មន្ត្រីជាន់ខ្ពស់នៃកងទ័ពកម្ពុជា និងបង់ក្លាដេស បានថ្លែងទទួលស្គាល់ថាកិច្ចសហប្រតិបត្តការវិស័យយោធារវាងប្រទេសទាំងពីរនៅមានកម្រិតតិចតួចនៅឡើយ ប៉ុន្តែបានបង្ហាញក្ដីរំពឹងជាវិជ្ជមានចំពោះអនាគតខាងមុខថានឹងមានភាពប្រសើរឡើង។

នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយឧត្តមសេនីយ៍ត្រី Mohamad Masudur Rahman អនុព័ន្ធយោធាបង់ក្លាដែស ទួលបន្ទុកកម្ពុជា។

នៅក្នុងជំនួបនោះ ភាគីទាំងពីបានពិភាគ្នាអំពីលទ្ធភាពនៃការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា ខណៈក្រសួងការពារជាតិនៃប្រទេសទាំងពីរ គ្រោងនឹងចុះហត្ថលេខារួមគ្នាលើអនុស្សារណៈនៃការយោគយល់ទ្វេភាគី ដើម្បីជាការបើកច្រកឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ។

ក្នុងជំនួបនោះដែរ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានរំឭកអំពីចំណងមិត្តភាពយូរលង់កម្ពុជា-បង់ក្លាដែស ចាប់តាំងពីឆ្នាំ១៩៧៣ និងការភ្ជាប់ទំនាក់ទំនងការទូតផ្លូវការក្នុងឆ្នាំ១៩៩៣ ដែលពេលនោះបង់ក្លាដែស ក៏បានបញ្ជូនកងកម្លាំងមួកខៀវមកបំពេញបេសកកម្មថែរក្សាសន្តិភាពនៅកម្ពុជាដែរ។

ដោយឡែករហូតមកទល់ពេលនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កត់សម្គាល់ថាប្រទេសទាំងពីរនៅរក្សាបាននូវកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យសក្តានុពលសំខាន់ៗជាច្រើន រួមមានជាអាទិ៍ ការបណ្តុះបណ្តាលធនធានមនុស្ស, ការអភិវឌ្ឍជនបទ, វិស័យទេសចរណ៍ និងកសិកម្មជាដើម។

លោកអនុព័ន្ធយោធាបង់ក្លាដែសវិញ បានបង្ហាញក្តីរីករាយចំពោះការបំពេញតួនាទីក្នុងមុខតំណែងជាអនុព័ន្ធយោធា ទទួលបន្ទុកប្រទេសកម្ពុជា និងបានគូសបញ្ជាក់អំពីការរំពឹងទុកខ្ពស់ និងការប្តេជ្ញាចិត្តខិតខំប្រឹងប្រែងសំដៅធ្វើយ៉ាងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធាទ្វេភាគីឱ្យមានកម្រិតឈានឡើង ស្របតាមសុឆន្ទៈ និងគោលការណ៍របស់ថ្នាក់ដឹកនាំដែលផ្តល់សារៈសំខាន់ចំពោះចំណងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អជាមួយកងទ័ពកម្ពុជា៕

Share.