គណបក្សនយោបាយទាំង១៧ សុទ្ធតែមានពណ៌សម្គាល់សម្រាប់ការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាថ្ងៃទី៥ ខែមិថុនាខាងមុខនេះ។ តំណាងគណបក្សនយោបាយបានចាប់ពណ៌ទាំងនោះរួចរាល់ហើយ។

ឯកឧត្តម តុប ឬទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស គ.ជ.ប បានឱ្យដឹងថាពណ៌នេះ នឹងត្រូវសម្គាល់លើ Bar សម្រាប់បង្ហាញលើក្រាបកម្មវិធីផ្សព្វផ្សាយលទ្ធផលបឋមតាមគណបក្សនយោបាយនីមួយៗ។

លោកបន្តថា«នៅពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសលទ្ធផលលើប្រព័ន្ធផ្សព្វផ្សាយ ឬក៏ទូរទស្សន៍ នឹងអាចឃើញពណ៌តំណាងឱ្យគបក្សនយោបាយ ផ្ដល់ឱ្យគាត់ងាយចាប់បានជាជាងការទៅមើលឡូហ្គូ ឬឈ្មោះគណបក្ស»។

សូមបញ្ជាក់ថាដំណើរការប្រកាសផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតនឹងរៀបចំដោយអនុវត្តតាមប្រព័ន្ធកុំព្យូទ័រពីថ្នាក់ឃុំសង្កាត់រហូតដល់ គ.ជ.ប។ គ.ជ.ប មានកិច្ចសហប្រតិបត្តិការជាមួយទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា និងប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់គ.ជ.ប៕

Share.