«ឃោសនាបោះឆ្នោតចប់ហើយ រឿងបោះឆ្នោតចប់ហើយ ឥលូវរឿង[សំខាន់]ធ្វើស្រែ​ ធ្វើចំការ របររកស៊ី ត្រូវបន្តនាំគ្នាធ្វើការ»។ នេះជាសារផ្ទាល់មាត់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ថ្លែងទៅកាន់ប្រជាពលរដ្ឋ ក្រោយបញ្ចប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សឃុំ សង្កាត់ កាលពីពេលថ្មីៗនេះ។ គឺជាសារដែលសម្ដេចតេជោ ទំនងចង់ក្រើនរំលឹកឱ្យប្រជាពលរដ្ឋ នាំគ្នាខិតខំគិតគូលើជីវភាពប្រចាំជាប្រក្រតី បន្ទាប់ពីបានចំណាយពេលចូលរួមក្នុងដំណើរការបោះឆ្នោត ពិសេសការគាំទ្រគណបក្សនយោបាយ ចាប់តាំងពីយុទ្ធនារហូតដល់ថ្ងៃបោះឆ្នោត។

បើតាមសម្ដេចនាយករដ្ឋមន្រ្តី កម្ពុជាមិនអាចឱ្យការបោះឆ្នោតនេះ ក្លាយជាការបែកបាក់ជាតិជាដាច់ខាត ផ្ទុយទៅវិញក្រោយការបោះឆ្នោតនេះចប់ទៅ អាជ្ញាធរឃុំ សង្កាត់ រួមទាំងប្រជាពលរដ្ឋ មិនថាមកពីគណបក្សនយោបាយណានោះឡើយ ត្រូវតែបន្តរួមគ្នាការពារសុខសន្តិភាព ស្ថិរភាពជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សម្ដេចក៏បានលើកទឹកចិត្តឱ្យក្រុមប្រឹក្សឃុំ សង្កាត់ដែលជិតផុតអាណត្តិទី៤ ត្រូវបន្តនិរន្តរភាពការងាររហូតក្រុមប្រឹក្សឃុំ សង្កាត់អាណត្តិទី៥ចូលកាន់មុខតំណែង និងបានស្នើឱ្យក្រុមប្រឹក្សាឃុំ​ សង្កាត់អាណត្តិថ្មីដែលមានសមាសភាពចម្រុះមកគណបក្សនានានៅឃុំ សង្កាត់មួយចំនួននោះ បង្កើនកិច្ចសហការគ្នាធ្វើការបំរើប្រជាពលរដ្ឋក្នុងមូលដ្ឋានឋឱ្យបានល្អ។

ពាក់ព័ន្ធនឹងការបោះឆ្នោតនេះដែរ សម្ដេចតេជោ ក្នុងឋានៈជានាយករដ្ឋមន្រ្តី និងក៏ជាប្រធានគណបក្សប្រជាជនកម្ពុជាផងនោះ ក៏បានថ្លែងអំណរគុណគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត ដែលមានសម្ដេចក្រឡាហោម ស ខេង ជាប្រធាន និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ដែលបានសហការគ្នា និងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ បានប្រព្រឹត្តិទៅដោយរលូន និងជោគជ័យ ខណៈពលរដ្ឋទូទៅក៏ត្រូវបានសម្ដេចកត់សម្គាល់ថាមានភាពចាស់ទុំខាងនយោបាយកាន់តែច្រើន ក្នុងពេលកម្ពុជាមានការបោះឆ្នោតជាទៀងទាត់ និងជាច្រើនលើករួចមកហើយ៕

Share.