ក្រោយ​បញ្ចាំង​ត្រឹម​តែ​ ២​សប្ដាហ៍​ប៉ុណ្ណោះ​​នៅ​​តំបន់​អាមេរិក​ខាង​ជើង ភាពយន្ត​ «Top Gun: Maverick» គឺ​ជា​ភាពយន្ត​ខ្នាត​ធំ​ដែល​រក​បាន​ប្រាក់​ចំណូល​ខ្ពស់​ជា​ងគេ​បំផុត​​ក្នុង​អាជីព​សិល្បៈ​របស់​​ Tom Cruise ​។

យោង​តាម​សារព័ត៌មាន​ Variety ភាពយន្ត​​ខ្នាត​ធំ​​មួយ​នេះ​បាន​បន្ត​ទាក់​​បេះដូង​អ្នក​ទស្សនា​រហូត​​កាន់​ពាន​ជា​ភាពយន្ត​ដែល​រក​បាន​ចំណូល​ខ្ពស់​បំផុត​ត្រឹម​២​សប្ដាហ៍​ដំបូង​ដែល​ចាក់​បញ្ចាំង​។ សប្ដាហ៍​មុន​ភាពយន្ត​នេះ​រក​បាន​ចំណូល​បន្ថែម​ចំនួន​៨៦​លាន​ដុល្លារ​ទៀត​ពី​រោង​ភាពយន្ត​ចំនួន​៤៧៥១​កន្លែង​នៅ​ជុំវិញ​តំបន់​អាមេរិក​ខាង​ជើង​ នាំ​ឱ្យ​ចំណូល​សរុប​កើនឡើង​ដល់​ ២៩១លាន​ដុល្លារ​។ ចំណូល​សរុប​នៃ​ភាពយន្ត​រដូវកាល​ទីពីរ​ Top Gun នេះ​បាន​យក​ឈ្នះ​ភាពយន្ត​ War of The Worlds (២៤៣​លាន​ដុល្លារ​) ក្លាយ​ជា​ភាពយន្ត​ក្នុង​ស្រុក​ដែល​រក​បាន​ចំណូល​ខ្ពស់​បំផុត​របស់​ Tom Cruise។

ថ្មីៗ​នេះ​ភាពយន្ត​ល្បីល្បាញ​ច្រើន​រឿង​​ដូច​ជា​ Spider Man No Way Home ឬ​ Doctor Strange in the Multiverse of Madness នៅ​សប្ដាហ៍​ទីពីរ​អត្រា​លក់​សំបុត្រ​បាន​​ធ្លាក់​ចុះ​រហូត​ដល់​​ទៅ​ ៦៧%​ ចំណែកឯ​​រឿង​ The Batman អត្រា​លក់​សំបុត្រ​ក៏​ធ្លាក់​ចុះ​៥០%ភាគ​ដែរ​​ក្នុង​សប្ដាហ៍ទីពីរ​ ខណៈ​​​​រឿង​ Top Gun: Maverick របស់​ Tom Cruise អត្រា​លក់​សំបុត្រ​ចូល​ទស្សនា​ធ្លាក់​ចុះ​តែ​ត្រឹម​៣០​ភាគរយ​ប៉ុណ្ណោះ​។

សារ​ព័ត៌មាន​ធំៗ​របស់​អាមេរិក​មាន​ Variety , The Independent និង​ IndieWire បាន​ចាត់​ទុក​ថា​រឿង​នេះ​គឺជា​ស្នាដៃ​ល្អ​បំផុត​របស់​ Tom សម្រាប់​ការ​សម្ដែង​របស់​លោក​រយៈ​ពេល​ជាង​៤០​ឆ្នាំ​មក​នេះ​។

សម្រាប់​ទីផ្សារ​បញ្ចាំង​ក្រៅ​ស្រុក​ផ្សេងៗ​ទៀត​នោះ​រក​ចំណូល​បាន​ ២៥៧​លាន​ដុល្លារ​ នាំ​ឱ្យ​បំណូល​សរុប​ទូទាំង​ពិភពលោក​មាន​ចំនួន​ ៥៤៨​លាន​ដុល្លារ​។ លោក​ស្រី​ Rebecca Rubin អ្នក​សារព័ត៌មាន​ប្រចាំ​ Variety បាន​លើក​ឡើង​ថា​​ភាពយន្ត​នេះ​រក​បាន​ចំណូល​ខ្ពស់​បំផុត​នៅ​លើ​ Box Office បើ​ទោះ​ជា​​យក​ទៅ​ប្រៀប​ធៀប​ជាមួយ​នឹង​ភាពយន្ត​បញ្ចាំង​ក្នុង​រោង​មុន​កូវីដ-១៩ ផ្ទុះ​ឡើង​ក្ដី​។

ភាពយន្ត​​ «Top Gun» នេះ​ Tom Cruise ធ្លាប់​សម្ដែង​ម្ដង​កាល​ពី​៣៥​ឆ្នាំ​មុន​ ដោយ​សម្ដែង​ជា​តួ​អង្គ​ Pete Mitchell ហើយ​រឿង​ថ្មី​នេះ​គឺជា​បេសកកម្ម​​​ថ្មី​មួយ​ទៀត​ដែល​តួ​អង្គ​ Mitchell ត្រូវ​តែ​ប្រតិបត្តិការ​។ វគ្គ​ថ្មី​នេះ​លោក​ត្រូវ​សហការ​ជាមួយ​នឹង​តួអង្គ​ឈ្មោះ​​ Bradley ដែល​​ជា​កូន​របស់​មិត្ត​សម្លាញ់​របស់​លោក​កាល​ពី​វគ្គ​ទី​មួយ​។

រឿង​នេះ​ត្រូវ​បាន​ពន្យា​ពេ​ល​ម្ដង​ហើយ​ម្ដ​ងទៀត​ដោយ​សារ​តែ​បញ្ហា​កូវីដ​ ទម្រាំ​តែ​បាន​បញ្ចាំង​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា​កន្លង​ទៅ​រឿង​នេះ​ត្រូវ​បាន​ពន្យា​ពេល​បញ្ចាំង​រហូត​ដល់​ទៅ​២​ឆ្នាំ​ពេញ​៕

Share.