នាថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២២នេះ អ្នកជំនាញឌីហ្សាញម៉ូដ និងជាគ្រូបង្វឹកដើរម៉ូដ អូលីវ៉ា គង់ បានរៀបចំកម្មវិធីហ្វេហ្សិនដើរម៉ូដដ៏ធំមួយនាពហុកីឡដ្ឋានអូឡាំពិក ក្រោមប្រធានបទ «ជីវិតចុងក្រោយរបស់សត្វសមុទ្រ» ជាការផ្សាភ្ជាប់រវាង សិល្បៈដើរម៉ូដ កីឡាហែលទឹក ​និងការថែទាំបរិស្ថានក្នុងបាតសមុទ្រ។

អូលីវ៉ា គង់ បានប្រាប់អ្នកសារព័ត៌មានត្រយងថា លោកបានចំណាយថវិកាផ្ទាល់ខ្លួនអស់ប្រមាណ ៥ ម៉ឺនដុល្លារក្នុងការរៀបចំព្រឹត្តិការណ៍ដ៏ធំនេះឡើង។ ក្នុងថ្ងៃនេះដដែល លោកបានត្រៀមឈុតប្លែកៗដែលជាគំនិតច្នៃប្រឌិត និយាយពីការការពារបរិស្ថានក្នុងបាតសមុទ្រ ចំនួន ១០០ ឈុត។ ការបង្ហាញម៉ូដត្រូវបានបែកចែកជា ៣ក្រុម គឺ ក្រុមកុមារ ក្រុមបុរស និងក្រុមនារី ដែលមានខ្លះជាកីឡាករ និងកីឡាការិនី ជាពិសេសពីសំណាក់ កីឡាការិនី ហែមថុន​ វិទីនី​ចូលរួមដើរបង្ហាញម៉ូដ។ យ៉ាងណាមិញ លោកបានបន្ថែមឱ្យដឹងទៀតថា ឈុតទាំង ១០០ នោះគឺលោកបានចំណាយពេលអស់ប្រមាណ ២ខែ ដើម្បីបង្កើតឡើង។ លោកថា មានឈុតខ្លះក៏ពិបាកក្នុងការឌីហ្សាញ ក៏ប៉ុន្ដែលោកខំពន្លឿនធ្វើយ៉ាងណាឱ្យទាន់ថ្ងៃកម្មវិធីនេះកើតឡើង។

កំពុងផ្ដល់បទសម្ភាសន៍ គេស្រាប់តែឃើញ លោក អូលីវ៉ា គង់ ក្ដុកក្ដួលក្នុងអារម្មណ៍ និងស្រក់ទឹកភ្នែកមុខមហាជន ព្រមទាំងអ្នកកាសែតទាំងអស់ យ៉ាងភ្ញាក់ផ្អើលមែនទែន។ ជាការពិត លោក អូលីវ៉ា គង់ រៀបរាប់ថា ការរៀបចំព្រឹត្តិការណ៍ធំនេះឡើង គឺកើតចេញពីចិត្តស្រឡាញ់ និងច្ឆន្ទៈចង់លើកស្ទួយវិស័យហ្វេនហ្សិននៅកម្ពុជាឱ្យកាន់តែទូលំទូលាយ។ លោកបានប្ដេជ្ញាមិនទទួលស្ពន់សឺគ្រឿងស្រវឹងទាំងអស់ ហើយទោះបីជាលោកត្រូវខាតក្នុងការចំណាយធំនេះ។ លោកសុខចិត្តឱ្យគេមើលឃើញថា ការសាងព្រឹត្តិការណ៍នេះ គឺកើតចេញពីកម្លាំងញើសឈាមរបស់លោក និងចង់ឱ្យមហាជនរួបរួមគ្នាថែរក្សាបរិស្ថាន។

ក្រៅពីព្រឹត្តិការណ៍ដើរម៉ូដ«ជីវិតចុងក្រោយរបស់សត្វសមុទ្រ» ចំណូលបានមកពីការលក់សំបុត្រ លោក អូលីវ៉ា គង់ បានបញ្ជាក់ថា នឹងបរិច្ចាគខ្លះជួយដល់កុមារដែលរស់នៅតំបន់កោះដាច់ស្រយាល ដែលពួកគេកំពុងតែខ្វះខាត អាហារ និងសម្ភារៈសិក្សាផងដែរ៕

Share.