ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បុរសវ័យចំណាស់ម្នាក់ត្រូវបានកម្លាំងសមត្តកិច្ចការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូទៅតុលាការ ពាក់ព័ន្ធពីបទ ឆបោក និង ក្លែងបន្លំឯកសារសាធារណៈ ។ បុរសវ័យចំណាស់នោះមានឈ្មោះ ខ័ន្ធ សោភ័ណ ភេទប្រុសអាយុ៥៨ ឆ្នាំ មុខរបរ ជាមន្ត្រីរាជការ មានទីលំនៅផ្ទះលេខ១៤២E២ ផ្លូវលេខ១៩ ភូមិ៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក កុល កំពូល ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ តាមដីកាសន្និដ្ឋានសំណុំរឿងស៊ើបសួររបស់អយ្យការអមសាលាដំបូង បានសម្រេចបើកការស៊ើបសួរលើឈ្មោះ ខ័ន្ធ សោភ័ណ ពីបទ.ឆបោក និង ក្លែងបន្លំឯកសារសាធារណៈប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងខែមករា ឆ្នាំ២០២០ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ និង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ដែលបទចោទនេះយោងតាមមាត្រា ៣៧៧ មាត្រា ៣៧៨ និង មាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ ។

ជនសង្ស័យត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួន ដាក់ពន្ធនាគាររាជធានីភ្នំពេញPJជាបណ្តោះអាសន្ន បន្ទាប់ពីបញ្ចប់ការសាកសួរ នៅព្រឹកថ្ងៃ២៧​ ខែឧសភានេះ ៕

អត្ថបទ៖ ចតុមុខ

Share.