កុមារីវ័យ ១១ឆ្នាំម្នាក់ បានរួចជីវិតពីការបាញ់ប្រហារនៅសាលាបឋមសិក្សា Robb ក្នុងទីក្រុង Uvalde រដ្ឋ Texas ព្រោះតែយកឈាមមិត្តភក្ដិដែលស្លាប់នៅក្បែរនាងមកលាបលើខ្លួនដើម្បីបន្លំភ្នែកខ្មាន់កាំភ្លើង។

Miah Cerrillo គឺជាក្មេងស្រីម្នាក់ដែលរួចជីវិតពីការបាញ់ប្រហារនៅថ្នាក់រៀន ដោយនាងមានរបួសបន្ដិចបន្ទួចហើយបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។​ បន្ទាប់ពីមិត្តភក្តិរបស់នាងត្រូវបានបាញ់សម្លាប់, Miah បានដេកលើក្បាលមិត្តភក្តិ ដើម្បីធ្វើពុតថា ពួកគេទាំងពីរបានស្លាប់ហើយ Miah ​បានយកឈាមពីមិត្តភក្តិមកប៉ាតលើខ្លួន ឲ្យមើលទៅដូចជាខ្លួនត្រូវគ្រាប់កាំភ្លើង។

យោងតាមសំដី Blanca Rivera ជាម្ដាយមីងរបស់ Miah បានឲ្យដឹងថា ក្រោយពីទទួលដំណឹងថាមានការបាញ់ប្រហារនៅសាលារៀន Miah នាង និង ម្ដាយឪពុករបស់នាងមានការតក់ស្លុត និង ភិតភ័យជាខ្លាំង ដោយបារម្ភពីសុវត្ថិភាពរបស់ Miah។ Blanca បានបន្ដថា រហូតមកដល់ពេលនេះក្មួយរបស់នាងបានធូរស្បើយជាងមុន ហើយមើលទៅសភាពរបស់ Miah ហាក់បីដូចជាធម្មតា។

នោះគឺជាការបាញ់ប្រហារដ៏សាហាវបំផុតនៅសាលាបឋមសិក្សារបស់សហរដ្ឋអាមេរិក ចាប់តាំងពីខ្មាន់កាំភ្លើងបានសម្លាប់កុមារចំនួន២០នាក់ និងមនុស្សពេញវ័យ៦នាក់ នៅឯសាលាបឋមសិក្សា Sandy Hook ក្នុងទីក្រុង Newtown រដ្ឋ Connecticut កាលពីជិតមួយទសវត្សរ៍មុន។

ហើយហេតុការណ៍ថ្មីនេះ បានកើតឡើងត្រឹមតែ ១០ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីខ្មាន់កាំភ្លើង សម្លាប់អ្នកទិញទំនិញ និងបុគ្គលិកស្បែកខ្មៅចំនួន ១០ នាក់នៅផ្សារទំនើបមួយក្នុងទីក្រុង Buffalo រដ្ឋញូវយ៉ក ក្នុងអ្វីដែលអាជ្ញាធរនិយាយថា ជាការវាយប្រហារប្រកាន់ពូជសាសន៍៕

ប្រភព៖ New York Post

Share.