បើតាម​សារព័ត៌មាន Goal.com ជា​ភាសា​ថៃ បាន​បញ្ជាក់​ថា​លោក Newin Chidchob ប្រធាន​ក្លិប Buriram United របស់​ថៃ បាន​អនុញ្ញាត​​ឱ្យ​កីឡាករ Sasalak Haiprakhon ប្តូរ​ទៅ​ប្រកប​អាជីព​​ក្នុង​ក្លិប​យក្ស​របស់​កូរ៉េខាងត្បូង Jeonbuk Hyundai Motors ក្នុង​លក្ខខណ្ឌ​ខ្ចីជើង​រយៈពេល​៦ខែ។

ប្រភព​បន្តថា​តាម​ពិត​​ក្លិប Jeonbuk Hyundai Motors បាន​ទាក់ទង​​ខ្ចី​ជើង​កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ​តាំង​ពី​ដើម​ឆ្នាំ​២០២១ មក​ម៉្លេះ ប៉ុន្តែ​ដោយ​សារ​សកម្មភាព​ប្រកួត​ក្នុង​លីគ​កំពូល​ប្រទេស​ថៃ នៅ​ដំណើរ​ការ​ទើប​បាន​ពន្យារ​ពេល​មក​ទល់​នឹង​ពេល​នេះ​តែ​ម្ដង។ ក្លិប​កូរ៉េខាងត្បូង មួយ​នេះ​ធ្លាប់ ឈ្នះ​ជើង​ឯក​លីគ​កំពូល​ប្រទេស​ខ្លួន​រហូត​ដល់​ទៅ​៨ដង និង​ធ្លាប់​ឈ្នះ​ជើង​ឯក​​ទ្វីប​អាស៊ី AFC Champions League នៅ​ឆ្នាំ​២០០៦ និង​២០១៦។

កីឡាករ Sasalak និងលោក Newin Chidchob នាពេលកន្លងមក

កីឡាករ Sasalak Haiprakhon ជា​ខ្សែ​ការពារឆ្វេង​ ធ្លាប់​ជា​យុវជន​ថ្នាល​នៅ​ក្លិប​Surasakmontree School ក្នុង​ស្រុក​កំណើត ហើយ​នៅ​ឆ្នាំ​២០១៤ រូប​គេ​បាន​ចុះ​កិច្ចសន្យា​ជា​កីឡាករ​អាជីព​នៅ​ក្លិប​Bangkok United សមាជិក​លីគ​កំពូល​ថៃ Thai League 1 ហើយ​នៅ​ឆ្នាំ​២០១៧ រូប​គេ​ត្រូវ​បាន​ក្លិប Buriram Untied ខ្ចី​ជើង​ និង​បន្ត​ចុះ​កិច្ចសន្យា​​ផ្លូវការ​ក្នុង​ក្រុម​តែ​ម្ដង។ ក្រោយ​ទៅ​ដល់ Buriram United ធ្លាប់​ឈ្នះ​ពានរង្វាន់​ជើង​​លីគ​កំពូល​ថៃ បាន​២លើក​នៅ​​ឆ្នាំ​២០១៧ និង​២០១៨ និង​នៅ​ឆ្នាំ​២០១៩ ឈ្នះ​ពាន Thailand Champions Cup។

រូប​គេ​ធ្លាប់​ជាប់​ជម្រើស​ជាតិ​ថៃ ក្រោម​អាយុ​១៦​ឆ្នាំ​នៅ​ឆ្នាំ​២០១៦ ហើយ​ឆ្នាំ​២០១៧ ត្រូវ​បាន​កោះហៅ​ចូល​ក្រុម U23 ហើយ​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម​ឆ្នាំ​២០១៧ នៅ​ម៉ាឡេស៊ី និង​ឈ្នះ​ពាន Dubai Cup នៅ​ឆ្នាំ​ជាមួយ​គ្នា​ផង​ដែរ។ នៅ​ឆ្នាំ​២០១៨ បាន​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ថៃ៕

Share.