សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតី ពិធីបិទវគ្គបណ្ដុះបណ្ដាលបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៥ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៦ ខេត្តកំពង់ឆ្នាំង។

ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល បានឱ្យដឹងថារហូតមកដល់ពេលនេះ សាលានគរបាលភូមិភាគ៦បានបណ្ដុះបណ្ដាលសិស្សនគរបាលចំនួន ៦ ១១២នាក់ នារី៤៦៣នាក់ និងជាមធ្យមបណ្ដុះបណ្ដាលបាន៥០០នាក់ក្នុងមួយឆ្នាំ។

ឯកឧត្តមបន្តថានៅឆ្នាំ២០២២នេះ សាលានគរបាលជាតិភូមិភាគ៦ បានបណ្ដុះបណ្ដាលសិស្សនគរបាលជំនាន់ទី១៥ លើកទី១ ចំនួន១៨០នាក់ នារី២១នាក់ ជាសិស្សនគរបាលមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលបានប្រឡងជាប់ក្នុងក្របខណ្ឌឆ្នាំ២០២០។

តំណាងសិស្សនគរបាលបានឡើងថ្លែងសច្ចាប្រណិធាន និងធ្វើសម្បថចំពោះជាតិ សាសនា ព្រះមហាក្សត្រ ទេវតារក្សាស្វេតច្ឆត្រ និងចំពោះរាជរដ្ឋាភិបាលកម្ពុជា សុខចិត្តលះបង់គ្រប់បែបយ៉ាង ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ ស្មោះត្រង់ជានិច្ចចំពោះជាតិ មាតុភូមិ និងរាជរដ្ឋាភិបាល គោរពឱ្យបានដាច់ខាតនូវច្បាប់របស់រដ្ឋ វិន័យរបស់កងកម្លាំងនគរបាលជាតិ។

សិស្សនគរបាល១៨០នាក់ដែលបញ្ចប់ការសិក្សាវគ្គបឋមនៅថ្ងៃនេះ ស្ថិតក្នុងក្នុងចំណោមសិស្សនគបាលសរុប១១០៨នាក់ នារី១៤៣នាក់ដែលបានបណ្ដុះបណ្ដាលនៅសាលានគរបាលជាតិភូមិភាគទាំង៦នៅឆ្នាំនេះ។ ក្រុមការងារត្រយង នឹងបន្តផ្ដល់ជូននូវព័ត៌មានថ្មីៗបន្ថែមទៀត ពាក់ព័ន្ធនឹងការមានប្រសាសន៍សំណេះសំណាលពីសម្ដេចក្រឡាហោម ស ខេង ទៅកាន់អង្គពិធី៕

Share.