គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ នឹងអុចកាំជ្រួចអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម៨៦ យាងចូល៨៧ ព្រះវស្សា ថ្វាយសម្ដេចព្រះមហាក្សត្រី សម្ដេចម៉ែ សម្ដេចយាយ សម្ដេចយាយទួត ជាទីគោរពសក្ការៈ នឹងប្រារព្ធឡើងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ដោយការអុចកាំជ្រួចនឹងធ្វើឡើងនាម៉ោង៧យប់ នៅទន្លេចតុមុខ មុខព្រះបរមរាជវាំង។

ជារៀងរាល់ឆ្នាំ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ បានតែងចាត់តាំងការអុជកាំជ្រួចនៅមុខព្រះបរមរាជវាំងនាឱកាសព្រះរាជពិធីចម្រើនព្រះជន្មនិងខួបគ្រងព្រះបរមសិរីរាជសម្បត្តិព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ថ្ងៃចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រី និងព្រះរាជពិធីបុណ្យអុំទូកជាដើម។

ប្រជារាស្រ្តក្មេង ចាស់ ប្រុស ស្រី អញ្ជើញមកពីគ្រប់ទិសទីដើម្បីជួបជុំគ្នានៅមុខព្រះបរមរាជវាំង តាមសួនច្បារមាត់ទន្លេត្រើយសងខាង ដើម្បីគនគន់ទិដ្ឋភាពកាំជ្រួចក្នុងពេលរាត្រីនាព្រះរាជពិធីសំខាន់ៗ ក្នុងបរិយាកាសប្រកបដោយសេចក្ដីរីករាយ និងបានបង្ហោះរូបភាពចែកចាយបណ្ដាញសង្គមទៀតផង៕

Share.