ក្រុមប្រឹក្សាសភាដែលស៊ើបអង្កេតការបះបោរកាលពីថ្ងៃទី ០៦ ខែ មករា នៅវិមានកាពីតូលរបស់សហរដ្ឋអាមេរិកបានដាក់ការចោទប្រកាន់យ៉ាងម៉ឺងម៉ាត់លើលោក ដូណាត់ត្រាំ នៅយប់ថ្ងៃ ព្រហស្បតិ៍ (ម៉ោងក្នុងស្រុក) ដោយនិយាយថា ការវាយប្រហារ​នេះមិន​កើតឡើង​ដោយ​ឯក​ឯង​ទេ ប៉ុន្ដែ​ជា «ការ​ប៉ុន​ប៉ងធ្វើ​រដ្ឋ​ប្រហារ​» និង ពាក់ព័ន្ធការរៀប​ចំ​កុបកម្ម​នៅ​វិមាន​សភា​ Capitol Hill កាល​ពី​ថ្ងៃ​ទី ០៦ ខែ មករា​ ឆ្នាំ​​ ២០២១។​

កាលពីយប់ថ្ងៃ ព្រហស្បតិ៍ ទី ០៩ ខែ មិថុនា សមាជិកក្រុមប្រឹក្សា ២រូប បានថ្លែងសុន្ទរកថាបើក ដោយបង្ហាញការរកឃើញក្នុងការស៊ើបអង្កេតរយៈពេល ១ឆ្នាំរបស់ខ្លួន រួមទាំងសម្ភារៈដែលគេមិនធ្លាប់ឃើញក្នុងព្រឹត្តិការណ៍នោះផងដែរ។

ក្រុមប្រឹក្សា ដែលរួមមានសមាជិកសភាគណបក្សប្រជាធិបតេយ្យចំនួន ៧រូប និង គណបក្សសាធារណរដ្ឋ ២រូប ក៏បានកោះហៅសាក្សី ២នាក់ រួមទាំងលោកស្រី Caroline Edwards ជាមន្ត្រីប៉ូលិសដំបូង ដែលរងរបួសក្នុងការវាយប្រហារនោះផងដែរ។

លោកស្រី Edwards បានផ្តល់សក្ខីកម្មថា លោកស្រីត្រូវបានក្រុមកុបករហៅថាជា “ជនក្បត់” និងជា “សត្វឆ្កែ” មុនពេលលោកស្រីសន្លប់។

នេះគឺជាសវនាការមួយ ក្នុងចំណោមស៊េរីនៃសវនាការ ដែលនឹងត្រូវចាក់ផ្សាយពេញមួយខែ ដើម្បីបង្ហាញដល់សាធារណជន នូវអ្វីដែលអ្នកស៊ើបអង្កេតបានរកឃើញអំពីកុបកម្ម នៅវិមានសភា Capitol Hill។

អ្នកប្រជាធិបតេយ្យ លោក Bennie Thompson ដែលជាប្រធានគណៈកម្មាធិការពិសេសបានប្រាប់សវនាការថា “ថ្ងៃទី៦ខែមករា គឺជាចំណុចកំពូលនៃការប៉ុនប៉ងធ្វើរដ្ឋប្រហារ ជាការប៉ុនប៉ងដ៏ក្លាហាន ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ អំពើហិង្សាមិនមែនជាឧប្បត្តិហេតុទេ វាគឺជាជំហរចុងក្រោយរបស់លោក ដូណាល់​ ត្រាំ”។

ស្របពេលជាមួយគ្នានោះ វីដេអូនៃសក្ខីកម្មរបស់អតីតអគ្គមេធាវីអាមេរិក លោក Bill Barr ក៏ត្រូវបានចាក់ផ្សាយផងដែរ ដែលក្នុងនោះលោកបាននិយាយថា ការអះអាងរបស់លោក ត្រាំ ដែលថា ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ត្រូវបានគេលួចនោះ គឺ “គ្មានមូលដ្ឋានឡើយ”។

សូមរំលឹក​ថា​ នៅថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០២១ មនុស្សរាប់ពាន់នាក់ ដែលភាគច្រើនជាអ្នកគាំទ្រលោក ត្រាំ បានសម្រុកចូលវិមានសភា Capitol ក្នុងទីក្រុង Washington, D.C. ហើយបានរំខានដល់សម័យប្រជុំរួមរបស់សភា ក្នុងដំណើរការបញ្ជាក់លទ្ធផលបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០។

កាលនោះ ប៉ូលិសប្រហែល ១៤០ នាក់ត្រូវបានវាយដំក្នុងហេតុការណ៍នោះ។ អាជ្ញាធរក៏​បាន​ភ្ជាប់​ការ​ស្លាប់មនុស្ស​៥​នាក់ ​ទៅ​នឹង​ការ​ធ្វើ​ទុក្ខ​បុកម្នេញនោះផងដែរ។ មន្ត្រី​ ៤​នាក់​ ដែល​​ឆ្លើយ​តប​នឹង​ការ​វាយ​ប្រហារ​នោះ ​ត្រូវ​បាន​រាយការណ៍​ថា ​បាន​ធ្វើ​អត្តឃាត​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​បន្ទាប់បាត់ទៅហើយ៕

ប្រភព៖ BBC

Share.