ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បាន​​បង្ហាញ​ទស្សនៈ​ផ្ទាល់​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្លូវការ​របស់​ឯកឧត្តម​ផ្ទាល់​ជុំ​វិញ រឿង​​ការ​ធ្វេសប្រហែស​មក​លើ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា កំពុង​ស្ថិត​នៅ​ប្រទេស​ឥណ្ឌា ដើម្បី​ចូលរួម​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី 2023 AFC Asian Cup qualification ក្នុង​ពូល D។

ទស្សនៈ​ទាំង​ស្រុង​របស់​ឯកឧត្តម ហ៊ុន ម៉ានី មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម៖

«នៅពេល​ការ​ប្រកួត​បាល់​ទាត់​រវាង​ក្រុម​ជម្រើស​ជាតិ​៣ ប្រទេស យើងឃើញថា៖

  1. ឈ្នះ ឬចាញ់គឺជាផ្នែកមួយនៃការប្រកួត
  2. កម្រិតនៃបដិសណ្ឋារកិច្ចអាស្រ័យលើប្រទេសម្ចាស់ផ្ទះ ឬទីកន្លែងប្រកួត
    ជាយ៉ាងណាក៏ដោយ យ៉ាងហោចណាស់ គឺត្រូវយកចិត្តទុកដាក់បំផុត​ នៅ​ពេល​គោរព​ទង់ជាតិ​នៃ​ប្រទេស​ជា​ភ្ញៀវ។ខ្ញុំ​បាន​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​អ្វី​ដែល​បាន​កើត​ឡើង​កាល​ពី​ម្សិល​មិញ​ក្នុង​ការប្រកួតក្របខ័ណ្ឌAFC Asian Cup ដែល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌា ហើយ​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​អំឡុង​ពេលគោរព​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
    មិន​ថា​វា​ជា​កំហុស ​ឬ​បញ្ហា​បច្ចេកទេស​ទេ ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​ការ​ពន្យល់​គ្រប់គ្រាន់​ទៅ​លើ​បញ្ហា​នេះ។

ក្នុងនាមខ្ញុំជាពលរដ្ឋកម្ពុជា ខ្ញុំគាំទ្រសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ដើម្បីស្វែងរកចម្លើយ និងការពន្យល់បន្ថែមពី AFC និងម្ចាស់ផ្ទះ។ ខ្ញុំ​សង្ឈឹមថា នឹងមានការ​ប្រុង​ប្រយ័ត្ន​ទុកខ្ពស់ជាងមុន​សម្រាប់​ព្រឹត្តិការណ៍​នា​ពេល​អនាគត ដើម្បី​កុំ​ឲ្យ​បញ្ហា/កំហុស​នេះ​កើត​ឡើង​ជា​ថ្មី​ទៀត​សម្រាប់​គ្រប់ក្រុមជម្រើសជាតិ​។

ជូនចំពោះបងប្អូនជនរួមជាតិ សូមអត់ធ្មត់ រង់ចាំការពន្យល់ និង​ផ្តោត​សំខាន់​ក្នុង​ការ​គាំទ្រ​ក្រុម​ជម្រើស​ជាតិ​របស់យើង ដែលគ្រោងនឹងមានការប្រកួតពីរទៀត។ ​ជាងនេះទៅទៀត​ ពួក​គាត់​ត្រូវ​ការ​ការ​គាំទ្រ​ផ្នែក​ស្មារតី និងការអបអរសាទរពីពួកយើង។

សូម FFC ដែលមាន ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន បន្ត​ចាត់​វិធាន​ការ​ចាំបាច់​ទាំង​អស់ ដើម្បីការពារក្រុមជម្រើសជាតិយើងពេលដែលពួកគេ​ចេញ​ទៅ​ប្រកួត​ក្រៅ​ប្រទេស។សម្រាប់​ក្រុម​ជម្រើស​ជាតិ​របស់​យើង ទាំងគ្រូបង្វិក និងកីឡាកររបស់យើង យើង​មាន​មោទនភាព​ចំពោះ​អ្នក​ទាំង​អស់​គ្នា មិនថាក្នុងកាលៈទេសៈអ្វីក៏ដោយ ត្រូវរឹងមាំ និងធ្វើឱ្យអស់ពីសមត្ថភាព! ប្រជាជន​ទាំង១៦លាននាក់របស់យើងនឹងឈរនៅទីនេះគាំទ្រអ្នកនៅគ្រប់ការប្រកួត​តំណាងជាតិ»។

សូម​បញ្ជាក់​ថា​កម្ពុជា ស្ថិត​នៅ​ក្នុង​ពូល D នៃ​វគ្គ​ជម្រុះ 2023 AFC Asian Cup qualification ជាមួយ​ម្ចាស់​ផ្ទះ​ឥណ្ឌា ហុងកុង និង​អាហ្វហ្គានីស្ថាន។ ប្រកួត​បើក​ឆាក​នៅ​រាត្រី​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០២២ កម្ពុជា បាន​ចាញ់​ឥណ្ឌា ២-០ ឯ​ហុងកុង ឈ្នះ​អាហ្វហ្គានីស្ថាន ២-១។

សម្រាប់​ប្រកួត​បន្ត​មាន៖
១១ មិថុនា ២០២២
ម៉ោង ៦:៣០នាទីយប់ កម្ពុជា ប៉ះ ហុងកុង
ម៉ោង ១០យប់ អាហ្វហ្គានីស្ថាន ប៉ះ ឥណ្ឌា

Share.