អ្នក​និពន្ធ​វ័យ​ក្មេង​ពេញ​ដោយ​សមត្ថភាព​កញ្ញា គឹម ឌីណា ទើប​តែ​សម្ពោធ​ស្នាដៃ​សៀវភៅ​ថ្មី​របស់​ខ្លួន​រឿង​ «ថាម៉េច​យើង​ស្រលាញ់​គ្នា​» នា​ពេល​ថ្មីៗ​នេះ​។

នៅ​ក្នុង​កម្មវិធី​នោះ​ដែរ​មាន​ប្រិយមិត្ត​អ្នក​អាន​ដែល​ជា​អ្នក​គាំទ្រ​ស្នាដៃ​កញ្ញា​ក៏​ដូច​ជា​អ្នក​សារព័ត៌មាន​បាន​ចូល​រួម​យ៉ាង​ច្រើន​កុះករ​។ ឆ្លើយ​តប​នឹង​សំនួរ​ជា​ច្រើន​ពី​អ្នក​គាំទ្រ​និង​អ្នក​សារព័ត៌មាន​អ្នក​និពន្ធ​ដែល​និយម​សរសេរ​សាច់​រឿង​បែប​មនោសញ្ចេតនា​ស្នេហា​វ័យ​​រូប​នេះ​បាន​លើក​ឡើង​ថា​ «អ្នក​និពន្ធ​ទាំង​ក្មេង​​ទាំង​ចាស់​ ទាំង​អ្នក​ជំនាញ​និង​មិន​ទាន់​ស្ទាត់​ជំនាញ​សុទ្ធតែ​មាន​ចំណែក​ជួយ​ដល់​អ្នក​អាន​រៀង​ៗ​ខ្លួន​»​

កញ្ញា គឹម​ ឌីណា គឺ​ជា​អតីត​ពិធីការិនី​អត្ថាធិប្បាយ​ព័ត៌មាន​មួយ​រូប​ដែល​ស្រលាញ់​ចូល​ចិត្ត​ការ​តាក់តែង​និពន្ធ​ ហើយ​មាន​ស្នាដៃ​បោះ​ពុម្ព​ច្រើន​និង​មាន​ការ​ទទួល​ស្គាល់​ពី​សំណាក់​អ្នក​អាន​។ កាល​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា​ ឆ្នាំ​២០២២ នារី​វ័យ​ក្មេង​រូប​នេះ​បាន​សម្ពោធ​ស្នាដៃ​ថ្មី​របស់​ខ្លួន​​ព្រម​ទាំង​ឆ្លើយតប​នឹង​សំនួរ​ជាច្រើន​ពី​អ្នក​គាំទ្រ​របស់​ខ្លួន​ពាក់​ព័ន្ធ​នឹង​​ចាប់​អាជីព​ការ​តែង​និពន្ធ​​របស់​ខ្លួន​។

ម្ចាស់​ស្នាដៃ​រឿង​ប្រលោម​លោក​ «បំពេ​នាង​» បាន​​ឆ្លើយ​តប​នឹង​សំនួរ​របស់​អ្នក​សារព័ត៌មាន​ត្រយង​ដែល​បាន​សួរ​ថា​ «ប្រលោម​លោក​របស់​កញ្ញា​ក្រៅ​ពី​ផ្ដល់​ការ​កម្សាន្ត​ដល់​អ្នក​អាន​ហើយ​នោះ​តើ​អ្នក​អាន​នឹង​ទទួល​បាន​អ្វី​បន្ថែម​ទៀត​ពី​ការ​អាន​រឿង​របស់​កញ្ញា​?»

កញ្ញា​ គឹម​ ឌីណា៖ «តាម​រយៈ​ប្រលោមលោក​របស់​បង​ បងព្យាយាម​បញ្ជ្រាប​ឱ្យ​គេ​យល់​អំពី​អ្នក​ដទៃ​ និង​ព្យាយាម​យក​ចិត្ត​គេ​ដាក់​ចិត្ត​យើង​ច្រើន​ជាង​ បើ​សិន​ជា​អូន​បាន​អាន​ប្រលោមលោក​បង​ អូន​ច្បាស់​ជា​បាន​យល់​នូវ​អ្វី​ដែល​បង​បាន​និយាយ​នៅ​ពេល​នេះ​ហើយ​»

យ៉ាងណាមិញ​អ្នក​និពន្ធ​រូប​ស្រស់​ម្នាក់​នេះ​ក៏​បាន​បន្ថែម​ឱ្យ​ដឹង​ពី​តួនាទី​ប្រលោមលោក​ថា​បាន​ជួយ​អ្វី​ខ្លះ​ដល់​អ្នក​អាន​ថា​៖ «ការ​សរសេរ​ប្រលោម​លោក​ចាំ​បាច់​ត្រូវ​តែ​មាន​សិល្ប៍​វិធី​ដើម្បី​​ឱ្យ​អាន​ជក់​ចិត្ត​និង​ចង់​តាម​ដាន​ មិន​មែន​សរសេរ​អ្វី​ត្រង់​ៗ​ថា​ចូរ​អ្នក​ដើម្បី​ទប់​ស្កាត់​គ្រឿង​ញៀន… ទើប​ហៅ​ថាអ្នក​និពន្ធ​ដែល​ជួយ​​សង្គម​នោះ​ទេ​ ប៉ុន្តែ​អ្នក​និពន្ធ​មាន​វិធី​សាស្ត្រ​រៀង​ៗ​ខ្លួន​ ក្នុង​ការ​បញ្ជ្រាប​បញ្ហា​ណា​មួយ​នៃ​សង្គម​ទៅ​កាន់​អ្នក​អាន​របស់​យើង​»

កញ្ញា​ គឹម​ ឌីណា ក៏​បាន​ពន្យល់​បន្ថែម​​យ៉ាង​ក្បោះ​ក្បាយ និង​​ក្រើន​រំលឹក​​ដែរ​ថា​៖ «អ្នក​​អាន​ខ្លះ​គាត់​មាន​ Mindset ថា​អ្នក​និពន្ធ​រឿង​ស្នេហា​នៅ​ស្រុក​ខ្មែរ​អត់​កើត​ ​បើ​សិន​ជា​អ្នក​អាន​រឿង​ខ្ញុំ​អត់​កើត​នោះ​ ហើយ​អត់​អាន​ សូមកុំ​វាយ​តម្លៃ​ត្រីមួយ​ស្អុយ ​ស្អុយ​មួយ​កន្ត្រក​ ឧទាហរណ៍​ថា​អូន​​ឯង​អាន​រឿង​បង​អត់​ល្អ​ អូន​ឯង​ត្រូវ​អាន​ស្នាដៃ​អ្នក​និពន្ធ​ឱ្យ​បាន​ច្រើន​ ព្រោះ​ស្នាដៃ​បង​មិន​ល្អ​ មិនមែន​បាន​ន័យ​ថា​ស្នាដៃ​អ្នក​និពន្ធ​ដទៃ​មិន​ល្អ​នោះ​ឡើយ​។»

គួរ​ដឹង​ថា​អ្នក​និពន្ធ​ គឹម ឌីណា នៅ​ក្នុង​កម្មវិធី​សម្ពោធ​សៀវភៅ​ប្រលោមលោក​ថ្មី​ «ថា​ម៉េច​យើង​ស្រលាញ់​គ្នា​» ក៏​បាន​ឡើង​ច្រៀង​ចម្រៀង​៣​បទ ​ដែល​ជា​ស្នាដៃ​និពន្ធ​ផ្ទាល់​របស់​កញ្ញា​ផង​ដែរ​ដូច​ជា​បទ​ «បានទេ ស្រឡាញ់គ្នាដូចដើម? ពីប្រលោមលោកបំពេនាង , ត្រឹមមនុស្សបងលួចស្រឡាញ់ ពីប្រលោមលោកថាម៉េចយើងស្រឡាញ់គ្នា និងបទ Take A Break»៕

Share.