ក្លិបបាល់ទាត់ណាហ្គាវើលដ៍ បានប្រកាសនាំចូលខែ្សការពារកណ្តាលវ័យក្មេង ញឹម លីហួរ ពីក្លិបបាល់ទាត់ខេត្តព្រៃវែង ក្រោមកិច្ចព្រមព្រៀងខ្ចីជើងរហូតដល់ចប់រដូវកាល២០២២។

មុនផ្លាស់ទៅកាន់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ក្នុងលក្ខខណ្ឌខ្ចីជើង ខ្សែការពារវ័យ២០ឆ្នាំរូបនេះក៏ធ្លាប់ត្រូវបានក្លិបបាល់ទាត់វិសាខា ខ្ចីជើងម្តងដែលកាលពីឆ្នាំ ២០២១ ប៉ុន្តែហាក់ពុំសូវមានឱកាសបង្ហាញខ្លួនឡើយ ពោលភាគច្រើនគឺស្ថិតនៅកៅអីបម្រុង។

គួររំលឹកផងដែរថាកីឡាករ ញឹម លីហួរ បានចូលរួមចំណែកជួយ ក្លិបបាល់ទាត់ខេត្តព្រៃវែងក្លាយម្ចាស់ជើងឯកពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន លើកទី១៤ ឆ្នាំ២០២០ ថ្នាក់ខេត្ត និង​ចំណាត់ថ្នាក់លេខ៣ថ្នាក់ជាតិ និងជើងឯកលីគលំដាប់ទី២កម្ពុជាឆ្នាំ២០២០។

ទីផ្សារដោះដូរកីឡាករក្នុងពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល២០២២ ជើងទី២ ចាប់ផ្ដើមបើកទ្វាពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ តទៅហើយ ដែល​រយៈពេល​ប្រមាណ​១​ខែ ​ដើម្បីឱ្យក្លិបទាំង៨អាចបន្ថែម ឬ ដកសមាជិក​ចេញ​ត្រៀម​ខ្លួន​ប្រកួត​ប្រជែង​ពាក់កណ្ដាល​រដូវកាល​ទៀត​ដែលនៅសេសសល់៕

Share.