ក្នុងចំណោមអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ ជាង១ម៉ឺន១ពាន់អាសនៈ គណបក្សប្រជាជនកម្ពុជា អាចទទួលបានសំឡេងគាំទ្រចន្លោះពី៨ពាន់ទៅ៩៥០០អាសនៈ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ។ នេះបើតាមការព្យាករណ៍ក្រៅផ្លូវការមួយដែល ម្ដេចក្រឡាហោម ស ខេង ទទួលបាន និងបានថ្លែងឱ្យដឹងក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិការ និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ស្រុកសង្កែ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៣១ ខែឧសភា​ ឆ្នាំ២០២២នេះ។

សម្ដេចក្រឡាហោម ស ខេង បានអះអាងចំៗអំពីប្រភពនៃការព្យាការណ៍លទ្ធផលនៃការបោះឆ្នោតខាងមុខនេះទេ ប៉ុន្តែសម្ដេចបានឱ្យដឹងថា«ឥឡូវនេះ មានអ្នកទស្សន៍ទាយថា…ការសិក្សាតាមតួលេខជាបន្តបន្ទាប់ តាំងពីការបោះឆ្នោតដំបូង ឆ្នាំ៩៣មក រហូតដល់បច្ចុប្បន្ននេះ គឺក្នុងចំណោមអាសនៈដែលមានទាំងអស់១ម៉ឺន១ពាន់ជាងអាសនៈ គណបក្សប្រជាជនកម្ពុជាអាចទទួលបានក្នុងចន្លោះពី៨ពាន់ ទៅ៩៥០០អាសនៈ ហើយគណបក្សមួយនោះបានប្រហាក់ប្រហែល២ពាន់»។

ទោះបីជាទទួលស្គាល់ថាការព្យាករណ៍នេះ គឺជាការទស្សន៍ទាយមួយដែលមិនផ្លូវការ ប៉ុន្តែសម្ដេចអនុប្រធានគណបក្សប្រជាជនកម្ពុជា បានសង្កត់ធ្ងន់ថាលទ្ធផលព្យាករណ៍នេះក៏អាចជាការបង្ហាញដែរថាប្រជាពលរដ្ឋច្រើនលើសលុបនៅតែបន្តផ្ដល់ជំនឿចិត្តលើគណបក្សប្រជាជនកម្ពុជា។ សម្ដេចបានបន្ថែមថា«អាចនិយាយបានថាអ្នកបោះឆ្នោតរបស់យើង ប្រជាពលរដ្ឋ ឬក៏ថាសមាជិកបក្ស អ្នកគាំទ្រនៅតែផ្ដល់ជំនឿ សេចក្ដីទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជាដដែល។ នេះប្រសិនណាបើការទស្សន៍ទាយនោះវាត្រឹមត្រូវ»។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៧គណបក្ស ប៉ុន្តែមានគណបក្សភាគច្រើនដាក់បេក្ខជនឈរឈ្មោះតែឃុំ សង្កាត់មួយចំនួនប៉ុណ្ណោះ។ ឃុំ សង្កាត់ ទូទាំងប្រទេសមានចំនួន១៦៥២ឃុំ សង្កាត់ និងមានអាសនៈក្រុមប្រឹក្សាសរុបចំនួន១១៦២២អាសនៈ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

សូមបញ្ជាក់ថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ។ បើតាមប្រតិទិនបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លទ្ធផលបឋមនៃការបោះឆ្នោតឃុំ សង្កាត់ នឹងត្រូវប្រកាសឱ្យដឹងនៅល្ងាចថ្ងៃទី៥ ខែមិថុនា ដែលជាថ្ងៃបោះឆ្នោត ឬនៅថ្ងៃទី៦ ខែមិថុនាដែលជាថ្ងៃបន្ទាប់។ មានតែលទ្ធផលចេញផ្សាយដោយ គ.ជ.ប តែមួយគត់ដែលជាលទ្ធផលទទួលស្គាល់ផ្លូវការដោយច្បាប់កម្ពុជា៕

Share.