សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកសរសើរពីគុណសម្បត្តិរបស់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិចាស់ គឺអាណត្តិទី៤ ថាបានបំរើ និងការពារប្រជាពលរដ្ឋបានល្អណាស់ នៅក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជាក្នុងរយៈពេលកន្លងមក។ ការចេញមុខថ្លែងកោតសរសើរក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិចាស់ ពីសំណាក់សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជាបានធ្វើឡើងតាមសារជាសំឡេងផ្ញើជូនជនរួមជាតិ និងក៏ចំថ្ងៃចុងក្រោយនៃយុទ្ធនការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលជាអាណត្តិថ្មី។

«ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤កន្លងទៅដែលនឹងត្រូវផុតអាណត្នាតិប៉ុន្មានថ្ងៃខាងមុខនេះ យើងបានដឹងហើយថា នៅក្នុងអំឡុងពេលនៃការឆ្លងកាត់កូវីដ-១៩ គឺក្រុមប្រឹក្សាឃុំ សង្កាត់ដែលបងប្អូនបានធ្វើការបោះឆ្នោតកាលពីឆ្នាំ២០១៧ ពិតជាបានបំរើប្រជាជនល្អណាស់ ការពារប្រជាជនបានល្អណាស់។ ការចាក់វ៉ាក់សាំងទៀតសោតគឺតាមរយៈឃុំ សង្កាត់ ភូមិឃុំនោះឯង ដែលជាអ្នកជួយរៀបចំយ៉ាងល្ អដើម្បីឱ្យបងប្អូនបានទទួលវ៉ាក់សាំងគ្រប់ៗគ្នា»។

សម្ដេចបានរំលឹកថានៅពេលមានការបិទខ្ទប់នៅតំបន់ខ្លះក្នុងរាជធានី និងខេត្តមួយចំនួននាពេលក្លងទៅក្រុមប្រឹក្សាឃុំ សង្កាត់ បានខិតខំបំពេញតួនាទីជួយប្រជាជនបានល្អណាស់ ដោយសម្ដេចបន្ថែមថា«ខ្ញុំចាំមិនភ្លេចទេថាការផ្ដល់ជំនួយទាំងឡាយត្រូវធ្វើតាមរយៈនៃការរៀបចំ ចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ដោយផ្ទាល់ពី ឃុំ​ សង្កាត់ ដែលមិនអាចបំភ្លេចបានគុណូប្បការៈ គុណបំណាច់ដែលបងប្អូនបានលះបង់បានធ្វើក្នុងរយៈពេលកន្លងទៅនេះ»។

ពាក់ព័ន្ធនឹងការបោះឆ្នោតឆាប់ៗនេះដែរ សម្ដេចបានឱ្យដឹងថាមានបេក្ខជនក្រុមប្រឹក្សាអាណត្តិចាស់មួយចំនួនបានបន្តឈរឈ្មោះនៅអាណត្តិថ្មី ប៉ុន្តែក៏មានមួយចំនួនទៀតមិនបានឈរឈ្មោះដែរ ដោយសារកត្តាអាយុជា និងសុខភាពជាដើម។ មានប្រសាសន៍អំពីការបំពេញការងារក្នុងអាណត្តិចាស់ សម្ដេចថ្លែងថា«ពិតមែនហើយ កំហុសឆ្គងខ្លះកើតមានចៀសមិនរួច។ ប៉ុន្តែកំហុសនោះប្រសិនបើប្រៀធៀបនឹងគុណសម្បត្តិដែលសមាជិកក្រុមប្រឹក្សឃុំ សង្កាត់បានធ្វើរយៈពេលកន្លងទៅ គឺគុណសម្បត្តិនេះមានភាពធំធេង លើសលុប​»។

សូមបញ្ជាក់ថាកម្ពុជា បានដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ៤អាណត្តិស្មើនឹងរយៈពេល២០ឆ្នាំមកហើយ។ ការបោះឆ្នោតនេះគឺជាការបញ្ចប់វប្បធម៌តែងតាំងមេឃុំ និងចៅសង្កាត់ដោយថ្នាក់លើ ហើយប្ដូរមកឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានជាអ្នកបោះឆ្នោតដោយផ្ទាល់វិញ។ តាមរយៈយន្តការនេះ ថ្នាក់ដឹកនាំឃុំ សង្កាត់ បានប្រឹងប្រែងបំពេញភារកិច្ចបំរើប្រជាពលរដ្ឋជាម្ចាស់ឆ្នោតអស់ពីលទ្ធភាព ខណៈរាជរដ្ឋាភិបាលក៏បានទំលាក់សិទ្ធិអំណាច និងធនធានឱ្យរដ្ឋបាលឃុំ សង្កាត់ មានលទ្ធភាពបំពេញភារកិច្ចនោះដែរ៕

ក្រុមប្រឹក្សាឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្ដាល

Share.