ក្រោយពីស្ងប់ស្ងាត់អស់រយៈពេល៧ខែ ឥឡូវផ្ទុះរឿងសាជាថ្មី នៃសណ្ឋាគារ Gold Sea ដែលម្ចាស់សណ្ឋាគារ បានបង្កប់កាម៉េរ៉ាក្នុងបន្ទប់។ យ៉ាងណាមិញ សណ្ឋាគារមួយនេះ បានបិទទ្វារជាយូរមកហើយ ឯជនបង្កកំពុងអនុវត្តទោសនៅពន្ធនាគារយូរហើយដែរ។ 

លោកឧត្តមសេនីយ៍ទោ ជូន ណារិន្ទ ស្នងការខេត្តព្រះសីហនុ បានប្រាប់អ្នកសារព័ត៌មានថា សំណុំរឿងខាងលើគឺជាសំណុំរឿងចាស់ តាំងពីខែតុលា ឆ្នាំ២០២០ ដែលតុលាការ បានសម្រេចក្តីរួចហើយ ខណៈដែលជន ដែលពាក់ព័ន្ធនឹងការបង្កប់កាំមេរ៉ាក្នុងបន្ទប់សណ្ឋាគារនោះ ក៏កំពុងតែអនុវត្តទោសក្នុងពន្ធនាគារនៅឡើយ ។ 

កញ្ញា ដេននី ក្វាន់ បានបង្ហោះនោះលើបណ្តាញទំនាក់ទំនងសង្គមនាព្រឹកថ្ងៃទី២៥ ខែឧសភា ម្សិលមិញ បានទម្លាយនូវរឿងម្ចាស់ សណ្ឋាគារមួយ នៅកំពង់សោមឈ្មោះ Gold Sea Hotel លួចបង្កប់ Camera ក្នុងបន្ទប់គេងរបស់នាង និងបន្ទប់ផ្សេងៗ ទៀតអំឡុងពេលដែលនាងទៅស្នាក់នៅទីនោះ កាលពីខែតុលា ឆ្នាំ២០២០។ កញ្ញាដេន នីក្វាន់ បានបញ្ជាក់ថា នាងទ្រាំមិនឡាយ ជាសាធារណៈទេព្រោះរង់ចាំដំណោះស្រាយល្អជាមួយម្ចាស់សណ្ឋាគារតែលទ្ធផលនាងទទួលបានសំណងជាលុយ ត្រឹម១ម៉ឺនដុល្លារ។

ក្រោយផ្ទុះសំណុំរឿងខាងលើជាថ្មីនេះ តាមរយៈការទម្លាយវីដេអូរបស់ ជនរងគ្រោះ កញ្ញា ដេនី ក្វាន់ មក គេនៅមិនទាន់បានដឹងពីអត្តសញ្ញាណ នៃជនបង្ក តើជានរណាឲ្យពិតប្រាកដ បុរស ឬស្រ្តី ក្មេង ឬចាស់ អាយុប៉ុន្មាននោះទេ គ្រាន់តែដឹងត្រឹមថា អនិកជនខ្មែរ។ ប្រភពពីសមត្ថកិច្ចបានបង្ហើបប្រាប់ ភ្នាក់ងារ ត្រយង ញូវស៍ ថា ជនបង្ក គឺជាស្រ្តី អនិកជនខ្មែរ៕

អត្ថបទ៖ តោពីរ ក្រុងព្រះសីហនុ

Share.