មណ្ឌលគិរី ៖ បុរសម្នាក់ជាជនជាតិពូនង (ព្នង) ហើយក៏ជាបុគ្គលិកអង្គការWWF បានស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរ រវាងរថយន្តបើកបុកជាមួយម៉ូតូក្នុងទិសដៅបញ្ច្រាសគ្នា កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៧៦ ទល់មុខរមណីយដ្ឋានចំការកាហ្វេ ចន្លោះគីឡូម៉ែត្រលេខ ១២៨-១២៩ ស្ថិតភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរខាងលើ រវាងរថយន្តម៉ាកRUBICCON ពណ៌ប្រផេះ ពាក់ស្លាកលេខ កម្ពុជា M.M 1818 បើកបរដោយឈ្មោះសួន ភា ហៅម៉ាប់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកជំនួញ ស្នាក់នៅបណ្តោះអាសន្ន នៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានទីលំនៅ ខេត្តព្រះវិហារ បានបុកជាមួយម៉ូតូច្រាសទិស ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ គ្នានស្លាកលេខ បើកបរដោយឈ្មោះ ត្រាញ់ ប្រិច ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិពូនង (ព្នង) មុខរបរបុគ្កលិកអង្គការWWF (អង្គការអភិរក្សសត្វព្រៃ) ផ្នែកស្រាវជ្រាវ រស់នៅក្នុង ភូមិទួល ឃុំមេម៉ង ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បណ្តាលឲ្យភាគីខាងម៉ូតូស្លាប់ភ្លាមៗនៅកន្លែង ។

ក្រោយកើតហេតុសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តនិងម៉ូតូ សមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក៕

អត្ថបទ៖ តាតុង​ សែនជ័យ

Share.