ក្រុម​កីឡា​ការិនី​កីឡា​ហុកគី​កម្ពុជា កំពុង​តែ​ស្ថិត​នៅ​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី ដោយ​ត្រូវ​ចូលរួម​ប្រកួត​ជម្រុះ​ក្នុង​ព្រឹត្តិការណ៍ Woman’s Asian Games Qualifier 2022 ជាមួយ​​៧ប្រទេស​ផ្សេង​ទៀត ដើម្បី​ចម្រាញ់​យក​៦ក្រុម ធ្វើ​ដំណើរ​ទៅ​ប្រកួត​​ជាមួយ​៦​ក្រុម​កំពុង​រង់ចាំ។

លោក កាំង សុធា អគ្គលេខាធិការ សហព័ន្ធកីឡាហុកគីកម្ពុជា ថ្លែងប្រាប់ពីទីក្រុង​ហ្សាកាតា​ ប្រទេស​ឥណ្ឌូណេស៊ី៖«ជារួម យើងបានប្តេជ្ញាចិត្តខ្ពស់ថានឹងប្រឹងប្រែងប្រកួតឱ្យអស់ពីសមត្ថភាព បើ​ចាញ់ៗ​ឱ្យ​អស់​ពីលទ្ធភាព បើឈ្នះគឺឈ្នះប្រកបដោយភាពថ្លៃថ្នូ និងយុត្តិធម៌ ។ នៅក្នុងពេលហ្វឹកហាត់នេះ​ ក្រុម​នារី​កម្ពុជាក៏បានសាកល្បង ប្រកួតបច្ចេកទេសជាមួយម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី​ ដែល​ក្រុម​កម្ពុជា​នឹង​ត្រូវ​ប៉ះជាមួយឥណ្ឌូណេស៊ី នាប្រកួតចុងក្រោយបង្អស់ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២»។

ក្រុម​ដែល​ត្រូវ​ប្រកួត​ជម្រុះ​មាន៖
១) សិង្ហបុរី
២) កាហ្សាក់ស្ថាន
៣) ហុងកុង
៤) ស្រីលង្កា
៥) កម្ពុជា
៦) អ៊ូបេគីស្ថាន
៧) ឥណ្ឌូណេស៊ី (ម្ចាស់ផ្ទះ)

វគ្គ​ជម្រុះ​កីឡា​ហុកគី ផ្នែក​នារី​នេះ​ប្រកួត​ពី​ថ្ងៃ​ទី៦ ដល់​១៤ ខែ​មិថុនា ឆ្នាំ​២០២២ នៅ​ទីក្រុង​ហ្សាកាតា ខណៈ​គម្រោង​ប្រកួត​របស់​កម្ពុជា មាន៖
​៦ មិថុនា ម៉ោង​៤ល្ងាច ហុងកុង ប៉ះ កម្ពុជា
៧ មិថុនា ម៉ោង​២រសៀល ស្រីលង្កា ប៉ះ កម្ពុជា
៩ មិថុនា ម៉ោង​​២រសៀល កាហ្សាក់ស្ថាន ប៉ះ កម្ពុជា
១០ មិថុនា ម៉ោង​ម៉ោង​៤ល្ងាច សិង្ហបុរី ប៉ះ ​កម្ពុជា
១៣ មិថុនា ម៉ោង​៤ល្ងាច កម្ពុជា ប៉ះ អ៊ូបេគីស្ថាន
១៤ មិថុនា ម៉ោង​៦ល្ងាច កម្ពុជា ប៉ះ ឥណ្ឌូណេស៊ី

សូម​បញ្ជាក់​ថា​​ការ​ប្រកួត​កីឡា​ហុកគី ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី 2022 Asian Games នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង Hangzhou ប្រទេស​ចិន ចន្លោះ​ពី​ថ្ងៃ​ទី១១ ដល់២៤​ខែ​កញ្ញា ឆ្នាំ​២០២២ លើ​ទីលាន Gongshu Canal Sports Park Field Hockey Field។

ចំពោះ​វិញ្ញាសា​ហុកគី នារី​កំណត់​យក​១២​ក្រុម​ចូលរួម​ខណៈ​ក្រុម​ចំនួន​៦​បាន​កក់កៅអី​មុន​ហើយ ដូចជា ម្ចាស់​ផ្ទះ​ចិន, ឥណ្ឌា ជប៉ុន ម៉ាឡេស៊ី កូរ៉េខាងត្បូង និង​ថៃ ដែល​សល់​ពី​ការ​ប្រកួត 2018 Asian Games នៅ​ឥណ្ឌូណេស៊ី។ ដូច្នេះ​ក្រុម​ចំនួន​៦ ដែល​ធ្វើ​ល្អ​ក្នុង​វគ្គ​ជម្រុះWoman’s Asian Games Qualifier 2022 ខាង​លើ​នឹង​កក់​កៅអី​ទៅ​បំពេញ​បង្គ្រប់៕

Share.