វីដេអូមួយដែលធ្វើឲ្យភ្ញាក់ផ្អើលលើបណ្ដាញសង្គម ជុំវិញកម្មកររត់ប្រសាចចេញពីរោងចក្រ ដោយមានការពិពណ៌នាថា ពួកគេបានភ័យខ្លាចជំងឺកូវីដ១៩ ក្រោយពីតេស្ដរកឃើញអ្នកវិជ្ជមានកូវីដ១៩ ក្នុងរោងចក្រដំឡើង ទោចក្រយាន អេ អេន ជេ ក្នុងតំបន់ពិសេសតាយសេង១ ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ក្រោយធ្លាយវីដេអូនេះ ក៏មានការចោទសួរតើ វីដេអូនេះជាការពិត ឬមិនមែន?

ផ្អែកតាមរដ្ឋបាលខេត្តស្វាយរៀង បានបញ្ជាក់ថា កាលព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ មានកម្មករម្នាក់ធ្វើការនៅក្នុងរោងចក្រដំឡើង ទោចក្រយាន អេ អេន ជេ (ខេមបូឌា) ក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង ១ ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត មានអាការសង្ស័យចូលក្នុងនិយមន័យកូវីដ-១៩ បានស្ម័គ្រចិត្តទៅយកវត្ថុវិភាគសំណាក ធ្វើតេស្តរហ័ស នៅប៉ុស្តិ៍យកសំណាកក្រុងបាវិត ជាលទ្ធផលវិជ្ជមានកូវីដ-១៩។

ប្រភពដដែលបានសរសេរទៀតថា ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកជំងឺកូរីដ-១៩ខេត្ត សហការជាមួយ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានចុះយកវត្ថុវិភាគសំណាកអ្នកប៉ះពាល់ផ្ទាល់ចំនួន ០៩នាក់ លទ្ធផល វិជ្ជមានកូវីដ-១៩ ចំនួន ០៣នាក់ នៅក្នុងរោងចក្រខាងលើ ។ ក្រុមការងារបានបន្តយកវត្ថុវិភាគសំណាក អ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ នៅអគារផ្នែកខាងមុខចំនួន ១៤៥នាក់ ជាលទ្ធផលវិជ្ជមានកូវីដ-១៩ ចំនួន ៥៤នាក់។

ក្រោយពីពិនិត្យឃើញវិជ្ជមានកូវីដ១៩ ដូចការរៀបរាប់ខាងលើ ក្រុមការងារបានសហការជាមួយរោងចក្រធ្វើការស្រាវជ្រាវរកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល នៅអគារផ្សេងទៀត ដើម្បីធ្វើការវាយតម្លៃកម្រិតហានិភ័យនៃការឆ្លងក្នុងរោងចក្រទាំងមូល ប៉ុន្តែដោយសារមានការភិតភ័យ និងស្របពេលដល់ម៉ោងចេញពីធ្វើការ បងប្អូនកម្មករ កម្មការិនី នៅអគារដទៃទៀត ក៏បាននាំគ្នាចេញពីរោងចក្រ ទោះបីជាក្រុមការងារបានខិតខំពន្យល់ណែនាំពីការយកវត្ថុវិភាគសំណាករកមេរោគ កូវីដ-១៩ ណែនាំអំពីការថែទាំសុខភាព និងផលប៉ះពាល់នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងការធ្វើ ចត្តាឡីស័កតាមដានសុខភាព ប៉ុន្តែបងប្អូនជឿតាមការញុះញង់ និងការបំផុសបំផុលក៏បាននាំគ្នាធ្វើដំណើរ ចេញពីរោងចក្រតែម្ដង ។

ផ្អែកតាមស្ថានភាពនេះ រដ្ឋបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់គ្រប់គ្រង បងប្អូនកម្មករ កម្មការិនី ដែលបម្រើការងារនៅរោងចក្រដំឡើងទោចក្រយាន អេ អេន ជេ(ខេមបូឌា) នៅក្នុង តំបន់សេដ្ឋកិច្ចពិសេស តាយ សេង ១ ដែលចេញពីរោងចក្រមុនការពិនិត្យវាយតម្លៃលើកម្រិតហានិភ័យ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តម្រូវឱ្យធ្វើចត្តាឡីស័ក នៅតាមផ្ទះរៀងៗខ្លួន និងត្រូវតាមដានសុខភាពជាប្រចាំ ។ ប្រសិនបើមានអាការខុសប្រក្រតី ដូចជា ក្ដៅខ្លួន, ក្អក, កណ្ដាស់, ឈឺបំពង់ក, ពិបាកដកដង្ហើម សូមផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក ឬទំនាក់ទំនងមកកាន់លេខ ទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ /០៤៤ ៧១២ ៥២២ ៕

Telegram-Troryorng
https://t.me/troryorngmedia

Share.