ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែង ចំណែកយុវជនម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាលឿនជ្រុលទៅបុកពីក្រោយរថយន្តសណ្តោងរុឺម៉កដឹកទំនិញ កំពុងចតឈប់ស្ងៀម។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ តាមផ្លូវបេតុង មុខបុរីវីខេ ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះទាំង២នាក់ ម្នាក់ស្លាប់នៅកន្លែងមានឈ្មោះ ហួត ធារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិត្រែង ឃុំស្តេចគង់ខាងជេីង ស្រុកបន្ទាយមាស ខេត្តកំពត ជាអ្នកបើកបរម៉ូតូ និងជនរងគ្រោះរបួសធ្ងន់ ឈ្មោះ ញ៉ មករា ភេទប្រុស អាយុ១៥ឆ្នាំ មុខបរកម្មករសំណង់ រស់នៅក្នុងភូមិត្រែង ឃុំស្ដេចគង់ខាងជេីង ស្រុក បន្ទាយមាស ខេត្តកំពត ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1R-4725 ឌុបគ្នាល្បឿនលឿនពីជើងទៅត្បូង ដល់ចំណុចកើតហេតុ វ៉ាក់អើ គេចមិនទាន់ក៏ជ្រុលបុកពីក្រោយ រថយន្តសណ្តោងរុឺម៉ក ដឹកទំនិញ កំពុងឈប់ចតស្ងៀម ម៉ាក FUSO ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3D-5961 បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តគ្លីនិកឯកជនម្លឹះប្រញាប់ប្រញាល់ ដឹកទាំងសព ទាំងជនរបួសយកទៅសង្គ្រោះ ព្រោះថាសព្វថ្ងៃសង្កេតឃើញ រថយន្តគ្លីនិកឯកជនចេញដឹកជនរងគ្រោះ ក្នុងករណីគ្រោះថ្នាក់ចរាចរ បណ្តាក់គ្នាព្រោងព្រាត ដណ្តើមគ្នាដឹក ពុំមានបច្ចេកទេសក្នុងការសង្គ្រោះបឋមឡើយ ចាប់លើក ចាប់សែង ទាំងគ្មានវិជ្ជាជីវៈជាអ្នកសង្គ្រោះ។

ករណីគ្រោះថ្នាក់ចរាចរខាងលើ សមត្ថកិច្ចតាមទៅរកសព រួចប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តនិងម៉ូតូ ប្រគល់ជូនការិយាល័យចរាចរជើងគោក ក្រុងភ្នំពេញ វាស់វែងយកទៅរក្សាទុក កសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទ៖ តាតុង សែនជ័យ

Share.