ក្នុងសារពិសេសផ្ញើជូនជនរួមជាតិពាក់ព័ន្ធនឹងការគ្រប់គ្រងបឹងទន្លេសាប សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឱ្យអាជ្ញាធរបឹងទន្លេសាប សហការជាមួយក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តជុំវិញបឹងទន្លេសាប ពិនិត្យមើលកន្លែងចាំបាច់ក្នុងបឹងទន្លេសាបដែលតម្រូវឱ្យមានការប៊ូមស្ដារឡើងវិញ។

សម្ដេចបន្ថែមក្នុងន័យដើមថា«រៀងរាល់ឆ្នាំ ដីល្បាប់ហូរចូលទៅជាមួយនឹងការធ្លាក់ចុះស្លឹកឈើ ធ្វើឱ្យបឹងទន្លេសាបគោករាក់ពីមួយថ្ងៃទៅមួយថ្ងៃ ម្ខាងទៀតគឺធម្មតាខែវស្សាទឹកតែងនាំដីល្បាប់ចាក់ចូលក្នុងទន្លេសាប តែម្ខាងទៀតតំបន់ទន្លេសាបមានព្រៃ ស្លឹកឈើទាំងឡាយធ្លាក់ចូលមក ធ្វើឱ្យទន្លេសាបកាន់តែរាក់ទៅៗ អ៊ីចឹងកំដៅទឹកទន្លេសាបយើងកាន់តែកើនឡើង នាំឱ្យលំបាកដល់ការអភិរក្សពូជត្រី»។

ពាក់ព័ន្ធនឹងការអភិរក្សតំបន់ពូជត្រីនេះដែរ សម្ដេចបានបន្តថាចាំបាច់ត្រូវមានការកំណត់ទីតាំងជាក់លាក់ដើម្បីរកទុនសម្រាប់ជួយប៊ូមស្ដារតំបន់នោះឱ្យទឹកជ្រៅ ដើម្បីធានាថារដូវប្រាំង ត្រីអាចមានលទ្ធភាពចូលតំបន់នោះ សម្រាប់ការរស់រៀន និងសម្រាប់ជាជម្រករក្សាអភិរក្សពូជត្រី។ សម្ដេចបន្ថែមថា«យើងមិនអាចស្ដារមួយពេលទាំងអស់នោះទេ តែអាចចាប់ផ្ដើមតាមចំណុចៗ តាមលទ្ធភាពជាក់ស្ដែងនៃថវិការបស់យើង»។

Share.