍គ្រោះធម្មជាតិ​ដែលគ្មាន​អ្នក​ណា​អាច​ដឹងមុន”។

កម្ពុជា​ជា​ប្រទេសមួយដែលងាយរងគ្រោះណាស់ពីផលប៉ះពាល់​អវិជ្ជមាន​នានា ​ដែលបណ្តាល​មក​ពីការ​ប្រែ​ប្រួលអា​កាស​ធាតុ ក្នុង​នោះ​មាន​ជា​ពិសេស​ ទឹកជំនន់ និងភាព​រាំងស្ងួត ហើយ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ជន​បទ​ក៏​ងាយ​រង​គ្រោះ​ខ្លាំង​ណាស់​ដែរ​ពី​ហានិភ័យ​នៃ​គ្រោះធម្មជាតិបង្ក​ដោយអាកាសធាតុ។ បណ្តាញ​ផ្លូវ​ជន​បទ​មាន​ភាព​ចាំបាច់​ខ្លាំង​ណាស់​សម្រាប់​ជីវ​ភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​សហគមន៍ជនបទ ហើយ​ការ​ខូច​ខាតផ្នែក​នានា​នៅ​លើ​បណ្តាញ​ផ្លូវ​អាច​ធ្វើ​ឱ្យជីវភាព​គ្រួសារជនបទ​ជួបការលំបាក និង​បង្ក​ឧបសគ្គដល់​លទ្ធភាព​ទទួល​បាន​សេវា​សាធារណៈ​ជា​មូលដ្ឋាន​នានា មាន​ដូច​ជា​ទីផ្សារ, សាលារៀន និង​មន្ទីរពេទ្យ។ ការខូចខាតយ៉ាងដំណំដោយសារ​ទឹកជំនន់ក្នុងឆ្នាំ​២០២០ បានគូសបញ្ជាក់ច្បាស់អំពីសេចក្តីត្រូវការ​របស់​កម្ពុជាឱ្យ​មានការវិនិយោគបន្ថែមទៀត​ ទៅលើ​ការ​គ្រប់​គ្រង​ហានិភ័យ​គ្រោះ​ធម្មជាតិ និង​ស្ថានភាពងាយរងគ្រោះ​របស់​ហេដ្ឋា​រចនាសម្ព័ន្ធផ្លូវសំខាន់ៗ។

គម្រោងនេះនឹងត្រូវបានអនុវត្តដោយក្រសួង​អភិវឌ្ឍន៍ជនបទ ដែល​បាន​ដើរតួសកម្ម​នៅ​ក្នុង​ការ​បង្កើនភាពធន់​របស់​ការ​សាងសង់ និង​របស់​ស្តង់ដាថែទាំផ្លូវ។ គម្រោងនេះនឹងបន្តធ្វើពីដំណាក់​កាលទី១នៃគម្រោងគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិ​អាស៊ីអាគ្នេយ៍ នៅ​កម្ពុជា ដោយផ្តោតសំខាន់លើ​ការពង្រីក​បណ្តាញតភ្ជាប់ផ្លូវជនបទដែលធន់នឹងក​ត្តា​អា​កាស​ធាតុ និង​លើ​ការ​ពង្រឹក​ការរៀបចំផែនការហិរញ្ញវត្ថុ​របស់​ក្រសួង​អភិវឌ្ឍន៍​ជន​បទសម្រាប់ទ្រទ្រង់​ភាព​ធន់​នឹង​គ្រោះ​ធម្ម​ជាតិ។ ​ ​

​ការ​ធានា​ឱ្យ​បាន​នូវ​ភាពធន់​របស់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ជន​បទ ជាអាទិភាព​មួយ​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ​ស្រប​តាម​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជនបទ​កម្ពុជា និង​ផែន​ការ​សកម្ម​ភាព​ឆ្នាំ​២០១៩-២០២៣ ដែលបានកំណត់ថា ការ​បង្កើន​គុណភាព និង​ភាពធន់​របស់​បណ្តាញផ្លូវជនបទ ជា​កម្មវិធីមួយ​ក្នុង​ចំណោម​កម្មវិធី​អាទិភាព​ទាំង​បួន​របស់​ខ្លួន។

កញ្ចប់ហិរញ្ញប្បទានថ្មី​នឹង​ពង្រឹង​សមត្ថភាព​របស់​ក្រសួងក្នុង​ការ​ត្រៀមលក្ខណៈ, ការ​ឆ្លើយ​តប និង​ក្នុង​ការ​ស្តារ​ស្ថាន​ភាព​​ក្រោយមាន​​គ្រោះធម្មជាតិ និង​ក្នុង​ការ​ទ្រទ្រង់​ដល់​ការ​រៀបចំផែនការទុកជាមុន​ និង​ដល់​ការ​គ្រប់​គ្រង​ហានិភ័យ​ទឹក​ជំនន់​នៅ​ក្នុង​តំបន់​ទន្លេសាប ដែល​រង​ការ​ខូច​ខាត​ខ្លាំង​ពី​ទឹក​ជំនន់​ក្នុង​ឆ្នាំ​២០២០។ ជំនួយហិញ្ញប្បទាន​ថ្មី​នេះ​ក៏​នឹង​ជួយ​ពង្រឹងថែមទៀតដែរនូវ​សមត្ថភាព​ផ្នែក​រៀបចំចាត់ចែង និង​បច្ចេកទេស​របស់​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ នៅ​ក្នុង​ការ​អនុវត្ត​គម្រោងនេះ។

ថវិកានេះ គឺជា​ឥណទានពីសមាគមអភិវឌ្ឍន៍​អន្តរជាតិនៃធនាគារពិភពលោក ហើយក៏មានជំនួយទឹកប្រាក់ចំនួន ៤៥០ ០០០ដុល្លារអាមេរិកទៀត​ ពីកម្មវិធីរួមគ្នារវាងប្រទេសជប៉ុន​និង​ធនាគារពិភពលោក​សម្រាប់​បញ្ជ្រាប​ការ​គ្រប់​គ្រងហានិ​ភ័យ​​គ្រោះ​ធម្ម​ជាតិ​នៅ​តាម​ប្រទេស​កំពុងអភិវឌ្ឍន៍​ (Japan-Bank Program for Mainstreaming DRM in Developing Countries) ដែលកម្មវិធី​នេះ​ទទួល​ថវិកា​ពី​រដ្ឋា​ភិបាលជប៉ុន និង​គ្រប់​គ្រង​ដោយ​មូលនិធិ​សាកល​សម្រាប់​កាត់បន្ថយ​និង​ស្តារឡើងវិញពីគ្រោះធម្មជាតិ។ កម្ពុជា​នឹង​រួមចំណែក​ថវិកា​បដិភាគ​ចំនួន​ ២លាន​ដុល្លារ​អាមេរិក ទៅក្នុង​កញ្ចប់​ហិរញ្ញប្បទានថ្មីនេះ៕

Share.