ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ផ្តើមចេញពីទុស្សេខ្សែភ្លើង បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៥៥នាទីរសៀល ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង (ព្រែកបារាំង) ភូមិតាង៉ូវ ក្រុម០៦ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ផ្ទះមួយខ្នងខាងលើ សង់ពីឈើលើ ថ្មក្រោម ទំហំ៨ម៉ែត្រx១២ម៉ែត្រ ចែកចេញជា៣បន្ទប់ រស់នៅ៣គ្រួសារ ម្ចាស់ទី១ ឈ្មោះ អ៊ុក សារ៉ុម ភេទ ប្រុស អាយុ ៥៣ ឆ្នាំ មុខរបរ លក់ដូរ ។ ម្ចាស់ទី២ ឈ្មោះ អ៊ុក ផាន់ណា ភេទ ប្រុស អាយុ២៨ ឆ្នាំ មុខរបរ លក់ដូរ ។ ម្ចាស់ទី៣ ឈ្មោះ ប៉ុល សុភី ភេទ ប្រុស អាយុ៤៨ ឆ្នាំ មុខរបរ រត់ម៉ូតូកង់កង់បី ។

តាមសមត្ថកិច្ចបានឲ្យដឹងថា គ្រោះអគ្គិភ័យខាងលើផ្តើមចេញពីទុស្សេខ្សែភ្លើង ឆាបឆេះអស់ផ្ទះមួយខ្នងទាំងស្រុង អស់ទាំងទ្រព្យសម្បត្តិ ហើយត្រូវបានរថយន្តពន្លត់អគ្គិភ័យចំនួន៧គ្រឿង ចេញទៅអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើង រហូតដល់វេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃដដែលទើបភ្លើងរលត់ មិនរាលដាលទៅផ្ទះផ្សេង ហើយក៏គ្មានអ្នកណារងរបួសដែរ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.