មានដំណឹងល្ហិចល្ហៀងមកថា កញ្ញា សុគា គីមលាង (Kon Ant) តួឯកស្រីពីភាពយន្តភាគ «ព្រះភិក្ខុពនេចរ» នឹងចូលរួមប្រកួតក្នុងកម្មវិធីប្រឡងប្រជែងសម្រស់មួយនាពេលខាងមុខនេះ តបតាមការស្នើសុំនិងជំរុញពីអ្នកគាំទ្រ។
កញ្ញា សុគា គីមលាង គឺជាអ្នកសិល្បៈដែលមានរូបឆោមស្អាតនិងទទួលបានការកោតសរសើរច្រើនពីមហាជន ជាពិសេសរាល់ពេលដែលកញ្ញាគ្រងឈុតបុរាណ មហាជនតែងតែលាន់មាត់សរសើរពីសម្រស់របស់កញ្ញាថាពិតជាស្រស់ស្អាត និង លេចធ្លោប្រៀបដូចជាទេពអប្សរា ឬ ទេពអប្សរដែលគេតែងតែលើកដំណាលក្នុងរឿងព្រេងនិទាន។



យ៉ាងណាមិញចំពោះដំណឹងដែលលេចឮខាងលើក្រុមការងារអង្គភាពសារព័ត៌មានTroryorngnews បានធ្វើការទំនាក់ទំនងទៅកាន់សាមីខ្លួនកញ្ញាដើម្បីបកស្រាយនូវមន្ទិលសង្ស័យនេះ ថាតើកញ្ញាពិតជាមានគម្រោងចូលរួមប្រកួតឬគ្រាន់តែជាពាក្យចចាមអារ៉ាមនោះទេ។
កញ្ញា សុគា គីមលាង បានបញ្ជាក់តាមរយៈសារអេឡិចត្រូនិចថា៖ «កញ្ញា ពិតជាមានគម្រោងចូលរួមប្រកួតកម្មវិធី Miss Universe Cambodia (បវរកញ្ញាចក្រវាឡកម្ពុជា) មែន ប៉ុន្តែអាចនឹងចូលរួមនៅឆ្នាំក្រោយ ព្រោះកញ្ញាត្រូវការពេលវេលាសម្រាប់ត្រៀមលក្ខណៈសម្បត្តិសិន»។
កញ្ញាបន្តទៀតថា «ចំពោះគោលបំណងចូលរួមការប្រកួតនេះកញ្ញាមានគោលបំណងជាយូរមកហើយ ប៉ុន្តែដោយសារមិនមានការជំរុញនិងលើកទឹកចិត្តទើបកញ្ញាមិនបានចូលរួមប្រកួត តែមួយរយៈចុងក្រោយពោលគឺក្នុងឆ្នាំ ២០២១ នេះ មានអ្នកគាំទ្រ ក៏ដូចជាមិត្តភក្ដិបានជំរុញនិងលើកទឹកចិត្តឱ្យកញ្ញាចូលរួមប្រកួត ទើបកញ្ញាសម្រេចចិត្តចូលរួមប្រកួត។»



តួឯកស្រី «ព្រះភិក្ខុពនេចរ» ក៏បានបញ្ជាក់មកកាន់អ្នកសារព័ត៌មានយើងដែរថា សម្រាប់ការប្រកួត Miss Universe 2021 នេះ កញ្ញាមិនទាន់ចូលរួមប្រកួតនោះទេ ព្រោះលឿនពេកហើយកញ្ញាក៏នៅមិនទាន់បានត្រៀមលក្ខណៈបានគ្រប់គ្រាន់ តែកញ្ញាគិតថាកញ្ញានឹងចូលរួមប្រកួតនៅឆ្នាំក្រោយ ដែលជាពេលវេលាមួយសមល្មមសម្រាប់កញ្ញា។
សូមរំលឹកឡើងវិញថា កញ្ញា សុគា គីមលាង ជានាដការៀនចប់ជំនាញរបាំបុរាណនៅសាលាមធ្យមវិចិត្រសិល្បៈ មានការចាប់អារម្មណ៍និងល្បីខ្លាំងក្នុងការសម្តែងជាតួទេពធីតាសង្ក្រាន្ត កាលពីឆ្នាំ២០១៨ មួយវិញទៀត កញ្ញាជាអ្នកសិល្បៈមានអត្តចរិតស្រគត់ស្រគំ ហើយក៏ប្រកាន់គោលជំហរថតតែកុនបែបបុរាណតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនក៏ដូចជាក្រុមគ្រួសារផងដែរ៕


