ពីវេទិកាអធីបតីនៃពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តពោធិរង្ស៊ី ហៅវត្តត្រពាំងទទឹម ស្ថិតក្នុងភូមិត្រពាំងទឹម ឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ណែនាំបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់នៃគណបក្សប្រជាជនកម្ពុជាដែលឈ្នះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យខិតខំប្រឹងប្រែងបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋជាម្ចាស់ឆ្នោតរបស់ខ្លួនឱ្យបានល្អ និងមានកិច្ចសហការរួមគ្នាធ្វើការជាមួយបេក្ខជននៃគណបក្សផ្សេងទៀត ប្រសិននៅឃុំ សង្កាត់ណាមួយនោះមានគណបក្សផ្សេងឈ្នះបានអាសនៈឃុំ សង្កាត់ខ្លះដែរ។

សម្ដេចក្រឡាហោមបន្តថា«ខ្ញុំស្នើថាកុំអួត កុំអាង កុំឆ្មើង កុំឆ្មៃ ហើយកុំដាក់ដង ដាក់ផ្លែ[ផ្កា]ជាមួយអ្នកមិនជោគជ័យ ឬក៏ថាអ្នកមិនឈ្នះ ឬក៏ថាអ្នកដែលចាញ់ កុំឱ្យសោះ កុំ អត់មានប្រយោជន៍ទេ គ្មានបានប្រយោជន៍អីទេ បំរើតែមហិច្ចតាខ្លួនឯង គំនិតខ្លួនឯងប៉ុណ្ណឹងទេ ប៉ុន្តែឱ្យសម្រាប់សង្គមវាអត់មានទេ។ អុីចឹងហើយចំពោះអ្នកហ្នឹងយើងរឹតតែធ្វើល្អដាក់គាត់ទៀត ដើម្បីឱ្យឃើញថានយោបាយគណបក្សប្រជាជនមិនមានការរើសអើងទេ[…. ]ភ្លើងទៀនក៏ដោយ ភ្លើងធូបក៏ដោយ [បោះឆ្នោតហើយ]យើងធ្វើការជាមួយគ្នាទៅ សុទ្ធតែខ្មែរដូចគ្នាទេ»។

ជាមួយគ្នានេះ សម្ដេចបានមានប្រសាសន៍ថាក្រុមប្រឹក្សាឃុំ សង្កាត់ដែលឈ្នះការបោះឆ្នោតត្រូវសងគុណប្រជាពលរដ្ឋ គិតឱ្យជ្រៅជ្រះ កុំថាខ្លួនឯងខ្លាំងទើបឈ្នះឆ្នោត។ សម្ដេចបន្តថា«យើងខ្លាំងបានគឺដោយសារពលរដ្ឋបោះឆ្នោតទេ។ ម្ចាស់សិទ្ធិ ម្ចាស់អំណាច ឱ្យយើងធ្វើមេឃុំនេះគឺពលរដ្ឋ។ ដូច្នេះត្រូវបំរើពួកគាត់ឱ្យអស់ពីលទ្ធភាព»។ សម្ដេចបន្តថាក្នុងនាមជាអាជ្ញាធរត្រូវធ្វើឱ្យពលរដ្ឋមានទំនុកចិត្ត ដ្បិតមិនមែនគ្រាន់តែបោះឆ្នោតឱ្យនោះទេ ពលរដ្ឋថែមទាំងផ្ដល់ប្រាក់ខែជូនទៀត តាមរយៈប្រាក់ខែរដ្ឋដែលក៏ជាប្រាក់របស់ពលរដ្ឋ»។

សូមបញ្ជាក់ថានៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥កន្លងទៅថ្មីៗនេះ គណបក្សប្រជាជនកម្ពុជាបានឈ្នះអាសនៈក្រុមប្រឹក្សឃុំ សង្កាត់ យ៉ាងច្រើនលើសលុប ពោលគឺឈ្នះអាសនៈមេឃុំ ចៅសង្កាត់ស្ទើរតែគ្រប់ឃុំ សង្កាត់ទូទាំងប្រទេសតែម្ដង។ តាមលទ្ធផលឋម ក្នុងចំណោមគណបក្សនយោបាយ១៧នោះ គណបក្សភ្លើងទៀនវិញ ក៏ឈ្នះបានអាសនៈមេឃុំចំនួន៤ និងមានបេក្ខជនខ្លះឈ្នះបានអាសនៈសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់មួយចំនួនដែរ៕

Share.