កីឡាករ Soukaphone Vongchiengkham ពាក់លេខ៧

កីឡាករ​បាល់ទាត់​​ Soukaphone Vongchiengkham ដែល​មាន​រហ្សនាម​ថា Messi ឡាវ សមាជិក​ក្នុង​ក្រុម​ជម្រើស​ជាតិ​ឡាវ​ បាន​ផ្ដល់​កិច្ច​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​វៀតណាម thethao247.vn ដោយ​បញ្ជាក់​ថា«ប្រទេស​ឡាវ​ទាំង​មូល​ នឹង​គាំទ្រ​ជម្រើស​ជាតិ​វៀតណាម ទៅ​ប្រកួត​​ជម្រុះ World Cup»។

បុរស​វ័យ​២៩​ឆ្នាំ​រូប​នេះ​ធ្លាប់​ដុះ​ចេញ​ពី​យុវជន​ថ្នាល​ក្លិប BEC Tero Sasana របស់​ប្រទេស​ថៃ ហើយ​កំពុង​ប្រកប​អាជីព​នៅ​ក្នុង​ក្លិប​Uthai Thani F.C សមាជិក​លីគ​ទី២​ប្រទេស​ថៃ (ធ្លាក់​ទៅ​លីគ​ទី៣)។ ចំណែក​ក្រុម​ជម្រើស​ជាតិ​ឡាវ វិញ​មិន​បាន​ឡើង​ដល់​ជម្រុះ​ជុំទី២ នៃពានរង្វាន់​បាល់ទាត់​ពិភពលោក 2022 FIFA World Cup និង​វគ្គ​ជម្រុះ​ពាន AFC Asian Cup 2023 ប្រចាំ​ទ្វីប​អាស៊ី ក្រោយ​ធ្លាក់​តាំង​ពី​វគ្គ​ជម្រុះជុំ​ទី១​ មក​ម៉្លេះ​ដោយ​ថ្វី​ជើង​​ក្រុម​បង់ក្លាដេស លទ្ធផល​ទាំង​២ជើង​១ទល់០។

ការ​លើក​ឡើង​របស់ Messi ឡាវ ខាង​លើ​គឺ​ចំពេល​ដែរ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​របស់​ប្រជាជាតិ​អាស៊ាន​ចំនួន​៤ ស្ថិត​នៅ​ក្នុង​ពូល G ជាមួយ​គ្នា ហើយ​ប្រកួត​ដែល​សេសសល់​ក្នុង​ពូល​នេះ​ធ្វើ​ឡើង​នៅ​ប្រទេស​អារ៉ាប់រួម។ ប្រទេស​អាស៊ាន​ទាំង​៤នោះ​មាន​វៀតណាម ម៉ាឡេស៊ី ថៃ និង​ឥណ្ឌូណេស៊ី។ វៀតណាម បច្ចុប្បន្ន​កំពុង​ឈរ​កំពូល​តារាង​ មាន​១១ពិន្ទុ ហើយ​ម៉ាឡេស៊ី លេខ២​មាន​៩ពិន្ទុ ក្រុម​លេខ៣ ថៃ មាន​៨ពិន្ទុ​ ក្រុម​អារ៉ាប់រួម លេខ៤​មាន​៦ពិន្ទុ និង​ឥណ្ឌូណេស៊ី បាត​តារាង​មិន​ទាន់​មាន​ពិន្ទុ។

Messi ឡាវ លើក​ឡើង​ថា៖«យើង​នៅ​តែ​គាំទ្រ​​ក្រុម​ជម្រើស​ជាតិ​វៀតណាម ដូច​ជា​មិត្ត​ស្និតស្នាល។ ពលរដ្ឋ​របស់​ប្រទេស​ទាំង​២​ដូចជា​បងប្អូន​គ្នា។ ដូច្នេះ​ហើយ​អ្នក​គាំទ្រ​នៅ​ប្រទេស​ឡាវ ចង់​ឱ្យ​វៀតណាម ឡើង​ផុត​វគ្គ​ជម្រុះ World Cup នេះ។ ក្រុម​ជម្រើស​ជាតិ​យើង (ឡាវ) មាន​កម្រិត​ខ្សោយ ហើយ​មិន​មាន​មហិច្ឆតា​ច្រើន​ក្នុង​ការ​ប្រកួត​នេះ​ទេ ហើយ​សហព័ន្ធ​កីឡា​បាល់ទាត់​ឡាវ ក៏​មិន​ខ្វល់​ច្រើន​ពី​រឿង​ហ្នឹង​ដែរ»។

កីឡាករ​កម្ពស់១.៥៦ម៉ែត្រ​​រូប​នេះ​បន្ត​ថា៖«យើង​តែងតែ​គាំទ្រ​ក្រុម​ជម្រើស​ជាតិ​វៀតណាម ​ការប្រកួត គ្រប់​ពាន​រង្វាន់​នានា​។ ច្បាស់​ថា​ណា​ថា​ឡាវ ទាំង​មូល​នឹង​ឈរ​ពី​ក្រោយ​ខ្នង​វៀតណាម​លើក​កម្លាំង​ចិត្ត​ឡើង​ទៅ​ជុំ​បន្ទាប់ ឬ​ឡើង​ទៅ World Cup តែ​ម្តង»។

វៀតណាម ដែល​កំពុង​ដឹកនាំ​ដោយ​គ្រូ​បង្វឹក​ជនជាតិ​កូរ៉េខាងត្បូង Park Hang-seo នឹង​ត្រូវ​ជួប​ក្រុម​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ហើយ​បន្ត​ជួប​ក្រុម​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា និង​ចុងក្រោយ​ប្រកួត​បិទពូល​ជាមួយ​ម្ចាស់​ផ្ទះ​អារ៉ាប់រូម នៅ​ថ្ងៃ​ទី​​១៥​ខែ​មិថុនា។ ការប្រកួត​ទាំង​អស់​នេះ​ធ្វើ​ឡើង​នៅ​ទីក្រុង​ឌូបៃ៕

Telegram-Troryorng
Share.