ក្រុម​បាល់ទាត់​វិសាខា និង​បឹងកេត រក​បាន​៣ពិន្ទុ ដូចគ្នា​ក្នុង​សប្ដាហ៍​ទី៤ នៃ​ពានរង្វាន់​បាល់ទាត់​លីគ​កំពូល​កម្ពុជា Metfone Cambodian League 2021(MCL 2021) នៅ​រសៀល​ថ្ងៃ​ពុធ ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២១ នេះ​ក្រោយ​យក​ឈ្នះ​គូ​ប្រកួត​រៀងៗខ្លួន លើ​២​ទីលាន​ផ្សេង​គ្នា។

ចំពោះ​ក្រុម​បាល់ទាត់​បឹងកេត បាន​យក​ឈ្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះ​សូលទីឡូអង្គរ ដោយ​លទ្ធផល ៣ទល់០ លើ​ទីលាន​កីឡដ្ឋាន SRU Stadium ក្នុង​ទីរួមខេត្ត​សៀមរាប។ គ្រាប់​បាល់​ជ័យជម្នះ​របស់​បឹងកេត រក​បាន​​ដោយ​កីឡាករ ឱ ភារុណ នៅ​នាទី​ទី២ កីឡាករ​ជនជាតិ​ក្រូអាត Rajkovic Marko នៅ​នាទី ៧៦ និង​កីឡាករ សៀង ចន្ធា នៅ​នាទី​៨៤។

ចំណែក​ក្រុម​បាល់ទាត់​វិសាខា បាន​យក​ឈ្នះ​ក្រុម​អគ្គីសនីកម្ពុជា ដោយ​លទ្ធផល ៧ទល់០ លើ​ទីលាន​ក្រុម​អគ្គីសនីកម្ពុជា។ គ្រាប់បាល់​លើស​លប់​របស់​វិសាខា កើត​ចេញ​​ពី​ការ​របួត​ឱ្យ​បាល់​ចូល​ទី​ខ្លួន​ឯង​ដោយ​អចេតនា របស់​កីឡាករ ចិន វណ្ណៈ ខាង​ក្រុម​អគ្គីសនី នៅ​នាទី​៣ ហើយ​សមាជិក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា កេន ច័ន្ទសុភ័ក្រ រក​បាន​គ្រាប់​បាល់២គ្រាប់​ទៀត​នៅ​នាទី​៨ និង​២១ ខណៈ​កីឡាករ​នីហ្សេរីយ៉ា Opeyemi Korede Ajayi រក​បាន​២គ្រាប់​ជា​បន្ត​នៅ​នាទី​៥២ និង​៦៥ និង​ចុង​ក្រោយ​សមាជិក​ជម្រើសជាតិ​កម្ពុជា​មួយ​រូប​ទៀត​គឺ កែវ សុខផេង រក​បាន​គ្រាប់​បាល់​ចុងក្រោយ២គ្រាប់​ក្នុង​ការ​ប្រកួត​នៅ​នាទី​៨៣ និង​៨៤។​

ក្រោយ​ចប់​ការ​ប្រកួត​នេះ ពានរង្វាន់​លីគ​កំពូល​កម្ពុជា ត្រូវ​សម្រាក​​រហូត​ដល់​កក្កដា ទើប​ចាប់​ផ្ដើម​ប្រកួត​ឡើង​វិញ ព្រោះ​ក្នុង​ខែ​មិថុនា មាន​សកម្មភាព​ប្រកួត​លើក​ឆាក​អន្តរជាតិ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និង​ក្រុម​វិសាខា និង​បឹងកេត ក្នុង​ពាន AFC Cup 2021៕

Telegram-Troryorng
Share.