សម្រាប់អ្នកដែលទស្សនាភាពយន្តឯកសារជីវិតរបស់ក្រុមចម្រៀង ៣នាក់បងប្អូន គឺ SUFFER ដែលមានចំណងជើងថា «ជីវិត៣តន្ត្រីតែមួយ» ប្រាកដណាស់ជាជក់ចិត្តចំពោះការរៀបរាប់ពីជីវ​ប្រវត្តិរបស់សាមជិកក្រុមតន្ត្រីនេះ។

បើទោះបីជាហ្វេន ឬអ្នកមិនទាន់បានស្គាល់អំពីក្រុម SUFFER នៅពេលពួកគេបានទស្សនាភាពយន្ត​ឯកសារមួយនេះហើយ ច្បាស់មែនទែនពួកពិតជាលង់ចិត្តចង់គាំទ្រ SUFFER ដោយមិនដឹងខ្លួន នូវអ្វីដែល SUFFER កំពុងធ្វើ និងកំពុងបង្ហាញពីសមិទ្ធផលកើតចេញពីការតស៊ូរបស់ពួកគេ។

តើអ្នកដឹងទេថា ចុះអ្នកណាអីក៏ពូកែម្លេះក្នុងការផលិតភាពយន្តឯកសារមួយនេះ គ្រាន់តែទស្សនាបានម្ដងសោះក៏ស្ញើចសរសើរអីដល់ម្លឹងទៅ? ចង់ស្គាល់ខ្លាំងណាស់មែនទេ ថ្ងៃសារព័ត៌មានត្រយងសូមបង្ហាញមុខ ផលិតករកុន ឬអ្នកជំនាញកុនឯកសារឆ្នើមមួយរូបដែលមានឈ្មោះថា សុខ ចានរ៉ាដូ ដែលលោកមានស្នាដៃជាច្រើនក្នុងវិស័យភាពយន្តខ្មែរ និងជាទីលើកទឹកចិត្តដល់អ្នកផលិតកុនខ្មែរជំនាន់ក្រោយឱ្យកាន់តែមានកម្លាំងចិត្តស្រឡាញ់ការផលិតភាពយន្ត​​ឯកសាររបស់ខ្មែរ។

ជាមួយស្នាដៃដែលទើបតែបញ្ចេញចុងក្រោយនេះ ភាពយន្តឯកសារ «ជីវិត៣តន្ត្រីតែមួយ» លោក សុខ ចាន់រ៉ាដូ បានលើកឡើងថា ជំហ៊ានដំបូងដែលលោកចាប់ផ្ដើមគិត ដើម្បីធ្វើភាពយន្ត​ឯកសារឱ្យក្រុមចម្រៀង SUFFER នោះគឺពាក្យថា តន្ត្រី ។ ចេញ​ពីពាក្យគន្លិះមួយនេះ លោកចាប់ផ្ដើមស្រម៉ៃថា តើភាពយន្ត​ឯកសារដែលលោកគម្រោងថតនោះ ចង់បង្ហាញពីអ្វីខ្លះទៅកាន់ហ្វេន ឬក៏មហាជនឱ្យស្គាល់អ្វីពីទៅជា តន្ត្រី និង SUFFER ?។ លោក សុខ ចានរ៉ាដូ បានសម្លឹងឃើញថា SUFFER មានសមាជិក ៣នាក់បងប្អូន ហើយសុទ្ធតែជាអ្នកស្រឡាញ់ និងប្រឡូកក្នុងសិល្បៈតន្ត្រីដូចគ្នា ហើយតាមជំនាញរៀងខ្លួនមាន ដៃស្គរ ដៃហ្គីតាបាស់ និងដៃហ្គីតាសូឡូ។ ក្រៅពីបងប្អូនទាំង៣ជាអ្នកសិល្បៈហើយ សូម្បីតែក្រុមគ្រួសារ រាប់តាំងពីឪពុក ម្ដាយ និងប្អូនស្រី ក៏ជាអ្នកសិល្បៈដែរ និយាយទៅគឺជាចង្កោមគ្រួសារអ្នកសិល្បៈតែម្ដង។

ភាពយន្តនេះមិនមែនឆ្លុះបង្ហាញតែពីប្រវត្តិរូបក្រុមគ្រួសារសិល្បៈមួយនេះឱ្យមហាជនបានជ្រាបទេ លោក សុខ ចានរ៉ាដូ បង្ហាញថា ការតស៊ូ ការពុះពារជម្នះឧសគ្គក្នុងជីវិត និងការផ្សះផ្សារគ្នាដែលបងប្អូនទាំង ៣នាក់នេះធ្លាប់ឆ្លងកាត់ ក៏ជាបទពិសោធន៍ល្អសម្រាប់ឱ្យមហាជនទទួលយកដែរ។ ខ្សែជីវិតឆ្លងកាត់មក ២០ឆ្នាំជាង តែត្រូវបានផលិតករភាពយន្ត​ឯកសាររូបនេះ សម្រាយយ៉ាងសង្ខេបឱ្យទស្សនាត្រឹមតែ ២៤ នាទីតែប៉ុណ្ណោះ។​ ចុះសួរថា តើផលិតបែបម៉េច លំបាកទេ? ពិតណាស់ហើយ គឺលំបាកខ្លាំងណាស់ កត្តាពេលវេលាផង ចំណាយពេលស្រាវជ្រាវផង ចងក្រងឯកសារផង នោះគឺមិនងាយនឹងឱ្យផលិតចេញបានយ៉ាងល្អបែបនេះណាស់។

ចំនុចសំខាន់ក្នុងភាពយន្ត​ឯកសារ«ជីវិត៣តន្ត្រីតែមួយ» លោក សុខ ចានរ៉ាដូ បន្តថា ក្រុមចម្រៀង SUFFER ធ្លាប់ដើរដល់ចំណុចរកាំរកូសហើយបែកបាក់សាមគ្គីភាពគ្នា ក៏ប៉ុន្តែអ្វីដែលមិនអាចកាត់ផ្ដាច់បានគឺឈាមជ័រជាបងប្អូន ដែលចំណុចនេះធ្វើឱ្យ SUFFER បោះជំហ៊ានបានដល់ទៅ ១០ឆ្នាំក្នុងវិស័យតន្ត្រីបងប្អូន។ ផ្ទុយពីក្រុមតន្ត្រីដទៃដែលមិនមែនជាបងប្អូនគ្នា កាលបើបំបែកក្រុមហើយ កម្រណាស់ដែលឃើញពួកគេងាកមកចាប់ដៃគ្នាវិញ ហើយមានខ្លះទៀត សឹងតែមិនមើលមុខ និងមិននិយាយរកគ្នាទៀតផង។ ទាំងអស់នេះហើយដែលលោក សុខ ចានរ៉ាដូ លើកយកមកបង្ហាញអ្វីដែលក្រុមចម្រៀង SUFFER មាន ចេញពីបទពិសោធន៍ជីវិតផ្ទាល់ឱ្យអ្នកទាំងអស់គ្នាទស្សនា។

ក្រៅពីស្នាដៃភាពយន្តឯកសារ «ជីវិត៣តន្ត្រីតែមួយ» លោក សុខ ចានរ៉ាដូ ក៏មានស្នាដៃមួយរឿងទៀតដែលមិនអាចមើលរំលងបានគឺរឿង «សំឡេងរាត្រី» ជាភាពយន្ដខ្លីដែលរម្លឹកពីអតីតកាលនៃការចងចាំជាង២០ឆ្នាំមុនរបស់លោកផ្ទាល់ធ្លាប់ជាអតីតក្មេងប្រុសរស់នៅក្នុងអគារប៊ូឌីង។ ភាពយន្តនេះ នឹងបង្ហាញខ្លួនក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១១ ឆាប់ៗនេះ បន្ទាប់ពីដើរបញ្ចាំងនៅក្រៅជាង ១០ ប្រទេសរួចមកហើយ៕

សូមទស្សនាវីដេអូនេះ ៖

Share.