លទ្ធផលបណ្ណោះអាសន្នចេញបណ្ដើរៗហើយ គឺគណបក្សប្រជាជនកម្ពុជាកំពុងនាំមុខ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណ្ណត្តិទី៥នេះ។ ខាងក្រោមនេះ គឺជាលទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណ្ណត្តិទី៥ នាថ្ងៃទី០៥ មិថុនា ឆ្នាំ២០២២។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកថា នៅខេត្តបន្ទាយមានជ័យមានចំនួន ៦៧ឃុំ សង្កាត់ គណបក្សប្រជាជនកម្ពុជាឈ្នះទាំងអស់។

អភិបាលខេត្តបាត់ដំបង​ លោក សុខ លូ​ បានឲ្យដឹងដែរថា គណបក្សប្រជាជនកម្ពុជា បានតំណែងជាមេឃុំ សង្កាត់ទាំង ១០៣ ឃុំ សង្កាត់ ដែលនាំឲ្យគណបក្សមួយនេះនាំមុខគេនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នេះ។​

ងាកទៅខេត្តសៀមរាបវិញ លោក ទៀ សីហា អភិបាលខេត្តសៀមរាបបានលើកឡើងដែរថា ខេត្តសៀមរាបមានការិយាល័យបោះឆ្នោតចំនួន ១,៥០៨ការិយាល័យ ហើយក្នុងនោះ គណបក្សប្រជាជនកម្ពុជាបានឈ្នះដាច់ទាំងអស់។

នៅឯខេត្តប៉ៃលិនឯណោះវិញ លោកស្រី បាន ស្រីមុំ បានឲ្យដឹងថា នៅទូទាំងខេត្តប៉ៃលិន គ្រប់មណ្ឌលបោះឆ្នោតទាំង ១១៨ការិយាល័យ គឺគណបក្សប្រជាជនកម្ពុជា នាំមុខដាច់ទាំងអស់។​

និយាយពីខេត្តកណ្ដាលវិញម្ដង លោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានឲ្យដឹងថា នៅទូទាំងខេត្តកណ្ដាល គ្រប់ការិយាល័យបោះឆ្នោតឆ្នោតទាំងអស់ ចំនួន ១២៧ឃុំសង្កាត់ គណបក្សប្រជាជ​នកម្ពុជានាំមុខដាច់ទាំងអស់។​

ចំពោះខេត្តត្បូងឃ្មុំវិញ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ខេត្តនេះ មានការិយាល័យបោះឆ្នោតសរុបចំនួន ១,៣១៨ ហើយជាលទ្ធផល គឺគណបក្សប្រជាជនកម្ពុជាបាននាំមុខដាច់ទាំងអស់ នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណ្ណត្តិទី៥នេះ។​

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងដែរថា នៅល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ លទ្ធផលបណ្ដោះអាសន្ន សម្រាប់ខេត្តកំពង់ចាម មានសរុបចំនួន១០៩ឃុំ-សង្កាត់ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា នាំមុខដាច់ចំនួន១០៨ឃុំ-សង្កាត់។

រាជធានីភ្នំពេញជាបេះដូងរបស់កម្ពុជា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានក្នុងស្រុកថា គ្រប់ការិយាល័យបោះឆ្នោតទាំងអស់ គណបក្សប្រជាជននាំមុខដាច់ទាំងអស់។ លោក ឃួង ស្រេង បានអះអាងថា សង្កាត់ទាំង ២០៥ នៅរាជធានីភ្នំពេញ អាចនឹងទទួលបានតំណែងចៅសង្កាត់ទាំងអស់។​

ខេត្តនៅឯតំបន់សមុទ្រឯណោះវិញ លោកស្រី មិថុនា ភូថង បានលើកឡើងដែរថា ឃុំសង្កាត់ទាំង២៩ ក្នុងចំណោម ១៨៧ការិយាល័យបោះឆ្នោត នៅទូទាំងខេត្តកោះកុង គឺគណបក្សប្រជាជនកម្ពុជា បាននាំមុខដាច់ទាំងអស់ ពោលគណបក្សប្រជាជនកម្ពុជាទទួលបានជាមេឃុំចៅសង្កាត់ ទាំង២៩ ឃុំសង្កាត់។​

ខេត្តព្រះសីហនុវិញ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងដែរថា​ គណបក្សប្រជាជនបានដំណ្ដើមបាន១៥ ឃុំ សង្កាត់ ក្នុងចំណោម២៩ ឃុំសង្កាត់។ នេះជាលទ្ធផលបណ្ដោះអាសន្ន សម្រាប់ខេត្តព្រះសីហនុ ដែលមានការិយាល័យបោះឆ្នោតសរុបចំនួន ៣១៧។​ ហើយគណបក្សប្រជាជនកម្ពុជាកំពុងនាំមុខ ក្នុងការបោឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណ្ណត្តិទី៥នេះ។​

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ឲ្យដឹងនៅល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះថា លទ្ធផលបណ្ដោះអាសន្ន សម្រាប់ខេត្តកែប មានចំនួន៦៩ការិយាល័យបោះឆ្នោត សរុបចំនួន៥ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជា នាំមុខដាច់លើគណបក្សផ្សេងទាំងអស់ ហើយមាន២សង្កាត់ គណបក្សប្រជាជនទទួលបានអសនៈទាំងអស់។

លទ្ធផលបោះឆ្នោតឃុំសង្កាត់អាណ្ណត្តិទី៥ ក្នុងខេត្តកំពតវិញ គណបក្សប្រជាជនកម្ពុជាកំពុងនាំមុខដាច់ដែរ។ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតលើកឡើងថា លទ្ធផលបណ្ដោះអាសន្ន សម្រាប់ខេត្តកំពត មានចំនួន៩៣ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជា នាំមុខដាច់លើគណបក្សផ្សេងទាំងអស់។

នៅឯខេត្តកំពង់ឆ្នាំងឯណោះវិញ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្ត បានប្រាប់សារព័ត៌មានក្នុងស្រុកថា លទ្ធផលបណ្ដោះអាសន្ន សម្រាប់ខេត្តកំពង់ឆ្នាំង មានចំនួន៨០៧ការិយាល័យបោះឆ្នោត សរុបចំនួន៧១ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់លើគណបក្សផ្សេងទាំងអស់។

ចំពោះខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា ទូទាំងខេត្តស្ទឹងត្រែងមាន ៣៤ឃុំសង្កាត់ សរុបមណ្ឌលបោះឆ្នោត ២៣៩ការិយាល័យ គឺគណបក្សប្រជាជនកម្ពុជា នាំមុខដាច់ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ។

មកតាមដាននៅខេត្តកំពង់ស្ពឺវិញ ​លោក វ៉ី សំណាង អភិបាលខេត្ដក៏បានលើកប្រាប់ឲ្យដឹងដែរថា លទ្ធផលបណ្ដោះអាសន្ន សម្រាប់ខេត្តកំពង់ស្ពឺ មានចំនួន១,៥១២ការិយាល័យ ក្នុងនោះមាន៨៨ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជា នាំមុខដាច់លើគណបក្សផ្សេងទាំងអស់។

លទ្ធផលបណ្ដោះអាសន្ននៅឯខេត្តស្វាយរៀង គណបក្សប្រជាជនកម្ពុជា ក៏កំពុងនាំមុខដាច់ដែរ។ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានលើកឡើងថា លទ្ធផលបណ្ដោះអាសន្ន សម្រាប់ខេត្តស្វាយរៀង មានចំនួន៨០ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជា នាំមុខដាច់លើគណបក្សផ្សេងទាំងអស់។

ចំពោះខេត្តក្រចេះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានឲ្យដឹងថា លទ្ធផលបណ្ដោះអាសន្ន សម្រាប់ខេត្តក្រចេះ មានចំនួន៥៨៧ការិយាល័យ ស្មើនឹង៤៨ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជា នាំមុខដាច់លើគណបក្សផ្សេងទាំងអស់។

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី លើកឡើងដែរថា លទ្ធផលបណ្ដោះអាសន្ន សម្រាប់ខេត្តរតនគិរី មានចំនួន២៨៧ការិយាល័យ ស្មើនឹង៥០ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជា នាំមុខដាច់លើគណបក្សផ្សេងទាំងអស់។

អភិបាលខេត្តពោធិ៍សាត់ លោក ជាវ តាយ មានប្រសាសន៍ថា លទ្ធផលបណ្ដោះអាសន្ន សម្រាប់ខេត្តពោធិ៍សាត់ មានចំនួន៤៩ ឃុំសង្កាត់ ក្នុងចំណោម៧៣៨ការិយាល័យ គណបក្សប្រជាជនកម្ពុជា នាំមុខដាច់លើគណបក្សផ្សេងទាំងអស់។

លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងដែរថា លទ្ធផលបណ្ដោះអាសន្ន សម្រាប់ខេត្តឧត្តរមានជ័យ មានចំនួន ២៤ ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជា នាំមុខដាច់លើគណបក្សផ្សេងទាំងអស់។

និយាយពីខេត្តមណ្ឌលគិរីវិញ លោក ថង សាវុន អភិបាលខេត្តបានលើកឡើងថា លទ្ធផលបណ្ដោះអាសន្ន សម្រាប់ខេត្តមណ្ឌលគិរី មានចំនួន១៣៧ការិយាល័យ ស្មើនឹង២៤ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជា នាំមុខដាច់លើគណបក្សផ្សេងទាំងអស់។

លោក ជា សុមេធី អភិបាលខេត្តព្រៃវែង មានប្រសាសន៍ដែរថា លទ្ធផលបណ្ដោះអាសន្ន សម្រាប់ខេត្តព្រៃវែង មានចំនួន ១១៦ឃុំ សង្កាត់ ក្នុងចំណោម ១,៨៦១ការិយាល័យ គណបក្សប្រជាជនកម្ពុជា នាំមុខដាច់លើគណបក្សផ្សេងទាំងអស់។

លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ លទ្ធផលបណ្ដោះអាសន្ន សម្រាប់ខេត្តកំពង់ធំ មានចំនួន១,១៤២​ ការិយាល័យ ស្មើនឹង៨១ឃុំសង្កាត់ ក្នុងនោះគណបក្សប្រជាជនកម្ពុជា នាំមុខដាច់លើគណបក្សផ្សេងទាំងអស់ ចំនួន៧៨ឃុំសង្កាត់។

ដោយឡែកនៅឯខេត្តព្រះវិហារវិញ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តបានលើកឡើងដែរថា លទ្ធផលបណ្ដោះអាសន្ន សម្រាប់ខេត្តព្រះវិហារ មានចំនួន៥១ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជា នាំមុខដាច់លើគណបក្សផ្សេងទាំងអស់។

ខេត្តចុងក្រោយគេ គឺខេត្តតាកែវ ក៏គណបក្សប្រជាជនកម្ពុជា បាននាំមុខដាច់គណបក្សផ្សេងៗដែរ។ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានលើកឡើងថា លទ្ធផលបណ្ដោះអាសន្ន សម្រាប់ខេត្តតាកែវ មានចំនួន១០០ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជា មុខដាច់លើគណបក្សផ្សេងទាំងអស់ ហើយគណបក្សប្រជាជនទទួលបានអសនៈទាំងស្រុង (ស៊ីស) មានចំនួន៦ឃុំ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ លោក ប្រាជ្ញា ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានបញ្ជាក់ថា ប្រជាពលរដ្ឋ៧៧.៩១ភាគរយ ស្មើនឹងជាង៧.១លាននាក់ បានមកចូលរួមបោះឆ្នោត ក្នុងចំណោមអ្នកដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង៩.២លាននាក់។

ចាប់ពីម៉ោង៧ព្រឹកថ្ងៃដដែល ការិយាល័យបោះឆ្នោតទូទាំងប្រទេស បានបើកដំណើរការទាំងអស់ មិនមានការិយាល័យណាមួយមិនបើកនោះទេ។ ការបោះឆ្នោតដំណើរការ ចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង៣រសៀល។

ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណ្ណត្តិទី០៥នេះ មានការិយាល័យបោះឆ្នោតសរុបចំនួន ២៣,៦០២ ការិលាយ័យ។​ប្រជាពលរដ្ឋមានឈ្មោះបោះឆ្នោតសរុបចំនួន ៩,២០៥,៦៨១ ស្មើនឹង ៨៧,៩៤% នៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រីចំនួន ៤,៩០៤,៨៣២នាក់។​

Share.