រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជ្រើសរើសពលទាហានថ្មីចំនួន៦០០នាក់ ដើម្បីបំពេញក្របខ័ណ្ឌឱ្យ៣កងវរសេនាតូចបង្កើតថ្មី ចំណុះបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការដ្ឋាន។ នេះបើតាមសេចក្ដីសម្រេចចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលត្រូវបានចែកផ្សាយនៅថ្ងៃនេះ។

នេះជាលើកទី២ ក្នុងរយៈពេល៣ខែចុងក្រោយដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យជ្រើសរើសកងទ័ពថ្មី។ កាលពីថ្ងៃទី២៦ ខែមេសា រាជរដ្ឋាភិបាលក៏បានសម្រេចឱ្យជ្រើសរើសពលទាហានថ្មី៤០២នាក់ ដើម្បីត្រៀមរៀបចំកងកាំជ្រួចការពារអាកាសរយៈកំពស់មធ្យម ស្ថិតក្រោមចំណុះបញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការដ្ឋាន។

កាលពីថ្ងៃទី៨ ខែមិថុនា ម្សិលមិញ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិបានគូសបញ្ជាក់ថារាជរដ្ឋាភិបាលនឹងបញ្ជាទិញអាវុធធន់ធ្ងន់ទំនើបៗបន្ថែមទៀត ដើម្បីយកមកប្រើប្រាស់សម្រាប់កិច្ចការពារខ្លួនឱ្យសមស្របក្នុងការគំរាមកំហែងពីប្រទេសនានា។

ថ្លែងយ៉ាងក្នុងពិធីបើកការដ្ឋានសាងសង់នៅមូលដ្ឋានសមុទ្ររាម សម្ដេច ទៀ បាញ់ បានមានប្រសាសន៍ថា«បច្ចុប្បន្នយើងកំពុងធ្វើការហឺកហ្វឺនជំនាញ បញ្ហាបច្ចេកទេស និងប្រើប្រាស់នៅ ពេលអនាគត នៅពេលខាងមុខកម្ពុជានឹងទទួលជំនួយពីប្រទេសជាមិត្ត ហើយនឹងទិញអាវុធ ធន់ធ្ងន់ ទំនើបៗ»។

សម្តេចពិជ័យសេនាក៏បានសង្កត់ធ្ងន់ដែរថាការទិញសម្ភារសឹក ធន់ធ្ងន់ទំនើបៗពីប្រទេសនានាសម្រាប់ពង្រឹងសមត្ថភាពយោធារបស់ខ្លួនស្របតាមមាត្រា៥៣នៃរដ្ឋធម្មនុញ្ញកម្ពុជា ហើយថាកម្ពុជាគ្មានចេតនាគំរាមកំហែងប្រទេសណាមួយ និងក៏មិនជំទាស់រាល់ការពង្រឹងសមត្ថភាពកងទ័ពប្រទេសដទៃដែរ៕

Share.