ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានមានប្រសាសន៍ថានៅបោះ​ឆ្នោត​​ជ្រើស​តាំងតំណាងរាស្ត្រនៅក្នុងឆ្នាំ២០២៣ ខាងមុខនេះគណបក្សប្រជាជនកម្ពុជាអាចនឹងទទួលអាសនៈក្នុងសភាចំនួន១០៤កៅអី  ខណគណបក្សភ្លើង​ទៀននឹងទទួលបាន​អាសនៈ២១កៅអី។ បើតាមឯកឧត្តម សួស យ៉ារ៉ា ការព្យាករណ៍ខាងលើនេះ គឺផ្អែកតាមការវិភាគលទ្ធ​ផល​​នៃ​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ។

យ៉ាងណាក៏ដោយ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយ ឯកអគ្គរាជ​ទូត-រដ្ឋទូតប្រចាំកម្ពុជាស្តីពីដំណើរការប្រជាធិបតេយ្យក្នុងការបោះ​ឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាលពីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ នៅវិមានរដ្ឋសភានោះ ឯកឧត្តម សួស យ៉ារ៉ា ដែលក៏ជាអ្នកនាំពាក្យមួយរូបក្នុងចំណោមអ្នកនាំពាក្យ៣រូបនៃគណបក្សប្រជាជនកម្ពុជាបានអះអាងថាលទ្ធផលនេះអាចមានការប្រែប្រួលប្រសិនបើមានគណបក្សនយោបាយថ្មីៗ«ប៉ុន្តែក៏អាចមានគណបក្សផ្សេងទៀតដែរ ដែល​កើតឡើងក្នុងពេលជាក់ស្តែង»។  

គួរកត់សម្គាល់ថានៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥កន្លងទៅថ្មីៗនេះ ក្នុងចំណោមឃុំ សង្កាត់ទាំង១ ៦៥២ឃុំ សង្កាត់ គណបក្សប្រជាជនកម្ពុជា បានទទួលសំឡេកឆ្នោតគាំទ្រពីប្រជាពលរដ្ឋឱ្យកាន់កាប់តំណែងមេឃុំ ចៅសង្កាត់ស្ទើរទាំងអស់។ គណបក្សភ្លើងទៀនឈ្នះបានអាសនៈមេឃុំ ចៅសង្កាត់តែ៤ឃុំ នឹងអាសនៈក្រុមប្រឹក្សាជាង២ពាន់ ខណៈគណបក្សផ្សេងៗទៀតឈ្នះបានអាសនៈក្រុមប្រឹក្សាបន្តិចបន្តួចដែរ ប៉ុន្តែមិនបានឈ្នះតំណែងមេឃុំ សង្កាត់ឡើយ។ អាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ មានសរុបជាង១ម៉ឺន១ពាន់អាសនៈ។

សូមបញ្ជាក់ថារដ្ឋសភា មានអាសនៈសរុប១២៥កៅអី។ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ ឆ្នាំ២០១៨ ដែលមានគណបក្សចូលរួមប្រកួតប្រជែងចំនួន២០គណបក្សនោះ គណបក្សប្រជាជនកម្ពុជាបានឈ្នះអាសនៈទាំង១២៥កៅអី ខណៈអតីតគណបក្សសង្គ្រាះជាតិដែលធ្លាប់ឈ្នះបានអាសនៈ៥៥កៅអីនៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ ត្រូវបានតុលាការរំលាយកាលពីឆ្នាំ២០១៧៕

Share.