ប្រសិនបើដំណើរការចាក់វ៉ាក់សាំងបានឈានដល់ដូសទី១០ក៏ដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជម្រាបជូនជនរួមជាតិកុំឱ្យមានក្ដីព្រួយបារម្ភ។ ក្នុងសារជាសំឡេងផ្ញើជូនជនរួមជាតិនាព្រលប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍សង្កត់ធ្ងន់ថា«ទោះបីដើរ[ចាក់]ដល់ដូសទី១០ ក៏យើងនៅតែមិនយកប្រាក់ពីប្រជាពលរដ្ឋ»។

សម្ដេចនាយករដ្ឋមន្រ្តី បានអំពាវនាវឱ្យប្រជាពលរដ្ឋជឿទុករាជរដ្ឋាភិបាល​ ដោយបានបន្ថែមថា«សូមជឿទុកចិត្តចុះថា រាជរដ្ឋាភិបាលមិនមានតម្រូវការណាមួយទាមទារប្រាក់ពីប្រជាពលរដ្ឋ ដើម្បីយកពីការចាក់វ៉ាក់សាំងនោះឡើយ។ យើងបន្តការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីធានាឱ្យប្រាកដថាប្រជាពលរដ្ឋយើងនឹងរស់រានមានជីវិត ហើយគ្មានការឆ្លងរីករាលដាលនៅក្នុងសហគមន៍ដូចដែលធ្លាប់បានកើតក្នុងប្រទេសយើងកាលពីឆ្នាំ២០២១កន្លងផុតទៅ»។

ទន្ទឹមនឹងគ្នានឹងការបញ្ជាក់ជូននូវភាពកក់ក្ដៅលើដំណើរការចាក់វ៉ាក់សាំងនេះ សម្ដេចតេជោ បានអំពាវនាវជាថ្មីទៀតឱ្យប្រជាពលរដ្ឋបន្តទទួលយកការចាក់វ៉ាក់សាំងដូសជំរុញ​តាមកាលកំណត់ជាចំបាច់ ដោយសម្ដេចបានសង្កត់ធ្ងន់ថា«ការប្រើប្រាស់វ៉ាក់សាំងគឺជាវិធានការតែមួយគត់ដើម្បីទប់ស្កាត់ការស្លាប់ និងការរីករាលដាល» និងបានបន្ថែមថាទន្ទឹមគ្នានឹងវិធានការការពារខ្លួនតាមគោលការណ៍សុខាភិបាល ការចាក់វ៉ាក់សាំងគឺជម្រើសតែមួយគត់ដើម្បីការពារអាយុជីវិត»។

សូមបញ្ជាក់ថាក្នុងសារជាសំឡេងដដែលនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជូនជនរួមជាតិឱ្យដឹងថាកម្ពុជា ទើបតែបានចុះហត្ថលេខាទិញវ៉ាក់សាំងពីក្រុមហ៊ុនដែលវិចខ្ចប់ក្នុងស្រុក សម្រាប់ប្រើប្រាស់រយៈពេល៣ឆ្នាំ សរុបមានចំនួន១០៤លាន ៨សែន៧ម៉ឺន៣១៥៧ដូស។ បើតាមសម្ដេចពេលនេះកម្ពុជាក៏មានវ៉ាក់សាំងក្នុងស្តុកដើម្បីធានាការចាក់ជូនពលរដ្ឋគ្រប់គ្រាន់ផងដែរ៕

Share.