គិតត្រឹមថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ កសិករទូទាំងប្រទេសកម្ពុជាទើបតែធ្វើស្រែបានជាង២៩ភាគប៉ុណ្ណោះនៃផែនការ។ ក្រសួងកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃនេះបានចេញផ្សាយថាឆ្នាំនេះ ទឹកភ្លៀងបានចាប់ផ្ដើមធ្លាក់លឿន និងមានបរិមាណច្រើនជាងបណ្ដាឆ្នាំមុនៗធ្វើឱ្យប៉ះពាល់ការបង្កបង្កើនផលដំណាំស្រូវវស្សា។

បើតាមលិខិតបង្ហោះលើទំព័រហ្វេសប៊ុករដ្ឋមន្រ្តីក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន នៅព្រឹកថ្ងៃទី១០ ខែមិថុនា​នេះ តំបន់តំនាបកណ្ដាលដែលបានព្រោះស្រូវដើមរដូវវស្សាបានមួយចំនួនរួចមកហើយនោះក៏ត្រូវរងផលប៉ះពាល់ និងខូចខាតដោយសារជំនន់ទឹកភ្លៀងផងដែរ ពោលគឺមិនមែនត្រឹមតែប៉ះពាល់ដល់កសិករត្រៀមធ្វើស្រូវនោះទេ។

ក្រសួងបានបញ្ជាក់ថា«គិតត្រឹមថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ល្បឿនការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សាអនុវត្តបាន ប្រមាណ៧៦២ ៥៤២ហិកតា ស្មើនឹង២៩,១១% នៃផែនការ២ ៦១៩ ៥០០ហិកតា គឺតិចជាងឆ្នាំ២០២១ ចំនួនប្រមាណ៦៥០ ០០០ហិកតា ដែលប្រការនេះអាចធ្វើឱ្យប៉ះពាល់ដល់ផែនការផលិតកម្មប្រចាំឆ្នាំ»។

ក្រសួងកសិកម្មក៏បានសម្ដែងក្ដីព្រួយបារម្ភដែថាបញ្ហានេះអាចនឹងឈានដល់ការប៉ះពាល់សន្តិសុខស្បៀង និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការ ជំរុញផលិតកម្មដំណាំស្រូវ និងការនាំចេញអង្ករផងដែរ ក្នុងនោះមានខេត្តចំនួន៣ ដែលអនុវត្តយឺតជាងគ បើធៀបជាមួយឆ្នាំមុន រួមមានខេត្តកំពង់ធំ​ ខេត្តតា​កែវ និងខេត្តសៀមរាប។

ក្រសួងបានអះអាងថាខេត្តកំពង់ធំ ទើបតែអនុវត្តបានចំនួន៥៩ ៣៤៥ហិកតា ស្មើនឹង២៧,៨២% នៃផែនការយឺតជាងឆ្នាំមុនចំនួន៩៨ ១២៧ហិកតា, ខេត្តតាកែវ អនុវត្តបានចំនួន៧៨ ៦៩២ហិកតា ស្មើនឹង៤៣,៧២%នៃផែនការយឺតជាងឆ្នាំមុនចំនួន៨៦ ៦៩២ហិកតា និងខេត្តសៀមរាប អនុវត្តបានចំនួន២១.៤៧០ហិកតា ស្មើនឹង១១,៣២% យឺតជាងឆ្នាំមុនចំនួន៨២ ៩០១ហិកតា។

ក្នុងគោលបំណងសំដៅជំរុញល្បឿនការងារបង្កបង្កើនផលស្រូវរដូវវស្សាឱ្យទទួលបានជោគជ័យ និង សម្រេចតាមផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំមន្រ្តីចុះផ្ទៀងផ្ទាត់តួលេខល្បឿនការងារបង្កបង្កើនផលជាក់ស្ដែង កំណត់មូលហេតុចម្បងៗដែលបណ្តាលឱ្យការងារបង្កបង្កើនផលស្រូវ មានការយឺតយ៉ាវ និងដាក់ចេញនូវវិធានការបន្ទាន់ចំពោះមុខដើម្បីដោះស្រាយការរាំងស្ទះដល់ ល្បឿនការងារបង្កបង្កើនផលក្នុងភូមិសាស្ត្ររបស់ខ្លួន។

ក្រសួងក៏បានចង្អុលចំៗឱ្យអគ្គនាយកដ្ឋានកសិកម្មសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ដើម្បីជំរុញការដាំដុះនៅតាមតំបន់ដែលមានការដាំដុះយឺតនិងផ្សព្វផ្សាយបច្ចេកទេសដាំដុះ សមស្របទៅតាមលក្ខខណ្ឌនៃប្រព័ន្ធក្សេត្របរិស្ថានដំណាំស្រូវ ត្រូវត្រៀម គ្រឿងយន្តកសិកម្មដើម្បីអន្តរាគមន៍ ភ្ជួររាស់ និងរំដោះទឹកចេញពីស្រែជូនប្រជាកសិករក្រីក្រខ្វះ លទ្ធភាព។

ដោយឡែកមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ត្រូវសហការជាមួយអង្គភាពពាក់ព័ន្ធនិង អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីវាយតម្លៃការខូចខាតស្រូវដោយសារជំនន់ទឹកភ្លៀងឲ្យ បានរួសរាន់ និងលើកសំណើទៅលេខាធិការដ្ឋានប្រព័ន្ធស្បៀងបម្រុងកម្ពុជានៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សុំគ្រាប់ពូជស្រូវសម្រាប់ស្ដារឡើងវិញឱ្យបានទាន់ពេលវេលា៕

Share.