​ថ្លែងក្នុងសន្និសីទកាសែតនៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានឱ្យដឹងថាក្នុងចំណោមការិយាបោះឆ្នោតទូទាំងប្រទេសជាង២ម៉ឺនការិយាល័យនោះ មានការិយាល័យបោះឆ្នោតជាង៣០កន្លែង ក្នុងខេត្តចំនួន៧ ត្រូវបានផ្លាស់ប្ដូរនៅមុនការបោះឆ្នោតមកដល់។

តាមនីតិវិធីរបស់ គ.ជ.ប ការិយាល័យដែលបានសម្រេចហើយមិនអាចផ្លាស់ប្ដូរទេ លើកលែងតែករណីប្រធានសក្ដិ។ ឯកឧត្តមមានប្រសាសន៍ថា«មូលហេតុជាចំបង ទីមួយគឺបាក់ធ្លាក់ ការិយាល័យតាមមាត់ទន្លេហ្នឹងគឺបាក់ធ្លាក់ចូលទន្លេតែម្ដង កន្លែងខ្លះគាត់អាប្ដូរទីតាំងនៅក្បែរនោះធ្វើជារោងបានមួយចំនួន តែកន្លែងខ្លះត្រូវផ្លាស់ទៅឆ្ងាយពីទីតាំងចាស់។

ឯកឧត្តមបានមានប្រសាសន៍ទៀតថាការផ្លាស់ប្ដូរការិយាល័យបោះឆ្នោតនេះ គឺមានការចូលរួម និងការឯកភាពគ្នាជាមុនពីគ្រប់ភាគីពាក់ព័ន្ធ មុននឹងស្នើសុំមក គ.ជ.ប ដើម្បីផ្លាស់ប្ដូរ។

សូមបញ្ជាក់ថាកម្ពុជាមានឃុំ សង្កាត់ សរុបទូទាំងប្រទេសចំនួន១៦៥២ឃុំ សង្កាត់។ ការបោះឆ្នោតនៅថ្ងៃនេះ មានការិយាល័យសរុបជាង២ម៉ឺនការិយាល័យ។ បើតាម គ.ជ.ប ទោះជួបឧបសគ្គខ្លះដោយកត្តាធម្មជាតិ ប៉ុន្តែនៅម៉ោង៧ព្រឹកមិញនេះ គ្រប់ការិយាល័យបានបើកទ្វារទទួលពលរដ្ឋមកបោះឆ្នោតដោយរលូន៕

Share.