សៀមរាប ៖ រថយន្តព្រុសមួយគ្រឿង បើកបរដោយបុរសម្នាក់ និងរួមដំណើរជាមួយស្ត្រីម្នាក់ សង្ស័យស្រវឹងស្រា បើកបោះពួយល្បឿនលឿន ជ្រុលទៅបុករង្វង់មូល បង្គោលភ្លើង ផ្លោងដាច់ជា២កំណាត់ ខ្ទាតខ្ចាយបំណែករាយប៉ាយពេញផ្លូវ អ្នកបើកបរផ្លោងហោះជាច្រើនម៉ែត្រធ្លាក់ចូលក្នុងដីឡូត៍ម្ខាងទៀត បណ្តាលឲ្យស្លាប់ ចំណែកស្ត្រីរួមដំណើររងរបួសធ្ងន់ធ្ងរ ហើយបានស្លាប់ពេលដឹកបញ្ជូនដល់គ្លីនិកឯកជន បង្កឲ្យភ្ញាក់ផ្អើល ទាំងពលរដ្ឋ ទាំងសមត្ថកិច្ច ក្រោយឃើញសភាពនៃរថយន្ត ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ក្បែរសាលារៀនសម្តេចឪ ចំណុចភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។

តាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កគ្រោះថ្នាក់ ម៉ាកព្រុស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-8122 អ្នកបើកបរប្រើប្រាស់គ្រឿងស្រវឹង រួមដំណើរជាមួយស្ត្រីម្នាក់ បើកបរល្បឿនលឿន ពីកើតទៅលិច ដល់ចំណុចកើតហេតុ ជ្រុលទៅបុករង្វង់មូល បង្គោលភ្លើង បាក់ដាច់តួរជាពីរកំណាត់ ធ្លាក់បំណែករាយប៉ាយពេញផ្លូវ អ្នកបើកបរផ្លោងហោះទៅធ្លាក់ចូលក្នុងដីឡូត៍ម្ខាងទៀត រីឯស្ត្រីរួមដំណើររងរបួសធ្ងន់ ហើយបានស្លាប់ក្រោយដឹកដល់គ្លីនិកឯកជន សុឹង រិទ្ធីរ៉េត ។

ជនរងគ្រោះជាអ្នកបើកបររថយន្ត ឈ្មោះ ទី សុធា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅដល់ទីតាំងកើតហេតុ ពិនិត្យសភាពជាក់ស្តែង សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯរថយន្តខ្ទេចខ្ទីអស់ សល់តែបំណែកៗ សមត្ថកិច្ចប្រមូលយកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក ស្នងការខេត្ត កសាងសំណុំរឿងតាមនីតិវិធី ៕

Share.