យន្ដហោះហ្វឹកហ្វឺន AT-3 របស់កងទ័ពអាកាសតៃវ៉ាន់បានធ្លាក់នៅទីក្រុង Kaohsiung ភាគខាងត្បូងកោះតៃវ៉ាន់ អំឡុងពេលហ្វឹកហាត់កាលពីព្រឹកថ្ងៃអង្គារនេះ ដោយបណ្ដាលឲ្យអ្នកបើកយន្ដហោះម្នាក់បាត់បង់ជីវិត។

ក្រសួងការពារជាតិតៃវ៉ាន់បានឲ្យដឹងថា នេះគឺជាសោកនាដកម្មលើកទី៣ សម្រាប់កងទ័ពអាកាសតៃវ៉ាន់ក្នុងឆ្នាំ២០២២នេះ។

បើតាមក្រសួងការពារជាតិតៃវ៉ាន់បានឲ្យដឹងថា យន្ដហោះហ្វឹកហ្វឺន AT-3 បានធ្លាក់កំលុងពេលចូលរួមក្នុងបេសកកម្មបណ្ដុះបណ្ដាលមួយ ហោះចេញពី មូលដ្ឋានទ័ពអាកាស Gangshan នៃទីក្រុងភាគខាងត្បូង Kaohsiung ហើយសាកសពរបស់អ្នកបើកយន្ដហោះក៏ត្រូវបានរកឃើញហើយដែរ ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីមូលហេតុធ្លាក់នៅឡើយទេ។

សញ្ញាណនៃការធ្លាក់យន្ដហោះរបស់លោក ពីឡុត វ័យ ២៣ឆ្នាំ Hsu Ta-Chun បានបាត់ពីរ៉ាដានៅម៉ោង ៨:០៨នាទីព្រឹក ខណៈដែលលោកកំពុងបើកបេសកកម្មហ្វឹកហាត់តែម្នាក់ឯង នៅដែនអាកាសក្នុងស្រុក Gangshan បន្ទាប់ពីហោះហើរបាន ៥នាទី។

យោងតាមគេហទំព័ររបស់ AIDC បានឲ្យដឹងថា យន្ដហោះហ្វឹកហ្វឺន AT-3 គឺជាប្រភេទយន្ដហោះផលិតក្នុងស្រុកដែលប្រើសម្រាប់ការហ្វឹកហ្វឺន និង អាចបំពាក់អាវុធបានផងដែរ យន្ដហោះនេះហោះហើរជាលើកដំបូងកាលពីឆ្នាំ ១៩៨០៕

ប្រភព៖ Focustaiwan

Share.