រដ្ឋបាលខេត្តកោះកុងបានសម្រេចបិទជាបណ្ដោះអាសន្ន នូវតំបន់ទេសចរណ៍មួយចំនួនក្នុងស្រុកស្រែអំបិល និងស្រុកថ្មបាំង ដែលកំពុងមានការឆ្លងរាលដាលជំងឺកូវីដ១៩។

តំបន់ទេសចរណ៍ដែលត្រូវបិទបណ្ដោះអាសន្នទាំងនោះរួមមាន៖ ឆ្នេរនេសាទ, ឆ្នេរកោងកាង ស្ថិតក្នុងឃុំជ្រោយស្វាយ, កោះខ្យង ស្ថិតក្នុងឃុំជីខក្រោម និងស្ទឹងពពក ស្ថិតក្នុងឃុំដងពែង នៃស្រុកស្រែអំបិល ដែលជាតំបន់កំពុងមានការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ចូលក្នុង      សហគមន៍ និងបិទជាបណ្ដោះអាសន្ននូវ សហគមន៍អេកូទេសចរណ៍ជីផាត ស្ថិតក្នុងឃុំជីផាត នៃស្រុកថ្មបាំង ចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី។

ការសម្រេចបិទភូមិសាស្ត្រទាំងនេះជាបណ្តោះអាសន្នត្រូវបានរដ្ឋបាលខេត្តកោះកុងអះអាងថា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

ជាការកត់សំគាល់រយៈពេលប៉ុន្មានថ្ងៃនេះ នៅក្នុងឃុំមួយចំនួនរបស់ស្រុកស្រែអំបិលខេត្ត កោះកុងមានករណីឆ្លងកូវីដ១៩កើតឡើងជាបន្តបន្ទាប់រហូតដល់ជិត១០០នាក់ហើយ៕

Share.