តាមរយៈការធ្វើតេស្តរហ័សរដ្ឋបាលខេត្តមួយចំនួនបានចេញសេចក្តីជូនដំណឹងអំពីស្ថានភាព នៃជំងឺកូវីដ១៩នៅតាមភូមិសាស្ត្ររបស់ខ្លួននាថ្ងៃទី២៦ខែឧសភារួចរាល់ហើយ។

ខាងក្រោមនេះគឺជាតួលេខឆ្លងថ្មីនៃជំងឺកូវីដ១៩នៅតាមបណ្តាមួយចំនួនដែលសារព័ត៌មាន ត្រយងញូវស៍ទទួលបាន៖

ខេត្តកំពង់ធំ

អាជ្ញាធរបានរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២២នាក់បន្ថែមទៀតដោយការធ្វើតេស្តរហ័ស (Rapid Test) ។ជាមួយគ្នានេះក៏មានអ្នកជំងឺកូវីដ១៩ជាសះស្បើយចំនួន ០៤នាក់ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ។

គិតមកដល់ថ្ងៃនេះខេត្តកំពង់ធំ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ២១០នាក់ ស្រី៩៥នាក់ ក្នុងនោះបានជាសះស្បើយចំនួន ៨២នាក់ ស្រី ៣៩នាក់។ អ្នកជំងឺដែលនៅសល់ចំនួន ១២៨នាក់ ស្រី៧៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តនានាក្នុងខេត្ត។

ខេត្តសៀមរាប

រដ្ឋបាលខេត្តសៀមរាប បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៥នាក់បន្ថែមទៀត នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ ដែលសុទ្ធតែជាអ្នកធ្វើដំណើរពីរាជធានីភ្នំពេញ។

ក្នុងនោះមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួន ៤នាក់ជាសះស្បើយឡើងវិញផងដែរ។

ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១០៣នាក់។ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន ៥៦នាក់ ស្លាប់២នាក់ និង៤៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ខេត្តព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង នៅយប់ថ្ងៃទី២៦ ខែឧសភានេះ បានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២៥នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៤។

ក្នុងនោះរួមមាននៅ ស្រុកពាមជរ ចំនួន១៥នាក់ ស្រុកពារាំង ចំនួន២នាក់ ស្រុកមេសាង ចំនួន៥នាក់និង ស្រុកព្រះស្តេច ចំនួន៣នាក់។

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

ខេត្តបាត់ដំបង

រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹងស្តីពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន១០នាក់ ក្នុងនោះធ្វើដំណើរមកពីប្រទេសថៃចំនួន ០៦នាក់, ស្លាប់ ១នាក់ និងជាសះស្បើយ ០៨នាក់។

ខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ១៩ ចំនួន ១៧៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៦៨នាក់ ស្លាប់០២នាក់ បញ្ជូនទៅព្យាបាលនៅខេត្តបន្ទាយមានជ័យ ចំនួន២នាក់ និងកំពុងសម្រាកព្យាបាលក្នុងខេត្តបាត់ដំបងចំនួន១០៧នាក់។

ខេត្តពោធិ៍សាត់

មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ បានជូនដំណឹង អំពីការរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន០៥នាក់បន្ថែមទៀត (ស្រី០១នាក់)។ក្នុងចំណោមនោះជំងឺថ្មីនេះមាន មកពីរាជធានីភ្នំពេញ ០៣នាក់ និងថៃ ០២នាក់។

គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន៩៧នាក់ (ស្រី៤៧នាក់) ក្នុងនោះជាសះស្បើយ ចំនួន១៧ករណី (ស្រី០៨នាក់) មរណៈភាព ចំនួន០១នាក់ (ស្រី០១នាក់) និងកំពុងសម្រាកព្យាបាល ចំនួន៧៩ករណី (ស្រី៣៨នាក់)។

ខេត្តកោះកុង

រដ្ឋបាលខេត្តកោះកុង នៅយប់ថ្ងៃទី២៦ ខែឧសភានេះ បានប្រកាសរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ០៧ នាក់បន្ថែមទៀត តាមរយៈឧបករណ៍តេស្តរហ័ស។ ក្នុងចំណោមអ្នកជំងឺទាំងនេះ មាននៅស្រុកស្រែអំបិល០៥នាក់និងមណ្ឌលសីមាចំនួន០២នាក់។

ដោយសារការឆ្លងរីករាលដៃនជំងឺកូវីដ១៩មានការកើនឡើងជាបន្តបន្ទាប់រដ្ឋបាលខេត្តកោះកុង បានសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្ននូវតំបន់ទេសចរណ៍មួយចំនួន នៅក្នុងខេត្តផងដែរ៕

Share.