ពានរង្វាន់​បាល់ទាត់​លីគ​កំពូល​កម្ពុជា Metfone Cambodian League 2021 នឹង​បន្ត​ប្រកួត​នៅ​វេលា​ម៉ោង​៣:៣០នាទី​រសៀល​ថ្ងៃ​ពុធ ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២១ នេះ​ដំណាល​គ្នា ដោយ​ក្រុម​​ម្ចាស់​ផ្ទះ​អគ្គីសនីកម្ពុជា ត្រូវ​ជួប​ក្រុម​អ្នក​ជិត​ខាង​វិសាខា និង​ក្រុម​ម្ចាស់​ផ្ទះ​សូលទីឡូអង្គរ ក្នុង​ខេត្ត​សៀមរាប ទទួល​ក្រុម​ភ្ញៀវ​បឹងកេត។

*អគ្គីសនីកម្ពុជា ប៉ះ​វិសាខា (ផ្សាយតាមហ្វេសប៊ុក​របស់ CNCC)

ក្រុម​បាល់ទាត់​អគ្គីសនីកម្ពុជា ត្រូវ​ជួប​ក្រុម​បាល់ទាត់​វិសាខា លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនីកម្ពុជា ក្នុង​ទឹកដី​របស់​ខ្លួន​ ខណៈ​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក មាស សំអឿន នេះ​ប្រើប្រាស់​កីឡាករ​ខ្មែរ​សុទ្ធ។ រឿង​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ​គឺ​៣ប្រកួត​កន្លង​មក​របស់​អគ្គីសនីកម្ពុជា គឺ​ទាត់​ចូល​ទី​គូ​ប្រកួត​គ្រប់​ការ​ប្រកួត មិន​ថា​​ប្រកួត​នោះ​លទ្ធផល​ចាញ់​ ឬ ឈ្នះ​នោះ​ទេ។ គ្រាប់​បាល់​៥គ្រាប់​របស់​អគ្គីសនីកម្ពុជា កន្លង​មក​រក​បាន​ដោយ​កីឡាករ ផាច សុជាវីឡា, យ៉ាន់ សុខា, ឃួន សេងថៃ,ឈឿង ឆៃនុត និង​សា ទី។

ចំណែក​ក្រុម​វិសាខា វិញ​​មាន​៥ពិន្ទុ​ក្នុង​ដៃ ខណៈ​ក្រុម​មួយ​នេះ​មាន​កីឡាករ​ជាប់​ជម្រើស​ជាតិ​ច្រើន​ជាង​គេ​ គឺ​រហូត​ដល់​៧រូប ក្នុង​នោះ​មាន​កីឡាករ​ខ្មែរ​៦រូប និង​កីឡាករ​ជនជាតិ​អាហ្វហ្គានីស្ថាន ១រូប។ លោក​Colum Curtis គ្រូ​បង្វឹក​ក្រុម​វិសាខា កំពុង​ត្រូវ​ការ​ពិន្ទុ​ខ្លាំង ដើម្បី​ប្រជែង​តំបន់​​កំពូល​តារាង ខណៈ​ក្រុម​នេះ​មាន​អម្រែក​៣ ដើម្បី​បំពេញ​នៅ​ក្នុង​ឆ្នាំ​២០២១ មាន​ទាំង​ការពារ​តំណែង​ជើង​ឯក​ពាន​សម្តេច​តេជោ ហ៊ុន សែន ប្រជែង​ពាន​លីគ​កំពូល​កម្ពុជា និង​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​កម្រិត​ទ្វីប​អាស៊ី AFC Cup 2021។ កីឡាករ​នីហ្សេរីយ៉ា Ajayi Opeyemi Korede រក​​បាន​គ្រាប់​បាល់២គ្រាប់​ឱ្យ​ក្រុម​នាពេល​កន្លង​មក ខណៈ​កីឡាករ​អាហ្វ្រិកខាងត្បូង ​Mohammed Khan និង រ៉ឹម ប៊ុនហៀង រក​បាន​ម្នាក់១គ្រាប់។

*សូលទីឡូអង្គរ ប៉ះ​បឹងកេត (ផ្សាយ​តាម​ប៉ុស្តិ៍ BTV)

ក្រុម​បាតតារាង​សូលទីឡូអង្គរ ដែល​ឆ្លងកាត់​​៤ប្រកួត​មក​នេះ​របូត​គ្រាប់​បាល់​១៨គ្រាប់ ត្រូវ​ទទួល​ក្រុម​ជើង​ឯក​ឆ្នាំ​ចាស់​បឹងកេត ដែល​មិន​ទាន់​មាន​ពិន្ទុ​កាន់​ដូចគ្នា លើ​ទីលាន​កីឡដ្ឋាន SRU ក្នុង​ទីរួម​ខេត្ត​សៀមរាប។ សូលទីឡូអង្គរ ដឹកនាំ​ដោយ​លោក​គ្រូ​បង្វឹក​ជនជាតិ​អង់គ្លេស Darren Pomroy ទើប​តែ​ទាត់​ចូលទី​គូ​ប្រកួត​បាន​២គ្រាប់ប៉ុណ្ណោះ ដោយ​ថ្វី​ជើង​កីឡាករ Yannick Francois និង​កីឡាករ រ័ត្ន សំណាង។

ចំណែក​ក្រុម​បឹងកេត វិញ​ត្រូវការ​ពិន្ទុ​ជា​ចាំបាច់​ដើម្បី​​រក​ឱកាស​ប្រដេញ​កំពូល​តារាង​ឡើង​វិញ ក្រោយ​បរាជ័យ​៣ប្រកួត​ជាប់ៗគ្នា។ លោក​គ្រូ​បង្វឹក​ គឹម ភក្ដី ហាក់​នៅ​ត្រូវការ​ពេល​វេលា​កែប្រែ​កូន​ក្រុម​ច្រើន ដើម្បី​ពង្រឹង​បច្ចេកទេស មុន​ចូលរួម​ប្រកួត​ពានរង្វាន់ AFC Cup 2021 មក​ដល់​ផង និង​ត្រូវ​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់​ក្នុង​លីគ​កំពូល​កម្ពុជា ផង​ដែរ។

ក្រោយ​ចប់​ការ​ប្រកួត​នេះ ពានរង្វាន់​លីគ​កំពូល​កម្ពុជា ត្រូវ​សម្រាក​​រហូត​ដល់​កក្កដា ទើប​ចាប់​ផ្ដើម​ប្រកួត​ឡើង​វិញ ព្រោះ​ក្នុង​ខែ​មិថុនា មាន​សកម្មភាព​ប្រកួត​លើក​ឆាក​អន្តរជាតិ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និង​ក្រុម​វិសាខា និង​បឹងកេត ក្នុង​ពាន AFC Cup 2021៕

Telegram-Troryorng
Share.