ក្រោយពេលលោក ទុំ រដ្ឋា ឬ ទុំ សុវត្ថិ បានបង្ហាញសមត្ថភាពបកស្រាយចម្រៀង «ទីក្រុងគ្មានមេឃ» របស់លោក ឆន សុវណ្ណារាជ នៅក្នុងកម្មវិធីមួយ ភ្លាមៗស្រាប់តែមានការលើកឡើងនៅលើបណ្ដាញសង្គម ដោយផ្សព្វផ្សាយថា ការបកស្រាយរបស់បេក្ខជនរូបនេះ មានសំឡេងស្រែកសាហាវមែន សំឡេងចង់ខ្លាំងជាងម្ចាស់ដើមគឺ ឆន សុវណ្ណារាជ ទៅទៀត ឮហើយសុំខ្មាសតែម្ដង។

ជាបញ្ហា មហាជនជាច្រើនបានដាក់បន្ទុកថា បេក្ខជន ទុំ រដ្ឋា មានសំឡេងពីរោះ និងសមត្ថភាពដែល ហេតុអ្វីបានជាលោក ឆន សុវណ្ណារាជ ឆ្លើយថា No នៅពេលដែលគណៈកម្មការពីររូបទៀតបានឆ្លើយ Yes ហេតុម្ដេចបានជា គណៈកម្មការរូបនេះមិនផ្ដល់ក្ដីសង្ឃឹមចុងក្រោយ និងឱកាសបេក្ខជន?

យ៉ាងណាមិញ គណៈកម្មការនៅក្នុងកម្មវិធីប្រឡង Cambodian Idol រដូវកាលទី ៤នេះ គឺមានសិទ្ធក្នុងការស្វែងរកបេក្ខជនដែលមានលក្ខណៈសម្បត្តិជាកញ្ចប់ ដែលគិតថាអាចបន្តទៅវគ្គបន្តៗទៀតបាន។ បើថ្វីត្បិតតែការប្រតិកម្មរបស់មហាជន គឺមិនមែនមានតែលើកនេះទេ ពោលគឺ មានសឹងតែគ្រប់រដូវកាលទៅហើយ។

ភ្ជាប់ទៅបញ្ហាខាងលើវិញ នៅពេលដែលមានការលើកឡើងដែលបន្តវាយប្រហារមកលើលោក ឆន សុវណ្ណារាជ បែបនេះ គេស្រាប់តែឃើញអតីតបេក្ខជន The Voice Cambodia រដូវកាលទី ១គឺលោក លី សុខណេត ចេញមុខមកប្រតិកម្មចំពោះបញ្ហាសមត្ថភាពរបស់បេក្ខជន ទុំ រដ្ឋា ដោយលោកលើកឡើងថានៅចំណុចស្ទើរច្រើនគួរសម ទាំងចង្វាក់ មនោសញ្ចេតនា និងការប្រើសំឡេង។

នេះជាការបង្ហោះទាំងស្រុងនៅលើហ្វេសប៊ុកលោក លី សុខណេត ៖ «😂😂😂 មើលចំណងជើងពត៌មានញាក់សាច់😂😂😂 ខ្ញុំគិតថាមិនចង់បញ្ចេញមតិអីទេព្រោះខ្ញុំមិនមែនអ្នកជំនាញ គ្រាន់តែមានការយល់ដឹងតិចតួចស្តួចស្តើងពីការច្រៀង បើតាមស្តាប់ប៉ុន្មានដងគាត់នៅស្ទើរច្រើនគួរសម ទាំងចង្វាក់ មនោសញ្ចេតនា និងការប្រើសម្លេង…ពេលប្រលងគាត់ថារងចាំយូធ្វើអោយអស់កម្លាំងទើបធ្វើមិនសូវល្អតែលើកនេះជាការបង្ហាញដោយមិនប្រើពេលវេលារងចាំយូតែមើលលើការបង្ហាញរបស់គាត់លើកនេះមិនមានការប្រសើរជាងលើកមុនទេ ។
បញ្ជាក់: ខ្ញុំគ្រាន់តែនិយាយអ្វីដែលខ្ញុំបានមើលឃើញនិងបានស្តាប់តែប៉ុណ្ណោះ ហាមជេរណាតែជេរខ្ញុំជេរវិញហើយ😂😂😂😂😂»។

ជាមួយគ្នានេះដែរ បើទោះបីជាការបង្ហោះរបស់លោក លី សុខណេត ជាមតិមិនបញ្ឆិតបញ្ឆៀង គេឃើញមានមហាជនគាំទ្រដែរ ដោយលោកឡើងថា « ពេលខ្លះអត់យល់ពីគំនិតមហាជន មិនដឹងថាគាត់គិតអី បើមនុស្សគេមានសមត្តភាពមែន មិនមែនប្រលង៥ដងទេ គួរយល់ខ្លះផង» ។ ចុះហ្វេនទាំងអស់គ្នាយល់យ៉ាងដែរ ដាក់ពិន្ទុបែបម៉េចចំពោះបញ្ហានេះ?

Share.