ក្នុងរយៈពេល៥ខែ ឆ្នាំ២០២២នេះ ចិននៅបន្តឈរលំដាប់ទី១ជាប្រទេសដែលទិញអង្ករពីកម្ពុជាច្រើនជាងគេ ដោយមានបរិមាណជិត១៥០ពាន់តោននៃបរិមាណនាំចេញអង្ករសរុបរបស់កម្ពុជាដែលមានជាង២៨០ពាន់តោនក្នុងរយៈពេលនេះ។

បើតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២២នេះ ការនាំចេញអង្ករកម្ពុជាទៅទីផ្សារក្រៅប្រទេសសម្រេចបាន ២៨៣ពាន់៦៧៥តោន កើនឡើង២១,៧៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២១។

ចំពោះខែឧសភាកន្លងទៅនេះវិញ ការនាំចេញអង្ករកម្ពុជាទៅក្រៅប្រទេសសម្រេចបាន៦២ពាន់៥៣៧តោន។ ចំនួននាំចេញនេះបានកើនឡើង៥៤,២៨ភាគរយ បើធៀបនឹងខែឧសភា ឆ្នាំ២០២១។

ក្រៅពីទីផ្សារចិន នៅក្នុងរយៈពេល៥ខែដើមឆ្នាំនេះដែរ កម្ពុជានាំអង្ករចេញទៅអឺរ៉ុបបាន៨១ពាន់៩៣១តោន កើនឡើង២៨,៨៨ភាគរយ, តំបន់អាស៊ាន២៥ពាន់៦៩១តោន កើនឡើង៩,០៦ភាគរយ និងទិសដៅផ្សេងៗមាន២៦ពាន់៦០៦តោន កើនឡើង ៩,៣៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១៕

Share.