ត្រឹម​តែ​មួយ​ភាគ​ដំបូង​រឿង​ «My Roommate is a Gumiho» របស់​ទូរទស្សន៍​ TVN ទាក់​ចិត្ត​អ្នក​ទស្សនា​បាន​យ៉ាង​ច្រើន​ព្រោះ​តែ​សាច់​រឿង​ជក់​ចិត្ត​ពិសេស​មាន​ទាំង​សំណើច​និង​មនោសញ្ចេតនា​។​

យោង​តាម​ Media outlets កាល​ពីម្សិលមិញ​នេះ(២៦​ ឧសភា​)​​ ​ទូរទស្សន៍​ខ្សែ​កាប​ TVN បាន​បញ្ចាំង​ភាគ​ដំបូង​នៃ​រឿង​ ​ «My Roommate is a Gumiho» ​ឬ ​«មិត្ត​រួម​បន្ទប់​ខ្ញុំ​ជា​កញ្ជ្រោង​កន្ទុយ​៩​»។​ គ្រាន់​តែ​បញ្ចាំង​មួយ​ភាគ​ប៉ុណ្ណោះ​អត្រា​អ្នក​ទស្សនា​​គិត​ជា​ភាគ​រយ​ទូទាំង​ទីក្រុង​មាន​ចំនួន ​៥.៩% នឹង​ឡើង​ខ្ពស់​បំផុត​រហូត​ដល់​ ៦.៦%​។ ខណៈ​ចំនួន​ទស្សនា​គិត​ជា​ភាគ​រយ​មាន​ចំនួន ​៥.៣% ហើយ​ឡើង​ខ្ពស់​បំផុត​រហូត​ដល់ ៥.៧%។ រឿង​ភាគ​ថ្មី​របស់ ​«TVN» នេះ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​៤​ ក្នុង​ចំណោម​រឿង​បញ្ចាំង​នៅ​ក្នុង​ថ្ងៃ​ ពុធ​-ព្រហស្បតិ៍​។

ភាគ​ទី​មួយ​នៃ​រឿង​នេះ​បង្ហាញ​ពី​ Lee Dam (សម្ដែង​ដោយ​ Hyeri) ក្មេង​ស្រី​កើត​ឆ្នាំ​១៩៩៩​ ចៃដន្យ​បាន​លេច​ត្បូង​គុជ​កញ្ជ្រោង​អាយុ​៩៩៩​ Shin Wo Yeon (សម្ដែង​ដោយ​ Jang Ki Yong) ព្រោះ​ហេតុនេះ​ធ្វើ​ឱ្យ​អ្នក​ទាំងពីរ​ក្លាយ​ជា​មិត្ត​រួម​បន្ទប់​ត្រូវ​ស្នាក់​នៅ​ជាមួយ​គ្នា​។ ត្បូង​គុជ​កញ្ជ្រោង​គឺ​ជា​ក្ដី​សង្ឃឹម​ចុង​ក្រោយ​ដែល​ជួយ​ឱ្យ​ Shin Woo Yeon ក្លាយ​ជា​មនុស្ស​ ព្រោះ​គេ​គឺ​ជា​កញ្ជ្រោង​កន្ទុយ​៩​។ ថ្ងៃ​មួយ​ Lee Dam ខូច​ចិត្ត​រឿង​ស្នេហា​ផឹក​ស្រា​ស្រវឹង​ខ្លាំង​ ប៊ិះ​នឹង​ធ្លាក់​ សំណាង​ល្អ​បាន​ Shin Woo Yeon ជួយ​កុំ​ឱ្យ​នាង​ធ្លាក់​តែ​ចៃដន្យ​អាក្រក់​ Lee Dam វាយ​ក្បាល​ពោះ​របស់​ Shin Woo Yeon ធ្វើ​ឱ្យ​ត្បូង​គុជ​កញ្ជ្រោង​របស់​គេ​ធ្លាក់​ចូល​ទៅ​ក្នុង​មាត់​របស់​នាង​។ នៅ​ពេល​ដែល​ Lee Dam ដឹង​ខ្លួន​ Shin Woo Yeon បាន​បង្ហាញ​រូបរាង​ពិត​ជា​កញ្ជ្រោង​កន្ទុយ​ ​៩​ឱ្យ​នាង​បាន​ឃើញ​ ហើយ​ស្នើ​សុំ​ឱ្យ​ពួក​គេ​រស់​នៅ​ជាមួយ​គ្នា​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ជាមួយ​គ្នា​។​

ភាពយន្ត​ភាគ​​ ​«​My​ ​Roommate​ ​is​ ​a​ ​Gumiho​» ​ជា​រឿង​ដែល​ថត​តាម​លំនាំ​ Webtoon ដ៏​ពេញ​និយម​ដែល​មាន​ឈ្មោះ​ដូច​គ្នា​​។ ​ភាគ​ដំបូង​នេះ​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​ទស្សនា​ព្រោះ​តែ​ការ​សម្ដែង​ដ៏​ស៊ី​ចង្វាក់​និង​ភាព​ស័ក្ដិសម​គ្នារវាង​តួ​អង្គ​ឯក​ទាំង​ពីរ​ ជា​ពិសេស​គឺ​ចំណុច​សង្ស័យ​និង​ចំណោទ​បញ្ហា​ដែល​ទាញ​ឱ្យ​អ្នក​ទស្សនា​មាន​ចម្ងល់​ហើយ​តាមដាន​ភាគ​បន្ទាប់​ចង់​ដឹង​ថា​រឿងរ៉ាវ​បន្ទាប់​នឹង​ទៅ​ជា​យ៉ាង​ណា​?

Telegram-Troryorng

Share.