តើជាកំហុសអ្នកណា? មន្រ្តីថាផ្លូវល្បឿនលឿន មិនទាន់អនុញ្ញាតឱ្យពលរដ្ឋទូទៅធ្វើដំណើរនៅឡើយទេ ក្នុងពេលដែលការសាងសង់ក៏មិនទាន់រួចរាល់។ ករណីអនុញ្ញាតឱ្យបើកបរលើផ្លូវក្នុងពេលនេះបាន លើកលែងតែករណីពិសេសប៉ុណ្ណោះ។ ប៉ុន្តែហេតុអ្វីនៅតែមានពលរដ្ឋធម្មតាអាចធ្វើដំណើរលើផ្លូវនេះបាន?

និយាយយ៉ាងដូច្នេះ ក៏មិនមែនព្រោះតែការកើតទុក្ខមិនសុខចិត្តនឹងពលរដ្ឋបានធ្វើដំណើរលើផ្លូវដ៏ធំសម្បើមអស្ចារ្យ និងទើបតែមានមួយគត់នៅកម្ពុជានេះទេ។ ប៉ុន្តែបញ្ហានៅត្រង់ថាក្នុងពេលផ្លូវនេះសាងសង់មិនទាន់រួចរាល់នោះ វាងាយនឹងបង្កគ្រោះថ្នាក់ណាស់សម្រាប់ការធ្វើដំណើរ ពិសេសពលរដ្ឋដែលមិនស្គាល់ស្ថានភាពផ្លូវ។

មែនទែនទៅ មន្រ្តីក៏បាននិយាយរឿយៗដែរពីករណីហាមប្រាមនេះ និងហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ក៏ប៉ុន្តែនៅតែមានការបណ្ដែតបណ្ដោយឱ្យពលរដ្ឋធ្វើដំណើររាល់ថ្ងៃ។ ពលរដ្ឋមានះចង់ប្រើផ្លូវនេះ​ បានចំណាយប្រាក់មួយចំនួនឱ្យក្រុមសន្តិសុខប្រចាំការនៅបារាស់បិទផ្លូវ ជាថ្នូរនឹងការចូលធ្វើដំណើរដោយបំពាន។

ទីបំផុតគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងជាបន្តបន្ទាប់។ កាលពីថ្ងៃទី៥ ខែមិថុនា មនុស្ស៣នាក់បានរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តពីរគ្រឿង និងក្លាយជាករណីគ្រោះថ្នាក់ដំបូងបង្អស់លើផ្លូវល្បឿនលឿនមួយនេះ។ នៅថ្ងៃទី៨ មិថុនា គ្រោះថ្នាក់ចរាចរណ៍មួយទៀតរវាងរថយន្ត និងម៉ូតូក៏បានកើតឡើងដែរ។

កុំថាឡើយផ្លូវសាងសង់មិនទាន់រួចដែលពលរដ្ឋបើកបរអាចមានគ្រោះថ្នាក់ សូម្បីតែផ្លូវនេះសាងសង់រួចហើយក៏ដោយ ក៏អ្នកបើកបរទាំងអស់ត្រូវទទួលការអប់រំជាមុនសិនដែរអំពីលក្ខណ្ឌនៃការប្រើប្រាស់ផ្លូវនេះ ព្រោះវាជាប្រភេទផ្លូវថ្មី និងផ្លូវល្បឿនលឿន។ ប៉ុន្តែហេតុអ្វីបានជាមន្រ្តីបណ្ដែតបណ្ដោយយ៉ាងដូច្នេះទៅវិញ?

ពលរដ្ឋយើងមួយចំនួនក៏ដូចគ្នាដែរ។ ហេតុអ្វីក៏បានជាទៅប្រថុយម្លេះ។ ផ្លូវនេះគង់តែបានប្រើប្រាស់ទេតើ។ ម្ដេចមិនរង់ចាំបន្តិចទៅ។ ផ្លូវណាក៏អាចមានគ្រោះថ្នាក់ដែរ តែផ្លូវនេះជាផ្លូវដែលគេកំពុងសាងសង់ ហើយអ្នកជំនាញក៏អះអាងរួចហើយថាងាយកើតមានគ្រោះថ្នាក់ណាស់។

ពីខ្ញុំបាទ និស្សិតម្នាក់ នៅសាកលវិទ្យាល័យជាតិបាត់ដំបង

សម្រួលដោយត្រយង

ប្រិយមិត្តត្រយង ដែលចង់ចែករំលែកនូវបទពិសោធល្អៗ និងស្ថានភាពសង្គមនានា ព្រមទាំងរឿងរ៉ាវស្នេហាផ្សេងៗ ក៏អាចផ្ញើអត្ថបទមកចុះផ្សាយនៅសារព័ត៌មានត្រយងបាន ដោយទាក់ទងមកតាមរយៈលេខទូរសព្ទ ភ្ជាប់នឹងតេឡេក្រាមដូចខាងក្រោមនេះ៖

  • ០១២ ៧៨៧ ៦៦៣
  • ០១២ ៥៦៧ ៤៦៨
  • ០៩៩ ៥៨៨ ៨៨០

Share.