បន្ទាប់​ពី​ទទួល​បាន​ការទុក​ចិត្ត​ខ្ពស់​ពី​សំណាក់​អ្នក​ឧកញ៉ា​ ឡេង ណាវ៉ាត់ត្រា​ អគ្គនាយក​ផលិតកម្ម​ Galaxy Navatra ឱ្យ​កាន់​តំណែង​ជា​ទីប្រឹក្សា​នោះ​ លោក​ ខាំ​ ភូរិ​ បាន​បង្ហាញ​ការ​តាំង​ចិត្ត​ខ្ពស់​ក្នុង​ការ​ចូលរួម​លើក​ស្ទួយ​សិល្បៈ​ខ្មែរ​ ឱ្យ​មាន​ការ​ទទួល​ស្គាល់​លក្ខណៈ​អាស៊ាន។

ឆ្លើយ​ប្រាប់​សារព័ត៌មាន​ត្រយង ផលិតករ និង​ជា​អ្នក​ដឹកនាំ​ដ៏​ល្បីល្បាញ​លោក ខាំ​ ភូរិ​ បាន​បញ្ជាក់​ថា​ដោយ​សារ​តែ​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត់ត្រា មើល​ឃើញ​លោក​ជា​ចាស់​ទុំ​ម្នាក់​ក្នុង​វិស័យ​សិល្បៈ​ ហេតុដូច្នេះ​ហើយ​ទើប​ផ្ដល់​ទំនុក​ចិត្ត​ឱ្យ​លោក​កាន់​តួ​នាទី​ជា​ទីប្រឹក្សា​ផលិតកម្ម​។

ជាមួយ​នឹង​ការ​ទទួលបាន​តំណែង​ថ្មី​នេះ​ លោក​ ខាំ​ ភូរិ បាន​លើក​ឡើង​ថា​ការ​ដែល​លោក​​ទទួល​យក​តំណែង​ជា​ទីប្រឹក្សា​នេះ​ដោយ​សារ​តែ​លោក​មើល​ឃើញ​ថា​ផលិតកម្ម​ Galaxy មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​លើក​ស្ទួយ​ និង​ជំរុញ​វិស័យសិល្បៈ​ចម្រៀង​ខ្មែរ​ទៅ​ក្រៅ​ប្រទេស​។ ជា​​ជំហាន​ដំបូង​​លោក​ ខាំ​ ភូរិ​ បាន​លើក​ឡើ​ងថា​ ​លោក​អាច​ជួយ​លើ​ការងារ​ដឹក​​នាំ​របស់​ផលិតកម្ម​ ការ​និពន្ធ​ និង​ការងារ​ដឹកនាំ​ ជា​ដើម​។

បុរស​ដែល​មាន​បទ​ពិសោធ​ចាស់​វស្សា​ក្នុង​ពិភព​សិល្បៈ​រូប​នេះ​ បាន​បញ្ជាក់​ថា​កត្តា​ដែល​ជំរុញ​ឱ្យ​លោក​ទទួល​​យក​​​តួ​នាទី​ជា​ទីប្រឹក្សា​របស់​ផលិតកម្ម​ Galaxy​ ​​ព្រោះ​ថា​​៖ «ខ្ញុំ​គ្រាន់​តែ​​មាន​ឆន្ទៈ​រួម​ជាមួយ​​ផលិតកម្ម​ដើម្បី​សិល្បៈ​ខ្មែរ​មាន​ការ​ទទួល​ស្គាល់​ជា​លក្ខណៈ​អាស៊ាន​»

លោក ខាំ ភូរិ គឺ​ជា​អ្នក​ចាស់​ទុំ​មួយ​រូប​ដែល​បាន​ប្រឡូក​ក្នុង​សិល្បៈ​រាប់​សិប​ឆ្នាំ​កន្លងមក​ហើយ​ លោក​មាន​ស្នាដៃ​ដឹកនាំ​រឿង​ទាំង​រឿង​ភាគ រឿង​ខ្លី និង​បទ​ចម្រៀង​ជា​ច្រើន​បទដែល​មាន​ការ​ទទួល​ស្គាល់​​។ ​ឧទាហរណ៍​ដូច​ជា​ស្នាដៃ​រឿង​ភាគ​​ «សិសិរ​រដូវ​ក្នុង​បេះដូង​» មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អ្នក​ទស្សនា​។

បន្ទាប់​ពី​ផលិតកម្ម​ Galaxy Navatra ប្រកាស​សមាសភាព​បុគ្គល​សំខាន់​ចំនួន​៣​ រូប (លោក សុខ ជំនោរ លោក ខាំ ភូរិ និង កញ្ញា យឹម សុជាតា) ​ដែល​នឹង​មក​កាន់​តួ​នាទី​សំខាន់​ៗ​នោះ​ មហាជន​ជាពិសេស​អ្នក​គាំទ្រ​ផលិតកម្ម​ Galaxy មាន​ជំនឿ​ថា​ផលិតកម្ម​ប្រាកដ​ជា​នឹង​មាន​អ្វី​ដែល​កាន់​តែ​ពិសេស​ប្លែក​ថ្មី​ដើម្បី​បម្រើ​អារម្មណ៍​របស់​អ្នក​គាំទ្រ​ជា​ក់ជា​មិន​ខាន​៕

Share.