ជួលបន្ទប់ផ្ទះសំណាក់ ឬសណ្ឋាគារ ក្រៅពីដើម្បីសម្រាន្ត និងស្នាក់អាស្រ័យ គឺដើម្បីការពារសុវត្ថិភាពសន្តិសុខ។ លើសពីនេះ ដើម្បីរក្សាភាពឯកជនរបស់ខ្លួនផងដែរ ដែលជាចំណែកមួយការពារដោយច្បាប់និងហៅជារួមថា «សិទ្ធិបុគ្គល»។
តើអ្វីទៅជាសិទ្ធិបុគ្គល? តាមក្រមរដ្ឋប្បវេណី មាត្រា១០ កំណត់អត្ថន័យសិទ្ធិបុគ្គល សំដៅទៅលើសិទ្ធិដែលមានអត្ថន័យពាក់ព័ន្ធនឹងជីវិត រូបកាយ សុខភាព សេរីភាព នាម កិត្តិយស ភាពឯកជន ឬសិទ្ធិផ្សេងទៀតដែលជាផលប្រយោជន៍ទាក់ទងនឹងលក្ខណបុគ្គល។ អ្វីទៅ ភាពឯកជន? ភាពឯកជន គឺសំដៅការសម្ងាត់របស់បុគ្គលឯកជន។



បុគ្គលទាំងឡាយណា ដែលបំពានសិទ្ធិបុគ្គល លើចំណុចណាមួយដូចរៀបរាប់ខាងលើ ត្រូវមានកាព្វកិច្ចទទួលខុសត្រូវ ទៅតាមសណ្ឋាននៃអំពើរបស់ខ្លួនថាចូលជារឿងរដ្ឋប្បវេណី ដែលមានកាតព្វកិច្ចត្រឹមជួសជុលសំណង ឬចូលជាករណីព្រហ្មទណ្ឌ ដែលត្រូវទទួលខុសត្រូវទាំងទោសពន្ធនាគារ ឬពិន័យជាប្រាក់?
តើករណីបំពាក់កាម៉េរាសុវត្ថិភាពក្នុងបន្ទប់សណ្ឋាគារ ជាករណីរដ្ឋប្បវេណី ឬជារឿងព្រហ្មទណ្ឌ?
បើនិយាយអំពីតួនាទីកាម៉េរាសុវត្ថិភាព ទី១ អាចឱ្យយើងមើលឃើញរូប និងគ្រប់សកម្មភាពដែលយើងធ្វើនិងវាចាប់បាន។ ទី២ អាចថតរក្សារូបទុក និងគ្រប់សកម្មភាព ដែលអាចចាក់មើលឡើងវិញបាន។ ផ្អែកតួនាទីទី២ គេអាចចាត់ទុកការដាក់កាម៉េរាបង្កប់តាមបន្ទប់សម្រាប់ជួលឱ្យភ្ញៀវនោះថាជាការលួចថតរូប និងសកម្មភាពឯកជនរបស់បុគ្គល។ បើបំពាក់កាម៉េរាក្នុងបន្ទប់ខ្លួនឯង ឬបន្ទប់ទទេមិនសម្រាប់ជួលឱ្យភ្ញៀវទេមិនខុសទាស់ទេ។
អង្គហេតុខាងលើ បើក្រឡេកមើលក្រមព្រហ្មទណ្ឌ មានកំណត់បទល្មើសមួយ គឺ បទប៉ះពាល់ដល់សិទ្ធិរូបភាពនៃបុគ្គល ក្នុងមាត្រា៣០២។ បទល្មើសនេះ សំដៅដល់អំពើថតរូបភាពនៃបុគ្គលនៅក្នុងទីកន្លែងឯកជន ដោយគ្មានការព្រមព្រៀងពីបុគ្គលនេះទេ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ខែ ទៅ១(មួយឆ្នាំ) និងពិន័យជាប្រាក់ពី១សែនរៀល ទៅ២លានរៀល។



តើសណ្ឋាគារជាទីកន្លែងឯកជនរបស់ជនរងគ្រោះដែរឬយ៉ាងណា? ជាការពិតសណ្ឋាគារទាំងមូល ពុំមែនជាកម្មសិទ្ធិរបស់ជនរងគ្រោះទេ។ ប៉ុន្តែនៅទីនេះ ជនរងគ្រោះទទួលបានសិទ្ធិមួយចំណែកតាមរយៈការជួល ដើម្បីប្រើប្រាស់ជាទីកន្លែងឯកជនរបស់ខ្លួនតាមថ្លៃឈ្នួល និងរយៈពេលកំណត់។ ចុះអ្វីទៅជាទីកន្លែងឯកជន? ទីកន្លែងឯកជន សំដៅទីកន្លែង ដែលជាកម្មសិទ្ធិផ្ទាល់ខ្លួនក្ដី ឬកម្មសិទ្ធិរបស់អ្នកដទៃ ដែលយើងទៅខ្ចី ស្នើសុំ ទៅជួល…សម្រាប់ប្រើប្រាស់ជាលក្ខណឯកជន ដែលមិនអាចឱ្យសាធារណជនចេញចូលអាស្រ័យដោយសេរីជាមួយយើងបាន។
និយាយអំពីការទាមទារសំណងរបស់ ដេននី ក្វាន់ ឮថាខាងសណ្ឋាគារផ្ដល់ឱ្យតែ១ម៉ឺនដុល្លារប៉ុណ្ណោះ តែនាងមិនទទួល ក៏បែករឿង។ តែគេមិនដឹងថានាងចង់ប៉ុន្មាននោះទេ។ មកដល់ចំណុចនេះ សូមបញ្ជាក់ដើម្បីកុំឱ្យមានការភាន់ច្រឡំរវាង ប្រាក់ពិន័យ និងសំណងរដ្ឋប្បវេណី។ ប្រាក់ពិន័យ ពុំមែនជនរងគ្រោះជាអ្នកទាមទារទេ គឺជាការសម្រេចរបស់ចៅក្រមកំណត់ជាស្រេចក្នុងច្បាប់ និងចូលជាថវិការដ្ឋ ពុំបានមកជនរងគ្រោះឡើយ។ ឯសំណងរដ្ឋប្បវេណី គឺជនរងគ្រោះ មានសិទ្ធិទាមទារសំណងរដ្ឋប្បវេណី ដោយផ្អែកតាមទំហំនៃការខូចខាត ឬការប៉ះពាល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ខ្លួន។ ច្បាប់មិនកំណត់ឱ្យទារប៉ុន្មាននោះឡើយ អាស្រ័យលើជនរងគ្រោះ ផ្អែកតាមភាពសមរម្យ និងសមហេតុផល។ សំណងរដ្ឋប្បវេណីនេះ ប្រសិនបើជនរងគ្រោះមិនទាមទារ ចៅក្រមពុំមានសិទ្ធិសម្រេចឱ្យទេ។ ចៅក្រម ក៏ពុំមានសិទ្ធិសម្រេចលើសពីការទាមទាររបស់ជនរងគ្រោះដែរ តែពុំមានន័យថា ជនរងគ្រោះទាមទារប៉ុន្មាន ចៅក្រមសម្រេចឱ្យប៉ុណ្ណោះនោះទេ។ ជារួម អាចសម្រេចឱ្យស្មើការទាមទារ ក្រោមការទាមទារ ឬសម្រេចមិនផ្ដល់សំណង ក៏មាន តាមការពិចារណារបស់ចៅក្រម៕
អត្ថបទ ៖ ឃុត ខេមី


