កីឡដ្ឋាន​ខេត្ត​កំពង់ស្ពឺ ដែល​​ចំណាយ​ថវិកា​ប្រមាណ​ជា​២លាន​ដុល្លារ​អាមេរិក ក្រោម​ជំនួយ​ឧបត្ថម្ភ​​ពី​មូល​និធិ​ណាហ្គាវើល និង​សប្បុរសជន​នានា បាន​​ប្រក់​ដំបូល​ ​ក្រាល​ស្មៅ​សិប្បនិមិត្ត និង​បំពាក់​ភ្លើង​បំភ្លឺ​រួចរាល់ហើយ។ នេះ​បើ​យោង​តាម​ការ​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​ កីឡដ្ឋានកំពង់ស្ពឺ-Kampong Speu Stadium នៅ ពាក់កណ្ដាល​ខែ​មិថុនា ឆ្នាំ​២០២២​នេះ។

កីឡដ្ឋាន​បាល់ទាត់​លក្ខណៈ​ស្តង់ដារ​នេះ​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤៤ ចម្ងាយ​ប្រមាណ៤​គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៤ នៅ​ភូមិ​តាម៉ុល សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ដែលសាងសង់លើផ្ទៃដីជាង៤ហិកតា។

ក្លិប​បាល់ទាត់​ណាហ្គាវើល សមាជិក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2022 មាន​ផែនការ​ប្រើប្រាស់​កីឡដ្ឋាន​នេះ​ធ្វើ​ជា​ទឹក​ដី​ប្រកួត​របស់​ខ្លួន​ក្នុង​ប្រកួត​នានា ក្នុង​ពេល​ខាង​មុខ បន្ទាប់​ពី​សាងសង់​រួចរាល់។

កន្លងមកឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ធ្លាប់បាន​បញ្ជាក់​ថា​ការ​កសាង​កីឡដ្ឋាន​នេះ​យ៉ាង​ហោច​ណាស់​ចំណាយពេលវេលា យ៉ាងតិច១៥ខែ ចាប់ពីថ្ងៃបុកគ្រឹះពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងមក។

តាម​ផែនការ​ការ​សាងសង់​កីឡដ្ឋាន​បាល់ទាត់​នេះ បែងចែក ជា២ដំណាក់កាល ដែល​ដំណាក់​កាល​ទី​១ គឺ​ជា​ការ​សាងសង់ ក្លោង​ទ្វារ​ធំចំនួន២ របងជុំវិញ សួនកុមារ និងទីលានរត់ កន្លែងអង្គុយ VIP ៣,០០០កៅអី ទីលាន​បាល់ទាត់ ដែល​បំពាក់​ដោយ​ភ្លើងបំភ្លឺទីលាន រួមជា​មួយការ​រៀបចំ​បរិវេណ​ជុំវិញ​ និង​ដំណាក់​កាល​ទី២ ជាការសាងសង់ កន្លែងអ្នកទស្សនាកើនដល់ ៦,០០០នាក់៕

Share.