ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ បានបិទបញ្ចប់ហើយកាលពីល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ។ តាំងពីព្រលប់ថ្ងៃបោះឆ្នោត រហូតដល់ថ្ងៃនេះ លទ្ធផលនៃការបោះឆ្នោតត្រូវបានប្រកាសជាបន្តបន្ទាប់មិនទាន់ចប់នៅឡើយទេ។ ទន្ទឹមគ្នានឹងព្រឹត្តិការណ៍នេះ ត្រយង សូមផ្ដល់ជូនប្រិយមិត្តអ្នកអាននូវព័ត៌មានពាក់ព័ន្ធនឹងប្រាក់ឧត្ថម្ភប្រចាំខែរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ រាប់ទាំងមេឃុំ ចៅសង្កាត់។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ៣៥ អនក្រ.បក ចុះហត្ថលេខាដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តី តាមសំណើររដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីក្រសួងមុខាងារសាធារណៈ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ប្រាក់ឧត្ថម្ភសម្រាប់ថ្នាក់ដឹកនាំឃុំ សង្កាត់ ដែលរដ្ឋបានផ្ដល់ជូនប្រចាំខែមានដូចខាងក្រោម៖

-មេឃុំ ចៅសង្កាត់ ទទួលបានប្រាក់ឧត្ថម្ភចំនួន១លាន ១សែន ១ម៉ឺនរៀល ក្នុងមួយខែ។

-ជំទប់ទី១ ចៅសង្កាត់រងទី១ ជំទប់ទី២ ចៅសង្កាត់រងទី២ ទទួលបានប្រាក់ឧត្ថម្ភចំនួន៨សែន ៧ម៉ឺនរៀល ក្នុងមួយខែ។

-សមាជិកក្រុមប្រឹក្សាឃុំ សមាជិកក្រុមប្រឹក្សាសង្កាត់​ ទទួលបានប្រាក់ឧត្ថម្ភចំនួន៧សែន ៦ម៉ឺនរៀល ក្នុងមួយខែ។

នៅកម្ពុជាមានឃុំ សង្កាត់ សរុបចំនួន១៦៥២ឃុំ សង្កាត់។ ដោយឡែកចំនួនក្រុមប្រឹក្សាឃុំ សង្កាត់ មានចាប់ពី៥នាក់ ទៅ១១នាក់ អាស្រ័យទៅតាមប្រជាសាស្រ្ត និងភូមិសាស្ត្រនៃឃុំ សង្កាត់នីមួយៗ៕

Share.