ភូមិកីឡាអាចបម្រើឲ្យការស្នាក់នៅរបស់ប្រតិភូ អត្តពលិក មន្ត្រីបច្ចេកទេសជាច្រើនពាន់នាក់អំឡុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា និងការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។

ភូមិកីឡាគឺជាផ្នែកមួយនៃបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ កំពុងដំណើរការសាងសង់យ៉ាងមមាញឹកលើផ្ទៃដីប្រមាណ ៨ហិចតាដែលសាងសង់ជាបន្ទប់ និងខុនដូសរុបជាង ១,៧០០បន្ទប់ បំពាក់ដោយគ្រឿងបរិក្ខាទំនើបៗ។

ឯកឧត្តម វ៉ាត ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការជាតិ​អូឡាំពិកម្ពុជា បាន​លើក​ឡើង​ក្រោយ​ចុះ​ត្រួតពិនិត្យការសាងសង់​កាល​ពី​ពេល​ថ្មីៗថា៖«យើងមានផែនការល្អ ហើយអាចមានសង្ឃឹមច្រើនក្នុងការទទួលបាននូវចំនួនមួយដែលយើងអាចទុកចិត្តបាន ដូចជាចំនួន ៣ពាន់នាក់ជាង ៣ពាន់គ្រែជាង គឺយើងពឹងទៅលើផ្ទះ ឬក៏វីឡា ដែលកំពុងតែធ្វើការសាងសង់នេះក៏ឃើញថាជិតរួចរាល់ហើយអស់ដែរ។ ជាសំណងរឹងគឺជិតរួចរាល់អស់ហើយ សម្រាប់វីឡា ហើយនឹងផ្ទះ ក៏ប៉ុន្តែអ្វីដែលសំខាន់គឺជួយជំរុញអគារខុនដូ ដើម្បីឲ្យភាពកក់ក្ដៅកាន់តែបាន ១០០%។ យ៉ាងណាក៏ដោយផែនការ A គឺយកទាំងផ្ទះ-វីឡា ដែលបម្រុងទុកជាង ៣ពាន់គ្រែ បូកជាមួយជាន់ទី១ ទី២ ទី៣ ក៏ដោយ ឲ្យតែខុនដូធ្វើហើយ អ៊ីចឹងយើងបានចំនួនកាន់តែច្រើនហើយ ហើយក៏កាន់តែមានទំនុកចិត្តក្នុងការទទួលភ្ញៀវ ទទួលប្រតិភូកីឡាទាំងអស់នៅឆ្នាំ២០២៣»។

ឯកឧត្តម វ៉ាត ចំរើន បានបន្តថា ៖«មួយទៀតគឺនៅក្រោមអគារខុនដូ គឺមានទីធ្លាដែលយើងអាចរៀបចំជាកន្លែងទទួលទានអាហាររួមគ្នា គេហៅ ‘Dining Hall’ ស៊ីហ្គេមរបស់យើងបានក្នុងកម្រិត ៣ពាន់នាក់។ យើងធ្វើបានក្នុងកន្លែងនេះ អ៊ីចឹងជាការងាយស្រួលដោយគ្រាន់តែបំពាក់អ្វីដែលមានស្រាប់ និងតុបតែងទៅយើងអាចប្រើប្រាស់បាន។ នេះគឺជាការវិវឌ្ឍនៃការរៀបចំនេះ ហើយសង្ឃឹមហើយសង្ឃឹមទៀតថា ខែក្រោយខាងភាគីសាងសង់ និងក្រុមហ៊ុន World Bridge Sport Village នេះនឹងធ្វើការវាយតម្លៃម្ដងទៀត ទៅលើផែនការថាតើយើងទៅដល់កម្រិតណា ហើយយើងប្រើប្រាស់បានប៉ុនហ្នឹងអត់ អ៊ីចឹងវាយតម្លៃតែរឿងខុនដូនេះទេ។ អ្វីដែលយើងចង់បានគឺការកំណត់មួយជាក់លាក់ថា ក្រោយ ១ខែទៀតគឺយើងបានលទ្ធផល មានទំនុកចិត្ត ១០០%ទៅលើការសាងសង់ភូមិកីឡារបស់យើងនេះ»។

ឯកឧត្តមអគ្គលេខាធិការបានសង្កត់ធ្ងន់ថា ៖«តាមការពិតក្រុមហ៊ុនបានសន្យាថាខែ១ ឆ្នាំ២០២៣ នឹងប្រគល់ឲ្យចប់សព្វគ្រប់ទាំងអស់ ប៉ុន្តែអ្វីដែលយើងឃើញគឺមានការយឺតយ៉ាវមួយចំនួនហើយ។ អ៊ីចឹងដើម្បីកុំឲ្យមានការរាំងស្ទះដោយភាពយឺតយ៉ាវបន្តិចបន្តួចនេះ យើងត្រូវតែកម្រិតថា ខែក្រោយនេះកំណត់ថាយឺតយ៉ាវប៉ុណ្ណា ហើយយឺតយ៉ាងប៉ុនហ្នឹង យើងគណៈកម្មាធិការរៀបចំទទួលយកបានអត់ ហើយទទួលយកការរៀបចំបានកម្រិតណា ហើយសេសសល់ពីហ្នឹងយើងធ្វើអ្វីទៀត។ នេះហើយគឺជាភាពទន់ភ្លន់ ភាពបត់បែនរបស់ថ្នាក់ដឹកនាំយើង។

ឯកឧត្តមបណ្ឌិត ថោង ខុន បានមានប្រសាសន៍ហើយ ថាយើងធ្វើជា Plan A, Plan B, Plan C បើសិនជាយើងមានការរៀបចំទុកជាមុន គិតជាមុន យើងនឹងអាចដោះស្រាយបញ្ហាបាន ប៉ុន្តែផែនការ A គឺមានភាពវិជ្ជមានច្រើន ទោះបីជាយ៉ាងណាក៏អាចមានកម្រិតមួយ ៨០ទៅ៩០%ដែរ នៅក្នុងការមានទំនុកចិត្តរួចហើយក្នុងផែនការ A»៕

Share.