សាលាបាល់ទាត់ភ្នំពេញក្រោន បានធ្វើពិធីប្រកាសបើកការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ Smart RSN Cup 2022 ដែលត្រូវបានរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពកីឡាករវ័យក្មេងរបស់យើងត្រៀមការប្រកួតធំៗនៅពេលខាងមុខក៏ដូចជាការតម្រង់ទិសសម្រាប់ដំណើរឆ្ពោះទៅកាន់ភាពជាកីឡាករអាជីពរបស់ពួកគេផងដែរ។

ក្នុងឱកាសនេះដែរ លោក កែវ សុខង៉ន ប្រធានគណៈកម្មការរៀបចំការប្រកួតបានលើកឡើងថា នេះជាពេលវេលាដ៏ល្អដែលប្អូនៗក្មួយៗទាំងអស់ដែលកំពុងហ្វឹកហាត់នៅសាលាបាល់ទាត់ភ្នំពេញក្រោនអាចទទួលបាននូវបទពិសោធន៍ព្រមទាំងចំណេះជំនាញថ្មីៗលើទីលានតាមរយៈការអនុវត្តជាក់ស្តែងក្នុងការប្រកួតប្រជែងនិងជាការដុសខាត់សមត្ថភាពបន្ថែមទៀតដើម្បីសម្រេចគោលដៅឬក្តីស្រមៃរៀងៗខ្លួនក្នុងការក្លាយខ្លួនជាកីឡាករបាល់ទាត់ដែលជាធនធានទាំងសម្រាប់ក្លិបភ្នំពេញក្រោនឬអាចសម្រាប់វិស័យបាល់ទាត់ជាតិថែមទៀតផង។

លោកបានបន្ថែមថា នេះជាផ្នែកមួយនៃចក្ខុវិស័យរបស់ភ្នំពេញក្រោន ជាពិសេសជាអ្វីដែល លោកឧកញ៉ា ឬទ្ធី សំណាង តែងតែប្រាថ្នាចង់បានជាមួយនឹងក្តីសង្ឃឹមថា ទាំងការហ្វឹកហាត់ហើយឈានទៅរកការប្រកួតគឺជាកត្តាសំខាន់ដើម្បីបណ្តុះបណ្តាលធនធានដែលមានគុណភាពសម្រាប់វិស័យបាល់ទាត់។

សូមបញ្ជាក់ថា ការប្រកួតនឹងត្រូវបែងចែកតាមកម្រិតអាយុដូចជា៖ U11, U13, U15 និង U19 ដោយផ្តោតជាដំបូងសម្រាប់សិស្សដែលកំពុងហ្វឹកហាត់នៅសាលាបាល់ទាត់ភ្នំពេញក្រោនសិន។ ជំហានបន្ទាប់គឺភ្នំពេញក្រោននឹងរៀបចំការប្រកួតពានរង្វាន់យុវជន SMART YOUTH League ដែលមានទ្រង់ទ្រាយធំនិងមានក្រុមចូលរួមច្រើនដោយគ្រោងធ្វើនៅចុងឆ្នាំ២០២២នេះតែម្តង៕

Share.